ជប៉ុន ផ្ដល់​ប្រាក់​ជំនួយ​ដល់​និស្សិត​បរទេស​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida

រាជរដ្ឋាភិបាល​ជប៉ុន ផ្ដល់ប្រាក់​ជំនួយ​ដល់​និស្សិត​អន្តរជាតិ​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ម្នាក់ ៨៦០ ដុល្លារ​អាម៉េរិក នៅពេល​ពួកគេ​ចូលមក​សិក្សា​នៅ​ប្រទេស​នេះ នៅក្នុង​ខែមីនា។

សារព័ត៌មាន NHK កាលពី​ថ្ងៃទី ១០ មីនា បានឱ្យដឹងថា និស្សិត​គ្រប់រូប​ដែល​ចូលមក​សិក្សា​ក្នុង ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃនេះ​ដល់​ចុងខែ នឹង​ទទួលបាន​ជំនួយ​ជា​ប្រាក់ ១០០,០០០ យ៉េន (៨៦០ ដុល្លារ​អាម៉េរិក) បើសិន​ជាមាន​លក្ខខណ្ឌ​គ្រប់គ្រាន់។ ខ្ទង់​ជំនួយ​នេះ​ត្រូវបាន​ប្រគល់ជូន​និស្សិត​ដែល​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច ដោយសារតែ​ពិបាក​រក​ការងារ​បន្ថែម ព្រោះ​ផលប៉ះពាល់​ពី កូ​វីដ-១៩ ឬ​មូលហេតុផ្សេង។

ជប៉ុន បាន​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​ព្រំដែន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល ចាប់ពី​ថ្ងៃទី ១ មីនា ដោយ​អនុញ្ញាតឱ្យ​ជនបរទេស​មិនមែនជា​ទេសចរ ចូលមក​ប្រទេស​នេះ។

ប្រាក់​ជំនួយ ៨៦០ ដុល្លារ/និស្សិត​ម្នាក់​ខាងលើនេះ នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​និស្សិត​នៅ​ចុងខែ​នេះ ក្រោយពី​ក្រុមមន្ត្រី​ជប៉ុន បាន​ពិនិត្យ​ពាក្យ​ចុះឈ្មោះ​រួចរាល់។

ជប៉ុន បច្ចុប្បន្ន មាន​គម្រោង​អនុញ្ញាតឱ្យ​និស្សិត​បរទេស​ប្រហែល ១០,០០០ នាក់ ចូលមក​ប្រទេស​នេះ​ជា​រៀងរាល់​សប្ដាហ៍ នៅក្នុង​ផែនការ​គោលដៅ​ទទួល​និស្សិត ១១០,០០០ នាក់ ដែល​ធ្លាប់​ត្រូវបាន​ជប៉ុន​បដិសេធ ព្រោះ​វិបត្តិ​សុខភាព។ គម្រោង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ខែមីនា នៅពេល​វិធានការ​រឹតបន្តឹង​ព្រំដែន​ត្រូវបាន​បន្ធូរបន្ថយ​ជា​បន្ត៕

Advertisement