15ចំណុច ឪពុកម្តាយត្រូវធ្វើពេលកូនៗរៀនអនឡាញ ក្នុងសម័យកូវីដ

ការដាក់​ចិត្ត និង​សកម្មភាព​ក្នុង​ភាពជា​ម្ចាស់ការ និង​ការសហការ​ជា​វិជ្ជា​មាន​របស់​អ្នកអាណាព្យាបាល​ជាមួយ​សាលារៀន​ជា​រឿង​ចាំបាច់​ណាស់​ក្នុងអំឡុងពេល​សិក្សា​អន​ឡាញ និង​ពី​ចម្ងាយ​នេះ។

លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា អាណាព្យាបាល​ពិតជា​សំខាន់​ណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ការសិក្សា​របស់​កូន​ក្នុងដំណាក់កាល​នៃ​ការសិក្សា​ពី​ចម្ងាយ​នេះ។ ហេតុនេះ​អាណាព្យាបាល​គួរ​អនុវត្ត​នូវ​គោល​គំនិត និង​សកម្មភាព​អប់រំ​មួយចំនួន​ដូចខាងក្រោម៖

  1. ក្រៅពី​ការបំពេញ​ការងារ ឬ​សកម្មភាព​រកស៊ី​ខាងក្រៅ សូម​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​តាមដាន និង​ផ្តល់​កម្លាំងចិត្ត​ដល់​កូន។
  2. កាត់បន្ថយ​សកម្មភាព​ជួបជុំ​មិត្ត​ភ័​ក្រ​ខាងក្រៅ ហើយ​នាំ​កូន​ដើរ​កំសាន្ត​ក្នុង​ធម្មជាតិ​ខាងក្រៅ​ឱ្យបាន​ច្រើន ដូចជា​វាលស្រែ ដើមឈើ រុក្ខជាតិ​បៃតង ភ្នំ សមុទ្ទ ស្រូបខ្យល់​បរិសុទ្ធ។
  3. ចំណាយពេល​លេងល្បែង​កំសាន្តផ្សេងៗជាមួយ​ពួកគេ ដើម្បី​បង្វែរ​កុំឱ្យកូនៗចំណាយពេល​លើ​អេក្រង់​អេ​ឡិ​ក​ត្រូ​និក​បន្ថែមទៀត បន្ទាប់ពី​សិក្សា​តាម​អន​ឡាញ​ហើយ។
  4. នាំ​កូន​ធ្វើ​សកម្មភាព​កិច្ចការ​ផ្ទះ​នានា ដូចជា​ចម្អិនម្ហូប ឬ​ធ្វើ​សួនផ្សេងៗ ឬ​លេង​កីឡា។
  5. ដាស់តឿន​អប់រំ​កូន​ជាប្រចាំ​ពី​ផលប៉ះពាល់ និង​ហានិភ័យ​នានា​តាម​បណ្តាញ​សង្គម ដូចជា​គេហទំព័រ​ដែល​មិនគួរ​មើល ព័ត៌មាន​ដែល​ល្អ ឬ​មិនល្អ ព័ត៌មាន​ពិត ឬ​ក្លែងក្លាយ។ ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ភាគច្រើន​នៅ​ជា​ព័ត៌មាន​បំពុល គ្រោះថ្នាក់ និង​អាចឱ្យ​យុវជន​ជំទង់​ភាគច្រើន​មានការ​គិត វិភាគ និង​ធ្វើ​សកម្ម​ភាពខុស។
  6. កាត់បន្ថយ​ការប្រើ​ទូរស័ព្ទ​ដែល​ឥតប្រយោជន៍ ពេល​នៅក្បែរ​កូន។ លោកអ្នក​គួរ​ចំណាយពេល​ដ៏​មានតម្លៃ​នេះ​និយាយ​លេង ស្ទង់​អារម្មណ៍ និយាយ​លើកទឹកចិត្ត​កូន​វិញ។ ប្រសិនបើ​លោកអ្នក​កាន់​ទូរស័ព្ទ​មក​កំសាន្ត​នោះ កូន​របស់លោក​អ្នក​ក៏​នឹងធ្វើ​តាម​ដែរ។
