អ្នកនាំពាក្យក្រសួងអប់រំថា ​បើមានករណីគ្រូយកលុយសិស្ស គ្រាន់តែជូនដំណឹងភ្លាម នឹងចាត់ការជូនជាបន្ទាន់

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឌី ខាំបូលី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន​នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា ប្រសិនបើមាន​ឃើញករណីគ្រូបង្រៀនយកលុយពីសិស្ស អាណាព្យាបាល និង​អ្នកសារព័ត៌មានអាចទំនាក់ទំនងទៅអ្នកនាំពាក្យ និងក្រសួងដើម្បីឱ្យក្រសួងប្រមូលព័ត៌មានដើម្បីចាត់វិធានការបន្ទាន់ភ្លាមៗតែម្ដង។ 

ឯកឧត្តមបានបន្ថែមផងដែរថា ជាគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា មិនអនុញ្ញាតឱ្យ​មានការយកថ្លៃសិក្សាពីសិស្សនៅតាមសាលារៀននោះទេ។ ហេតុនេះការយកប្រាក់ពីសិស្ស ជារឿងមួយដែលមិនត្រឹមត្រូវ ដែលក្រសួងនឹងចាត់វិធានការបន្ទាន់ ប្រសិនបើមានករណីបែបនេះកើតឡើង។ ឯកឧត្តមបញ្ជាក់ថា បុគ្គលិកអប់រំមានរហូតដល់ទៅជាង 12ម៉ឺននាក់ ហេតុនេះ​អាចមានបុគ្គលមួយចំនួនតូច​ ពីសាលាខ្លះមានករណីមិនប្រក្រតីបែបនេះ តែដើម្បីជាវិធីសាស្រ្តដោះស្រាយយើងគួរចូលរួមសហការ និងរាយការណ៍មកក្រសួងដើម្បីរួមគ្នាលុបបំបាត់បញ្ហាទាំងអស់នេះ៕