វេសឡាញ ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ 4 ពង្រឹងគុណភាពសិក្សាតាមអនឡាញ

ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន 4 គឺក្រុមហ៊ុន​ Edemy ក្រុមហ៊ុន Maxbit ក្រុមហ៊ុន Vconnect និងក្រុមហ៊ុន DTP ដើម្បីពង្រឹងគុណភាពអប់រំតាមបច្ចេកវិទ្យាឱ្យកាន់តែខ្លាំងទាំងក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 និងទៅថ្ងៃអនាគតខាងមុខទៀត។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការសហការគ្នារវាង​វេសឡាញ ជាមួយនឹង​ក្រុមហ៊ុនបច្ចេកវិទ្យាទាំង4 នៅថ្ងៃនេះ គឺជាបោះជំហានថ្មីមួយក្នុងវិស័យអប់រំឯកជនឱ្យគ្រប់គ្នាមើលឃើញពីតម្លៃនៃបច្ចេកវិទ្យាអប់រំ (Edtech) ហើយក៏ស្របគ្នាជាមួយនឹង​ចក្ខុវិស័យរបស់​ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ដែលកំពុង​តែអភិវឌ្ឍប្រសិទ្ធភាពអប់រំតាមរយៈបច្ចេកវិទ្យា។ សម្រាប់រដ្ឋ គឺមានសាលារៀនជំនាន់ថ្មីដែលបានអភិវឌ្ឍយ៉ាងខ្លាំងលើការអប់រំ​ ខណៈវិស័យអប់រំឯកជនក៏គួរតែមានសាលាសតវត្សទី21 ដែលមានការបញ្ចូលនូវការអប់រំកាន់តែមានប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យា។ ទាំងអស់នេះជាជំហានប្រកបដោយភាពវិជ្ជមានក្នុងការជំរុញឱ្យការអប់រំកាន់តែមានលក្ខណៈពេញលេញ ស្របតាមចរន្តសកលដែលកំពុងតែមានភាពប្រែប្រួលទៅតាមបដិវដ្តឧស្សាហកម្ម 4.0 ដែលរដ្ឋាភិបាលរបស់យើងកំពុងតែយកចិត្តទុកដាក់។

លោក ប៉ិច បូឡែន បាននិយាយថា៖ «​ការសហការនៅថ្ងៃនេះ មិនមែនគ្រាន់តែជាប្រយោជន៍ដល់ការ​ពង្រឹងគុណភាព​នៃការអប់រំ​របស់សិស្សានុសិស្សរបស់យើង​ក្នុងពេលមាន Covid-19 នោះទេ តែយើងបានបោះជំហានបន្ថែំទៀត​ដើម្បីធ្វើទំនើបកម្ម​គុណភាពអប់រំរបស់យើង។ ដូចខ្ញុំធ្លាប់បានលើកឡើងហើយថា បញ្ហា Covid-19 ជារឿងបណ្តោះអាសន្ន តែ​ការសិក្សាតាមអនឡាញ នៅតែបន្តទៅមុខទៀតជារៀងរហូត»។

ស្ថាបនិកស្ថាប័នអប់រំខាងលើបានលើកឡើងផងដែរថា ចំពោះការសិក្សាតាមអនឡាញនេះ នៅបរទេសគេបានធ្វើជាយូរណាស់មកហើយ តែសម្រាប់កម្ពុជាយើង​ដោយសារតែយើងទើបតែជួបប្រទះ​នូវបញ្ហា Covid-19 ទើបយើងចាប់ផ្តើមអនុត្តខ្លាំង ដែលធ្វើឱ្យអាណាព្យាបាល​មានការភ្ជាក់ផ្អើលបន្តិច។ ទោះជាយ៉ាងនេះក្តីចរន្តនេះនឹងធ្វើឱ្យ​អនាគតកាន់តែមានភាពប្រសើរលើផ្នែកអប់រំ ព្រោះ​ទម្រង់នៃការអប់រំដែលយើងកំពុងចាប់ផ្តើម ហើយនឹងបន្តទៅថ្ងៃអនាគតនេះ គឺជាទម្រង់ប្រកបដោយប្រសិទ្ធភាពដែលអាចឱ្យសិស្សសិក្សាបានគ្រប់ទីកន្លែង និងអាចវិភាគយ៉ាងច្បាស់ពី​កម្រិតនៃការយល់ដឹងរបស់សិស្ស ចំណុចខ្វះខាត និងទិន្នន័យសំខាន់ៗជាច្រើនទៀត។ តាមរយៈទម្រង់នៃបច្ចេកវិទ្យាអប់រំ យើងនឹងអាចវាយតម្លៃបានយ៉ាងងាយស្រួលថា​តើសិស្សចេះប៉ុន្មានភាគរយ ហើយសិស្សដែលមិនទាន់ចេះមានចំណុចប៉ុន្មានភាគរយ។ បន្ថែមពីលើនេះ យើងក៏អាវាយតម្លៃគ្រូបានកាន់តែប្រសើរផងដែរ ដោយសារតែទិន្នន័យទាំងអស់នេះអាចនឹងបង្ហាញពី​ចំណុចគុណភាពនៃការរៀន និងការបង្រៀនយ៉ាងច្បាស់។

