ដើម្បី​អាច​បើកបរ​លើ «ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ» ម្ចាស់​យានយន្ត​ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ?

កាលពី​ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ត្រៀម​រៀបចំ​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ៣១ ខែតុលា ២០២២ ក្នុង​គ្រា​ដែល​ផ្លូវ​នេះ​បាន​ត្រៀម​រួចរាល់​ស្ទើរ ១០០%។

នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ពី​ចំណុចសំខាន់ៗមួយចំនួន ដែល​អ្នកបើកបរ​យាន​យន្ត​ត្រូវ​ដឹង មុននឹង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​គេ​បង្អស់​របស់ កម្ពុជា។

ប្រការ​ដែល​អ្នកបើកប​រលើ​ផ្លូវ​ថ្មី​នេះ​ត្រូវ​ដឹង មានដូចជា របៀប​ប្រើប្រាស់​គន្លង​ផ្លូវ ល្បឿន​បើកបរ​ដែល​បានកំណត់ ប្រភេទ​យានយន្ត ដែ​ល្រូ​វ​បាន​អនុញ្ញាតឱ្យ​បើកបរ ទីតាំង​បញ្ជរ​បង់ប្រាក់ និង​ច្រកចេញចូល ក៏ដូចជា​របៀប​នៃ​ការ​វ៉ា​ជែង។

សម្រាប់ទោ​ចក្រយានយន្ត (ម៉ូតូ) ដែលមាន​ទំហំ​ស៊ីឡាំង​ចាប់ពី ៥០០cc (ម៉ូតូ​សាំង) ឬ ២៧kw (ម៉ូតូ​អគ្គិសនី) ឡើង មានបំណង​បើកបរ​លើផ្លូវ​ល្បឿន​លឿន គឺ​ត្រូវបាន​តម្រូវឱ្យ​ស្នើសុំ​ស្លាក​សញ្ញា​សម្រាប់​បិទ​បញ្ជាក់ (Sticker) ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមុន។

របៀប​នៃ​ការទូទាត់​សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ETC នៅពេល​បញ្ចប់​ដំណើរការ​សាកល្បង​ដោយ​មិន​គិតថ្លៃ។  ក្រសួង និង​ក្រុមហ៊ុន​កំពុង​សហការ​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលមាន​លក្ខណៈសាមញ្ញ សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ការបង់ប្រាក់​ជាមុន និង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ដោយ​មិនចាំបាច់​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ និង​មិនចាំបាច់​តម្រូវឱ្យ​ចេះ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឡើយ។ ចំណែក​ការបង់ប្រាក់ នឹង​អាច​ធ្វើបាន​ជាមួយ​ជម្រើស​សម្បូរបែប គ្រប់ពេលវេលា និង​ពី​គ្រប់​ទីកន្លែង។

បច្ចេកវិទ្យា​ខាងលើ​នឹង​សម្រួល​ដល់​ការចេញចូល​ផ្លូវ​ល្បឿន​លឿន ដោយ​មិនចាំបាច់​រង់ចាំ ចំណាយពេល​យូរ​នៅ​ច្រកចេញចូល​ឡើយ។ ដើម្បី​ចូលទៅ​កាន់​ផ្លូវ​ល្បឿន​លឿន​បាន បងប្អូន​ដែលជា​អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​យានយន្ត​បាន​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (ឆៀក) នៅក្នុង​សុពលភាព​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​កំណត់ដោយ​ក្រសួង ដើម្បី​ធានាបាន​សុវត្ថិភាព​ចរាចរណ៍ ព្រមទាំង​កាត់បន្ថយ​បទល្មើស​នានា។

ក្រសួង​សាធារណការ បានរៀបចំ​ផលិត​វីដេអូ​អប់រំ ស្តីពី​ការប្រើប្រាស់​ផ្លូវ ល្បឿន​លឿន​នេះដែរ ហើយ​ត្រៀម​នឹង​ផ្សព្វផ្សាយ​នាពេលឆាប់ៗខាងមុខ នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុត ចាន់ថុល៕

Advertisement