Honda ជាក្រុមហ៊ុនមុនគេ បានបើកដំណើរការឡើងវិញ នៅចិន

រោងចក្រ​ Dongfeng Honda ត្រូវ​បាន​គេ​ដឹង​ថា ​គឺ​ជា​រោងចក្រ​ ដែលរួម​បង្កើត​ដោយ​ Dongfeng Motor Group និង Honda Motor Company) ​ដែល​មាន​មូលដ្ឋាន​នៅក្នុងទី​​ក្រុង​វូហាន ប្រទេស​ចិន បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ ដោយ​​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដើម្បី​ទប់​ស្កាត់ ​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19ជា​លើក​ទី​2។

សេចក្ដី​រាយការណ៍ក៏បាន​ឱ្យដឹង​ដែរ​ថា​ បុគ្គលិក​ដែល​ចូល​ធ្វើ​ការ​វិញ ​គឺ​​ត្រូវមាន​ពាក់​ស្រោម​ដៃ និង​​ពាក់​ម៉ាស់ទាំង​អស់​គ្នា​ ហើយ​​នៅក្នុង​រោងចក្រ​មាន​បិទ​ប្រកាស​ព័ត៌មាន​ប្រាប់​ឱ្យ​បុគ្គលិក​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ 1​ម៉ែត្រ​ផង​ដែរ។

បុគ្គលិក​ដែល​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ត្រូវ​បាន​សាក​សួរ​ និងត្រូវរាយការណ៍​ប្រាប់​ថា​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19​មក តើ​ពួក​គេ​បាន​ទៅ​កាន់​ទីណា​ខ្លះ? និង​មាន​ការ​ដំឡើង​ទីតាំង​សម្រាប់​វាស់​កម្ដៅ​ទៀតផង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនួយ​ការ​អ្នក​ចាត់​ការ​នៅ​រោងចក្រ​ឈ្មោះ Li Shiquan។

ក្នុង​ 1​ថ្ងៃ​ ​បុគ្គលិក​នីមួយៗ​ត្រូវ​បំពេញ​ពាក្យ​ដែល​មាន​សំណួរ​អំពី​ស្ថានភាព​សុខភាព ​ដូច​ជាតើ​មាន​​ក្អក ឬ​មានបាន​ប៉ះពាល់​ជា​មួយ​អ្នក​ដែល​មាន​បញ្ហា​សុខភាពដែរ​ឬ​អត់? ដោយ​ម្នាក់ៗអាច​បំពេញ​ពាក្យ​តាម​​រយៈ​ការ​ស្គែន QR Code ជា​មួយ​ទូរស័ព្ទ​ដៃ ហើយតាម​ការ​លើក​ឡើង​របស់​លោក Li បាន​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​បន្ត​ដំណើរ​ការ​ឡើង​វិញ​មក គឺ​មិន​មាន​​កើត​មាន​នូវ​ករណី​ជំងឺកូវីដ​-19​​នោះ​ទេ នៅ​រោងចក្រ​របស់​លោក៕

Advertisement