សិស្សវៀតណាម បានត្រឡប់ទៅថ្នាក់រៀនវិញហើយ ក្រោយទីក្រុង និងសាលារៀនបានបើកឡើងវិញ

​រយៈ​ពេល​ 3​ខែ​កន្លង​ផុត​ទៅ រដ្ឋាភិបាលប្រទេសវៀតណាម ​បាន​សម្រេច​បញ្ចប់វិធាន​ការ​បិទ​ទីក្រុង​របស់​ខ្លួន​ ហើយ​ឥឡូវ​នេះ ​ប្រជាពលរដ្ឋនៃប្រទេសវៀតណាម បានចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​កាន់​ជីវិត​ធម្មតា​ដូច​កាល​ពី​មុនឡើង​វិញ ប៉ុន្តែនៅតែរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គមឱ្យនៅដដែល។

យោងតាមទីភ្នាក់ងារព័ត៌មាន CNN បានឱ្យដឹង​ថា សិស្ស​វៀតណាម​ប្រមាណ​ជា 22លាន​នាក់ បាន​វិលត្រឡប់​ទៅ​កាន់​ថ្នាក់​រៀន​របស់​ពួកគេ​វិញ​ហើយ ក្រោយ​ពីការ​បិទទីក្រុង​ដោយ​សារវិបត្តិ​វីរុស​កូវីដ-19​ ត្រូវ​បាន​បញ្ចប់។ ជាមួយគ្នានេះ សាលារៀនដែលបានបើកឱ្យដំណើរការ ​បាន​រៀប​ចំ​តុ​អង្គុយ​ឡើង​វិញ ​ដោយ​ដាក់ឱ្យ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា ហើយ​ថ្នាក់​មួយ​ចំនួន ត្រូវ​បំបែក​ទៅ​ជា​ថ្នាក់​តូច​ៗ។

ដោយ​ឡែក​នៅ​សាលាបឋមសិក្សា Nhi Dong គេ​សង្កេត​ឃើញ​ថា សិស្ស​សាលា​នាំ​គ្នា​ពាក់​របាំង​មុខ​ដើម្បី​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា ឬវីរុស​កូវីដ-19។ មក​ទល់​ពេល​នេះ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅតំបន់​អាស៊ីអាគ្នេយ៍ ​ដែល​បាន​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប ​ក្នុង​ប្រទេស​នេះ​មានចំនួន 271នាក់ ដោយ​ក្នុង​នោះ 232នាក់ ​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ ហើយ​មិន​មាន​អ្នក​ស្លាប់​នោះទេ៕

សូមទស្សនា ទិដ្ឋភាពខាងក្រោមនេះ គឺសិស្សវៀតណាម បានត្រឡប់ទៅកាន់ថ្នាក់រៀន ក្រោយពីទីក្រុង និងសាលារៀនបានបើកឡើងវិញ​…​​​​​​​​​​​​៖

Advertisement