សង្កប្ប និង E-School Cambodia ជាក្រុមហ៊ុនបច្ចេកវិទ្យាទី5 និងក្រុមហ៊ុនទី6 ដែលបានចូលរួមអភិវឌ្ឍកម្មវិធីពីចម្ងាយរបស់វេសឡាញ

ដើម្បី​ពង្រឹង​ការអប់រំ​តាម​អន​ឡាញ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​របស់ខ្លួន ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំធំៗចំនួន 6 ដើម្បី​ធ្វើការ​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​អប់រំ​រួមគ្នា​មួយ​យ៉ាងសំខាន់។

ក្រុមហ៊ុនធំៗបច្ចេកវិទ្យាធំៗទាំង6 ដែល​បាន​បង្កើត​កិច្ចសហការ​ពង្រឹងគុណភាព​អប់រំ​ជាមួយនឹង​វេស​ឡាញ គឺ​ក្រុមហ៊ុន Edemy ក្រុមហ៊ុន Maxbit ក្រុមហ៊ុន Vconnect ក្រុមហ៊ុន DTP ក្រុមហ៊ុន​សង្កប្ប និង​ក្រុមហ៊ុន E-School Cambodia។

លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា​ការបង្កើន​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​នេះ មិនមែន​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ការពង្រឹង​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស​រប​ស់​យើង​ក្នុងពេល Covid-19ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​បោះជំហាន​ថ្មី​មួយ​បន្ថែមទៀត​ដើម្បី​ធ្វើ​ទំនើបកម្ម​គុណភាព​អប់រំ។ ពិតណាស់​បច្ចេកវិទ្យា​អប់រំ (Edtech) នាពេល​បច្ចុប្បន្ននេះ​បាន កំពុង និង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការអប់រំ​លើ​ពិភពលោក ខណៈ​ប្រទេស​ជាច្រើន​ធ្លាប់បាន​អនុវត្ត​ការសិក្សា​តាម​អន​ឡាញ​ជា​យូរ​ឆ្នាំ​មកហើយ។ សម្រាប់​កម្ពុជា​យើង​ដោយសារតែ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 យើង​ក៏​ចាប់ផ្តើម​អនុវត្ត​ការសិក្សា​តាម​អន​ឡាញ​នេះ ដែល​ធ្វើឱ្យ​គ្រប់គ្នា​យល់ថា​ជា​រឿង​ថ្មី តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​សង្ឃឹមថា​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាសំខាន់ៗទាំងអស់នេះ នឹងធ្វើ​ឱ្យ​យើង​បន្ត​អភិវឌ្ឍ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ការអភិវឌ្ឍ​ជាប់​ជាប្រចាំ រហូត​ក្លាយទៅជា​ទម្រង់​នៃ​ការអប់រំ​មួយ​ដែល​ធ្វើឱ្យមាន​គុណភាព​កាន់តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត។

លោក ប៉ិច បូ​ឡែ​ន បាន​និយាយថា៖ «បច្ចេកវិទ្យា​អប់រំ​នឹង​ក្លាយទៅជា ទម្រង់​មួយ​ដ៏​មានគុណ​សម្បត្តិ​ខ្ពស់​នៅ​ថ្ងៃ​អនាគត ព្រោះ​ការអប់រំ​តាម​អន​ឡាញ ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ការអប់រំ​ត្រូវបាន​អនុវត្ត​គ្រប់​ជ្រុងជ្រោយ។ បន្តិចទៀត សិស្ស​នៅ​គ្រប់​ទៅ​កន្លែង​កាន់តែ​មាន​សេរីភាព​ក្នុងការ​ទទួលយក​ការអប់រំ​គ្រប់​ទីកន្លែង បើទោះបីជា​គាត់​នៅ​ខេត្ត​ក៏​គាត់​អាច​ស្វែងរក​សាលា​ល្អ​ណាមួយ​នៅ​ភ្នំពេញ​ដែល​គាត់​ពេញចិត្ត​ដើម្បី​សិក្សា​បានដែរ ព្រោះ​គាត់​អាច​សិក្សា​បាន​តាមរយៈ​អន​ឡាញ»។

