មហា​សេដ្ឋី Elon Musk និង Mark Zuckerberg បានបញ្ជាក់​រួចហើយ៖ បើ​មិនបាន​បំពេញ​កិច្ចការ ៥ យ៉ាងនេះ​ទេ ជោគជ័យ​នឹងមិន​ទុក​កន្លែង​ឱ្យ​យើង​ឡើយ!

ការចាកចេញ​ពី​អេក្រង់​ទូរស័ព្ទ ការ​ចេញពីផ្ទះ​ទៅខាង​ក្រៅ ការដើរ​ដោយ​ថ្មើរជើង និង​ការគិត​ពិចារណា​ជាដើម គឺជា​ប្រការ​ដែល​មើលទៅ​ដូចជា​សាមញ្ញ ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់​ដែល​ធ្វើបាន។

ខាងក្រោម​នេះ​គឺជា ៥ ប្រការ ដែល​យើង​គួរ​ធ្វើឱ្យបាន​រាល់ថ្ងៃ បើសិន​ចង់​ជោគជ័យ៖

អាន​សៀវភៅ​ទាក់ទង​នឹង​វិស័យផ្សេងៗ

នេះ​គឺជា​វិធី​ដែល​យើង​អាច​មើលឃើញ​បទ​ពិសេស​ពី​ជ្រុង​មួយ​ទៅ​ជ្រុង​មួយ និង​យល់​ពី​ស្ថានភាព​សង្គម​បាន​កាន់តែច្រើន ដែលជា​កត្តា​សំខាន់​ជួយ​ឱ្យ​យើង​ក្លាយជា​បុគ្គល ឬ​មេដឹកនាំ​ល្អ។ ក្រៅពី​ជំនាញ យើង​ក៏​គួរតែ​ពង្រីក​ចំណេះដឹង​ទៅក្នុង​វិស័យផ្សេង។

វា​មិនមែនជា​រឿង​ចៃដន់​ឡើយ ដែល​មហាសេដ្ឋី Elon Musk មាន​ទម្លាប់​អាន​សៀវភៅ​ស្ដីពី​បច្ចេកវិទ្យា​បែប​ប្រឌិត និង​ប្រវត្តិ​សង្ខេប​របស់​បុគ្គលល្បី។ នៅក្នុង​ទស្សនាវដ្ដី​មួយ​កាលពី​ច្រើន​ឆ្នាំមុន លោក Musk បានឱ្យដឹងថា «ខ្ញុំ​ត្រូវបាន​ចិញ្ចឹម​ដោយ​សៀវភៅ ហើយ​ពិតណាស់​រួមទាំង​ឪពុកម្ដាយ​របស់ខ្ញុំ​ផងដែរ»។

យោងតាម​លោក Musk ការអាន​សៀវភៅ​ដែល​ទាក់ទង​នឹង​វិស័យផ្សេងៗ នឹង​ជួយ​ឱ្យ​យើង​មានចំណេះដឹង​កាន់តែ​សម្បូរបែប ទាំង​ក្នុង​ការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ។

ចាកចេញ​ផុតពី​តំបន់​សុវត្ថិភាព

ក្នុង​ជីវភាព មនុស្ស​គ្រប់រូប​មិនមែន​សុទ្ធ​តែមាន​ភាពក្លាហាន​ក្នុង​ការធ្វើ​កិច្ច​ការដែល​ស្ថិតនៅ​ក្រៅពី​តំបន់​សុវត្ថិភាព​របស់ខ្លួន។ បើសិនជា​មិនបាន​ធ្វើ​រឿងនេះ នោះ​មានន័យថា យើង​មិនអាច​ឆ្ពោះទៅមុខ​បាន​ឆ្ងាយ។

បើសិនជា​មិន​ហ៊ាន​ឡើង​និយាយ​នៅ​ចំពោះមុខ​ហ្វូងមនុស្ស ចូរ​រក​វិធី​ដើម្បី​យកឈ្នះ​លើ​ការភ័យខ្លាច​នេះ ដោយ​ការស្ម័គ្រចិត្ត​ឡើង​បញ្ចេញមតិ​នៅក្នុង​អង្គប្រជុំ បើទោះជា​យើង​ភ័យ​រហូតដល់​បែកញើស។

