ក្រសួងអប់រំ ចេញវីដេអូបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយជាផ្លូវការ

ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានរៀបចំពីធីប្រកាសផ្សព្វផ្សាយ​ជាផ្លូវការវីដេអូស្តីពីការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូល​អប់រំកម្រិតមូលដ្ឋានពីចម្ងាយ ដើម្បីធានាផ្តល់ការអប់រំ​ទៅកាន់គ្រប់គ្នាបើទោះបីជាសាលារៀនត្រូវបិទទ្វាដោយសារតែបញ្ហា Covid-19 ក៏ដោយ។

ក្រសួងអប់រំបានបញ្ជាក់ថា ស្ថិត​ក្នុង​បរិ​ការណ៍​នៃ​ការ​រីក​រាលដាល​ជំងឺ​Covid-19ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បិទ​សាលារៀន​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស។ យ៉ាង​នេះ​ក្ដី ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ខិតខំ​រិះរក​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ឱ្យ​ការ​អប់រំ​មាន​ដំណើរ​ការ​ជា​ធម្មតា​ឡើងវិញ។

ក្នុង​នោះ​ដែរ​តាម​រយៈ​មាន​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ពី​សំណាក់​អង្គការ​យូណេស្កូ ​ការ​បង្រៀន​អក្ខរកម្ម និង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ពី​ចម្ងាយ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ដែល​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ជំរុញ​ការ​សិក្សា​របស់​ប្រជាពលរដ្ឋ យុវជន និង​កម្មករ កម្មការិនី​រោងចក្រ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ជា​មួយ​ការ​អប់រំ​ក្នុង​យុគ​សម័យ​ឌីជីថល របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា។ ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​ចេញ​ផ្សាយ​នូវ​កាល​វិភាគ​​​ប្រចាំ​ថ្ងៃ​ សម្រាប់​កម្មវិធី​ប៊ីប ដែល​ចាក់​​ផ្សាយ​វីដេអូ​មេរៀន​​លើ​ទំព័រ​ហ្វេសប៊ុក facebook.com/krou.moeys.gov.kh/ និង​ facebook.com/BEEPCambodia រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សៅរ៍ ចាប់​ពី​ម៉ោង​17:30-18:30 ល្ងាច ។

សូម​ជម្រាប​ថា តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ដឹកនាំ​ផលិត​វីដេអូ​ស្តីពី​ការ​បង្រៀន​អក្ខរកម្ម​ពី​ចម្ងាយ ក្រុម​ការងារ​បាន​សម្រេច​ថត​វីដេអូ​ស្ដីពី​ការ​បង្រៀន​អក្ខរកម្ម​មុខវិជ្ជា​គណិតវិទ្យា​ចំនួន 29វីដេអូ ថត​នៅ​ស្ទូឌីយោ​ពហុ​មេឌា​នៃ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​មុខ​វិជ្ជា​ភាសា​ខ្មែរ​ចំនួន 55​វីដេអូ ថត​នៅ​ស្ទូឌីយោ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ។ ដោយ​ឡែក​ការ​ផលិត​វីដេអូ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ចំនួន 60វីដេអូ គឺ​ជា​បន្ទុក និង​ថត​នៅ​ស្ទូឌីយោ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន៕

Advertisement