ក្រសួង​សាធារណការ នឹង​បើក​​ព្រឹត្តិ​ការណ៍​ «TSI OPEN DAY» សម្រាប់​សាធារណជន​​នៅ​សប្ដាហ៍​នេះ

នៅ​ព្រឹក​ថ្ងៃទី 10 មករា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា «TSI OPEN DAY» ដែលជា​ព្រឹត្តិការណ៍​បញ្ជ្រាប​ព័ត៌មាន​ជាច្រើន​ ​ទាក់ទង​នឹង​អាហារូបករណ៍​សម្រាប់​និស្សិត​ជាដើម នឹងត្រូវ​បើកទទួល​សាធារណជន​នៅ​ថ្ងៃចុង​​​សប្ដាហ៍​នេះ។

យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាធារណជន មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត ដែល​មានបំណង​ស្វែងរក​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សម្រាប់​បន្ត​ការសិក្សា អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី​ក្នុង​ព្រឹត្តិការណ៍ «TSI OPEN DAY» របស់ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន។

សាធារណជន​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ នឹង​ទទួលបាន​នូវ​ការតម្រង់ទិស​ជំនាញ ការចែករំលែក​បទពិសោធ​ន៍​ពី​និស្សិត ទស្សនកិច្ច​អគារសិក្សា បរិក្ខា​បច្ចេកទេស ព័ត៌មាន​អាហារូបករណ៍ ការដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​និស្សិត​ជំនា​ន់ទី 3 និង​ការសិក្សា​ស្វែងយល់​ពី​ឱកាស​ការងារ​ទៅតាម​ជំនាញនីមួយៗ នៃ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន។

ព្រឹត្តិការណ៍ «TSI OPEN DAY» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 14 ខែមករា ឆ្នាំ 2023 នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន។

Advertisement