Mark Zuckerberg ដែលជា​ម្ចាស់ Facebook បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការរៀន​ភាសា​ចិន ដើម្បី​អាច​និយាយ​សភា​នេះ​បានជា​មួយ​ភរិយា​របស់គាត់​ដែលមាន​ដើមកំណើត​ចិន។ ភាពភ័យខ្លាច និង​វឌ្ឍនភាព មិនអាច​នៅ​ជាមួយគ្នា​បានឡើយ។ ដូច្នេះ បើ​ចង់​រីកចម្រើន យើង​ត្រូវតែ​ធ្វើ​សកម្មភាព បង្ខំ​ឱ្យ​ភាពភ័យខ្លាច​ចាកចេញ​ឆ្ងាយ។

ការព្យាយាម​ហាត់ប្រាណ

យោងតាម​អ្នកស្រាវជ្រាវ​មួយរូប បានឱ្យដឹងថា ការហាត់​ប្រាណ​ជាប្រចាំ​គឺជា​ចំណុចរួម​របស់​ក្រុម​អភិជន។ លោក​ថា អ្នក​ដែល​ប្រឹងប្រែង​ហាត់ប្រាណ តែងតែមាន​ប្រៀប​ជាង​នៅក្នុង​ការប្រកួតប្រជែង ដូចជា កម្រិត​ឆ្លាត​វ័យ​ខ្ពស់ជាង, មាន​ភាព​រឹងប៉ឹង ភាពជឿជាក់ ក៏ដូចជា​មាន​ថាមពល​ច្រើនជាង ២០% ធៀប​នឹង​អ្នក​បញ្ចេញ​សកម្មភាព​តិចតួច។ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ក៏បាន​បង្ហាញថា ការហាត់​ប្រាណ​ជា​រៀងរាល់ថ្ងៃ អាចជួយ​ឱ្យមាន​អាយុ​វែង។

មហាសេដ្ឋី Mark Zuckerberg, Jeff Bezos, Oprah Winfrey, Sheryl Sanberg និង Richard Branson ជាដើម សុទ្ធតែ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​មាន​សុខភាព​ល្អ រាងកាយ​មាំមួន។

បរិច្ចាគ​ទ្រព្យ ធ្វើបុណ្យ ធ្វើ​ទាន​ឱ្យបាន​ច្រើន

មហាសេដ្ឋី​ជាច្រើន​ក្នុង​ពិភពលោក សុទ្ធ​តែមាន​មូលនិធិ​មនុស្សធម៌ ឬ​បរិច្ចាគ​ទ្រព្យ ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម។ ការបរិច្ចាគ​ទ្រព្យ​តិច ឬ​ច្រើន ដើម្បី​ជួយ​ដល់​អ្នកក្រីក្រ គឺ​សុទ្ធតែ​ទទួលបាន​ផល​ល្អ មិន​ថា ក្នុង​ផ្លូវចិត្ត មិន​ថា​ក្នុង​ភាពជាក់ស្ដែង។

ការ​ចេញទៅ​ក្រៅ និង​ការគិត​ពិចារណា

មនុស្ស​យើង​ភាគច្រើន ហាក់​កំពុង​ចំណាយពេល​មិនតិច​ឡើយ​ទៅលើ​ទូរស័ព្ទ និង​បណ្ដាញ​សង្គម។ មនុស្ស​ភាគច្រើន​មិនអាច​ចាកចេញ​ពីមុខ​អេក្រង់​ទូរស័ព្ទ ចេញពីផ្ទះ ដើរ​ដោយ​ថ្មើរជើង និង​គិតពិចារណា។

ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ សមាគម​ចិត្តសាស្ត្រ​អាម៉េរិក បាន​បង្ហាញថា ការដើរ​ដោយ​ថ្មើរជើង​នៅ​ខាងក្រៅ​ផ្ទះ អាច​បង្កើន​ភាព​ច្នៃប្រឌិត និង​កែលម្អ​សមត្ថភាព​ដោះស្រាយ​បញ្ហា។

មហាសេដ្ឋី Mark Zuckerberg, Richard Branson និង CEO របស់ Google ឬ LinkedIn ជាដើម សុទ្ធតែ​ចូលចិត្ត​ពិភាក្សាគ្នា​នៅពេល​ដើរ​ដោយ​ថ្មើរជើង។

មហាសេដ្ឋី Richard Branson ធ្លាប់បាន​សរសេរ​នៅក្នុង​ប្លក់​ផ្ទាល់ខ្លួន​ថា «ខ្ញុំ​យល់ឃើញថា នេះ​គឺជា​វិធី​ដែល​ជួយ​ឱ្យ​យើង​ធ្វើការ​សម្រេចចិត្ត​បានល្អ និង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​យ៉ាង​ឆាប់រហ័ស​ទៀតផង។ ម្យ៉ាងទៀត វា​ក៏មាន​ប្រយោជន៍​សម្រាប់​សុខភាព»៕

Advertisement