លោក ប៉ិច បូ​ឡែ​ន បាន​បន្តទៀតថា ទម្រង់​នៃ​ការអប់រំ​តាម​អន​ឡាញ​ដែល​យើង​កំពុង​សហការ​រៀបចំ​នេះ​នឹង​បង្កើតជា​ចរន្ត​ថ្មី​មួយ​ប្រកបដោយ​ភាព​វិជ្ជមាន​លើ​ការអភិវឌ្ឍ​ប្រសិទ្ធភាព​នៃ​ការអប់រំ ព្រោះ​ទម្រង់​នៃ​ការអប់រំ​ដែល​យើង​កំពុង​ចាប់ផ្តើម ហើយនឹង​បន្តទៅ​ថ្ងៃ​អនាគត​នេះ គឺជា​ទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​អាចឱ្យ​សិស្ស​សិក្សា​បាន​គ្រប់​ទីកន្លែង និង​អាច​វិភាគ​យ៉ាងច្បាស់​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​សិស្ស ចំណុច​ខ្វះខាត និង​ទិន្នន័យសំខាន់ៗជាច្រើន​ទៀត។ តាមរយៈ​ទម្រង់​នៃ​បច្ចេកវិទ្យា​អប់រំ យើង​នឹង​អាច​វាយតម្លៃ​បាន​យ៉ាង​ងាយស្រួល​ថា​តើ​សិស្ស​ចេះ​ប៉ុន្មាន​ភាគរយ ហើយ​សិស្ស​ដែល​មិនទាន់​ចេះ​មាន​ចំណុច​ប៉ុន្មាន​ភាគរយ។ បន្ថែម​ពីលើ​នេះ យើង​ក៏​អា​វាយតម្លៃ​គ្រូ​បាន​កាន់តែ​ប្រសើរ​ផងដែរ ដោយសារតែ​ទិន្នន័យ​ទាំងអស់នេះ​អាច​នឹង​បង្ហាញ​ពី​ចំណុច​គុណភាព​នៃ​ការរៀន និង​ការបង្រៀន​យ៉ាងច្បាស់។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុនសំខាន់ៗទាំង6 ដែល​បាន​សហការ​ជាមួយនឹង​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​នៅពេលនេះ ទី1 គឺ​ក្រុមហ៊ុន អេ​ត​ឌឺ​មី (Edemy) ដែលមាន​បច្ចេកទេស​ក្នុងការ​បង្កើត​ថ្នាក់រៀន​តាម​ប្រព័ន្ធ​ឌីជីថល និង​ការរៀន​តាម​អ៊ី​ន​ធឺ​ណេ​ត។ តាមរយៈ​កម្មវិធី​នេះ សិស្សានុសិស្ស​អាច​ទស្សនា​មេរៀន​ជា​លក្ខណៈ​វីដេអូ អាច​អាន​អត្ថបទ​មេរៀន ធ្វើការ​វាយតម្លៃ​លើ​លំ​ហាត់ ឬ​កិច្ចការ​សាលា​ដោយ​ខ្លួនឯងបាន តាមដាន​ដំណើរការ​រៀនសូត្រ​រប​ស់​ខ្លួនឯងបាន បង្កើន​ទំនាក់ទំនង​រវាង​លោកគ្រូ/អ្នកគ្រូ ហើយ​និង​សិស្សានុសិស្ស​ឱ្យមាន​ប្រសិទ្ធិភាព។ ក្រុមហ៊ុន​ទី2 គឺ​ក្រុមហ៊ុន ម៉ាក្ស​បី​ត(Maxbit) ដែល​អាចជួយ​ដល់​ការរៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ពិគ្រោះ​យោបល់​អំពី​អាជីវកម្ម​អន​ឡាញ​ន៍​ទៅកាន់​អ្នកអាណាព្យាបាល ដើម្បី​ជួយ​កែលម្អ​អាជីវកម្ម​របស់​អ្នកអាណាព្យាបាល និង​ជំរុញ​សាលារៀន​ឱ្យ​សម្រប​ខ្លួន​តាម​ឧបករណ៍​បង្រៀនទំនើបៗឱ្យមាន​ប្រសិទ្ធិភាព​ជាង​មុន។ ក្រុមហ៊ុន​ទី3 គឺ​ក្រុមហ៊ុន វី​ខូ​និក (VConnect) ដែល​នឹង​ជួយ​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​វ័យឆ្លាត ជួយ​អ្នកអាណាព្យាបាល និង​សាលារៀន​ទៅលើ​ការទំនាក់ទំនង​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ រួមទាំង​ការគ្រប់គ្រង​ការសិក្សា​របស់​សិស្សានុសិស្ស។ ក្រុមហ៊ុន​ទី 4 គឺ​ក្រុមហ៊ុន ឌី ធី ភី (DTP) ដែលជា​អ្នក​អភិវឌ្ឍ​បណ្ណាល័យ​អេ​ឡិច​ត្រូ​និ​ច និង កម្មវិធី​រៀន​តាម​ប្រព័ន្ធ​ឌីជីថល។អ្ន កអាណាព្យាបាល និង សិស្សានុសិស្ស​អាច​ប្រើប្រាស់​កម្មវិធី​រៀន​នៅផ្ទះ​ដើម្បី​បង្កើន​សមត្ថភាព​ទៅ​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​ពួកគាត់។ ក្រុមហ៊ុនទី5 គឺក្រុមហ៊ុនសង្កប្ប (Sangapac) ដែលជាក្រុមហ៊ុន​បង្កើតបច្ចេកវិទ្យាអប់រំសម្រាប់ជួយដល់ស្ថាប័នអប់រំ កុមារតូច និងអាណាព្យាបាល​កុមារនៅកម្ពុជា។ តាមរយៈកម្មវិធីរបស់សង្កប្ប សិស្សនៅកម្រិតបឋមសិក្សានឹងសិក្សាបានលឿននូវរបៀបសរសេរអក្សរ ស្គាល់លេខ និងចេះគណនាតាមវិធីឆ្លាតវៃ។ ក្រុមហ៊ុនទី6 គឺក្រុមហ៊ុន E-School Cambodia ដែលជាក្រុមហ៊ុនផ្តល់នូវបច្ចេកវិទ្យាអប់រំដល់សិស្សានុសិស្សចាប់តាំងពីបឋមសិក្សារហូតដល់​មធ្យមសិក្សា។ ក្រុមហ៊ុននេះបានអញ្ជើគ្រូបង្រៀន​ល្បីៗជាច្រើន​ដើម្បីចូលរួមផលិតជាវីដេអូបង្រៀន​ដែលអាចធ្វើឱ្យសិស្សគ្រប់កម្រិតអាចសិក្សាបានប្រកបដោយប្រសិទ្ធភាព៕

Advertisement