វិធីសាស្ត្រជួយបង្រៀនក្មេងឱ្យមានការចងចាំល្អពេលមានវិបត្តិ Covid-19

ក្នុងពេលសិក្សាតាមរយៈបច្ចេកវិទ្យានេះ អាណាព្យាបាលជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះកូនៗព្រោះពួកគាត់​បារម្ភក្រែងកូនមិនចងចាំបានល្អ មិនទាន់ទម្លាប់រៀនជាមួយបច្ចេកវិទ្យា ឬជក់ជាមួយនឹងបច្ចេកវិទ្យាជ្រុលលើសពីការសិក្សាជាដើម។

នៅក្នុងដំណាក់កាលនេះ អាណាព្យាបាលគួរព្យាយាម​ចូលរួមឱ្យបានកាន់តែច្រើនដើម្បីធ្វើយ៉ាងណាឱ្យការសិក្សារបស់កូនៗអាចប្រព្រឹត្តទៅបានរលូន​។ នៅពេលនេះអ្នកជំនាញនានាបានណែនាំមនុស្សឱ្យ​ធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅក្នុងជីវិតរបស់យើង (new normal life) ដើម្បីការពារសុខភាព តែលើសពីការបង្ការកុំឱ្យឆ្លងមេរោគ មនុស្សក៏គួរតែ​គិតគូរពី​ការផ្លាស់ប្តូរទម្លាប់ក្នុងការប្រាស្រ័យទាក់ទងជាមួយកូន និងការបង្រៀនកូនៗផងដែរ។

ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន​ក្នុងការបង្រៀនកូនៗឱ្យមានការចងចាំល្អ បន្ថែមពីការរៀនតាមបច្ចេកវិទ្យា៖

1. និទានរឿង

ការនិទានរឿង ត្រូវបានគេមើលឃើញថា​ជាផ្នែកយ៉ាងសំខាន់មួយដែលធ្វើឱ្យកុមារមានការចងចាំបានល្អ ព្រោះធម្មជាតិរបស់កុមារគឺចូលចិត្តស្តាប់ មើល និង​ដាក់អារម្មណ៍រីករាយជាមួយនឹងដំណើររឿងដែលមនុស្សធំបង្ហាញ។ ហេតុនេះ​អាណាព្យាបាលគួរ​ស្វែងរយល់ពីតម្លៃអប់រំនៃ​មេរៀនរបស់កូន បន្ទាប់មក​ស្វែងរក​រឿងនិទានខ្លីៗណាដែល​ត្រូវនឹង​ផ្នត់គំនិតអប់រំនោះដើម្បីនិយាយប្រាប់គេបន្ថែមពីលើអ្វីដែលគ្រូបង្រៀនតាមអនឡាញ។

វាក៏ជាវិធីសាស្រ្តល្អផងដែរក្នុងការរក្សាទំនាក់ទំនងល្អជាមួយកូន និង​ជាវិធីដើម្បីជំរុញឱ្យ​កុមារមានភាពរីករាយក្នុងពេលសិក្សា​នៅផ្ទះថែមទៀតផង។

2. ល្បែងកម្សាន្តល្បងប្រាជ្ញា

កុមារតូចជាវ័យដែលចូលចិត្តលេងបំផុត ហេតុនេះប្រសិនបើអាណាព្យាបាលគ្មានពេលគ្រប់គ្រាន់ដើម្បីលេងជាមួយពួកគេ ឬមិនបានយកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រងការលេងរបស់ក្មេងឱ្យបានល្អ នោះកុមារនឹង​នឹង​អាចក្លាយជាមនុស្សម្នាក់ដែលងាកទៅរកភាពញៀន​ឧបករណ៍អេឡិចត្រូនិក។

ហេតុនេះអាណាព្យាបាលគួរស្វែងរក Mobile App ឬសៀវភៅទាំងឡាយណាដែលមានល្បែងកម្សាន្ត​បង្កើនភាពឆ្លាតវៃ (IQ) ដើម្បីនាំពួកគេលេង។ បន្ថែមពីលើនេះ បើមានពេលអាណាព្យាបាលក៏អាចបង្កើតកម្មវិធីធ្វើតេសងាយៗពាក់ព័ន្ធនឹងមេរៀន ឬចំណេះដឹងទូទៅដើម្បីឱ្យ​ពួកគេប្រឡងយករង្វាន់ផងដែរ។ វិធីនេះជាវិធីមួយដែលអ្នកអប់រំជាច្រើនណែនាំអាណាព្យាបាលជំរុញកូនឱ្យខំរៀនដោយមិនបាច់បង្ខំ និងមិនប្រើអំពើហិង្សា។

3. Mind Map

អ្នកជំនាញចិត្តសាស្ត្រអប់រំ បានមើលឃើញថា នៅក្នុងចំណោម​វិធីសាស្រ្តនានាដើម្បីឱ្យមានការចងចាំបានល្អ ការគូសតារាងសង្ខេបមេរៀន ឬការធ្វើ Mind map ដោយប្រើប្រាស់ពណ៌ ឬរូបសត្វដែលកុមារចូលចិត្ត អាចធ្វើឱ្យគេងាយចងចាំ​បានល្អ។

ជាធម្មតាក្មេងចូលចិត្តសង្កេត និង​ចូលចិត្ត​រូបភាពដែលមានភាពទាក់ទាញ ហេតុនេះប្រសិនបើអាណាព្យាបាល​អាចឆ្លៀតពេល​គូររូប ឬ​ប្រើប្រាស់រូបភាពស្អាតៗដើម្បីបង្កើតជាតារាងប្រភេទមេរៀនរបស់កូន នោះក្មេងៗនឹងឧស្សាហ៍មើល ហើយចងចាំដោយងាយនៅគ្រប់ទីកន្លែងក្នុងផ្ទះ៕

Advertisement