ជាចំនុចបន្តបន្ទាប់ ដើម្បីជំរុញឱ្យការអប់រំតាមអនឡាញនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ យើងនឹងជំរុញឱ្យផ្នែកផ្សេងៗទៀត​បានប្រើប្រាស់នូវកម្មវិធីអប់រំទាំងអស់នេះដើម្បីអភិវឌ្ឍគុណភាពអប់រំ ព្រោះ​ការអប់រំជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ សាលាដទៃអាចនឹងសហការជាមួយវេសឡាញ ឬ​សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទាំង4 ដែលបានសហការគ្នានៅថ្ងៃនេះ ដើម្បីធ្វើយ៉ាងណា​ទៅឱ្យកាន់តែឆ្ងាយជាមួយនឹង​វិធីសាស្រ្តបង្រៀនថ្មីៗ និងប្រកបដោយប្រសិទ្ធភាពកាន់តែខ្លាំង។

គួរបញ្ជាក់ផងដែរថា ​ក្រុមហ៊ុនសំខាន់ៗទាំង4 ដែលបានសហការជាមួយនឹងវេសឡាញ អេឌ្យូខេសិន គ្រុបនៅពេលនេះ ទី1 គឺក្រុមហ៊ុន អេតឌឺមី (Edemy) ដែលមានបច្ចេកទេសក្នុងការបង្កើតថ្នាក់រៀនតាមប្រព័ន្ធឌីជីថល និងការរៀនតាមអ៊ីនធឺណេត។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សអាចទស្សនាមេរៀនជាលក្ខណៈវីដេអូ អាចអានអត្ថបទមេរៀន ធ្វើការវាយតម្លៃលើលំហាត់ ឬកិច្ចការសាលាដោយខ្លួនឯងបាន តាមដានដំណើរការរៀនសូត្ររបស់ខ្លួនឯងបាន បង្កើនទំនាក់ទំនងរវាងលោកគ្រូ/អ្នកគ្រូ ហើយនិងសិស្សានុសិស្សឱ្យមានប្រសិទ្ធិភាព។ ក្រុមហ៊ុនទី2 គឺក្រុមហ៊ុន ម៉ាក្សបីត (Maxbit) ដែលអាចជួយដល់ការរៀនតាមប្រព័ន្ធអ៊ីនធឺណេត និងពិគ្រោះយោបល់អំពីអាជីវកម្មអនឡាញន៍ទៅកាន់អ្នកអាណាព្យាបាល ដើម្បីជួយកែលម្អអាជីវកម្មរបស់អ្នកអាណាព្យាបាល និងជំរុញសាលារៀនឱ្យសម្របខ្លួនតាមឧបករណ៍បង្រៀនទំនើបៗឱ្យមានប្រសិទ្ធិភាពជាងមុន។ ក្រុមហ៊ុនទី3 គឺក្រុមហ៊ុន វីខូនិក (VConnect) ដែលនឹងជួយអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសាលារៀនវ័យឆ្លាត ជួយអ្នកអាណាព្យាបាល និងសាលារៀនទៅលើការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាពខ្ពស់ រួមទាំងការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្ស។ ក្រុមហ៊ុនទី 4 គឺក្រុមហ៊ុន ឌី ធី ភី (DTP) ដែលជាអ្នកអភិវឌ្ឍបណ្ណាល័យអេឡិចត្រូនិច និង កម្មវិធីរៀនតាមប្រព័ន្ធឌីជីថល។ អ្នកអាណាព្យាបាល និង សិស្សានុសិស្សអាចប្រើប្រាស់កម្មវិធីរៀននៅផ្ទះដើម្បីបង្កើនសមត្ថភាពទៅការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគាត់៕

Advertisement