  7. អាច​មើល​កុន ឬ​ទូរទស្សន៍​រួមគ្នា​ជា​លក្ខណៈ​គ្រួសារ​នៅផ្ទះ ជាមួយនឹង​អាហារ និង​ភេសជ្ជៈ​ដែល​កូន​ចូលចិត្ត​ក្នុង1សប្តាហ៍ ឬ2សប្តាហ៍​ម្តង នៅ​ល្ងាច​ចុង​សប្តាហ៍​ណាមួយ។ វា​នឹង​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​សប្បាយរីករាយ1។
  8. ប្រសិនបើ​លោកអ្នក​ចេះ យល់ដឹង​ខ្លះ​ពី​សមាធិ ឬ​យ៉ូ​ហ្កា លោកអ្នក​គួរ​បង្រៀន និង​បបូលកូនៗចូលរួម​ជាមួយ​លោកអ្នក។ សកម្មភាព​ទាំងអស់នេះ​អាចជួយកូនៗរបស់លោក​អ្នកគ្រប់គ្រង​អារម្មណ៍ និង​ការពារ​ខ្លួន​របស់​ពួកគេ​ពី​ភាព​តានតឹង​ផ្លូវ​ចិត្តបាន​ខ្លះ។
  9. ក្នុង​ក្រុមគ្រួសារ បង្កើត​បរិយាកាស​រស់​នៅ ជាពិសេស​ការនិយាយស្តី​វិជ្ជមាន ល្អៗ នឹង​គ្នា។ ចៀសវាង​បរិយាកាស​ហឹ​ង្សា​ក្នុង​គ្រួសារ។
  10. អ្នកអាណាព្យាបាល​ត្រូវ​ស្វែងរក និង​ប្រើប្រាស់​សេវា​ប្រឹក្សា​យោបល់ ជាមួយ​សាលារៀន ឬ​អ្នកជំនាញ​ប្រឹក្សា​យោបល់​ភ្លាម ប្រសិនបើ​លោកអ្នក​យល់ថា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លួនឯង​ដែរ។
  11. ព្យាយាម​កន្លែង​កូន​រៀន​ឱ្យ​បានល្អ។ មាន​ពន្លឺ​គ្រប់គ្រាន់ លំហូរ​ខ្យល់​ល្អ ស្រឡះ និង​មាន​ឧបករណ៍​រៀនសូត្រ​គ្រប់គ្រាន់។ បើ​មានលទ្ធភាព សូម​ប្រើប្រាស់​កុំព្យូទ័រ ឬ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ដែលមាន​អេក្រង់​ធំ (13អ៊ិ​ញ​ឡើង) ដើម្បីឱ្យ​កូន​រៀន។
  12. ពិភាក្សា​ជាមួយ​សាលារៀន និង​គ្រូ ស្វែងយល់​ពី​កម្មវិធីសិក្សា របៀប​សិក្សា និង​របៀប​ប្រើ​ឧបករណ៍​សិក្សា​អន​ឡាញ។
  13. ប្រសិនបើ​មាន​មេរៀន​ក្នុង​សៀវភៅ​ពុ​ម្ភ សូម​ណែនាំ​កូន​ឱ្យ​អាន​សៀវភៅ​វិញ ជំនួស​ឱ្យ​អាន​ក្នុង​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច។
  14. ជំនួស​កាស​ដាក់​ផ្ទាល់​នឹង​ត្រចៀក សូម​ប្រើ​សម្លេង​ផ្ទាល់​ពី​កុំព្យូទ័រ ឬ​ទិញ​កូន​បាស់តូចៗ ហើយ​ភ្ជាប់​ប្ល៊ូ​ទូ​ស​ឱ្យ​គាត់​ប្រើ​វិញ។ ហើយ​លោកអ្នក​គួរតែ​ទិញ​វ៉ែនតា​ការពារ​ពន្លឺ​ជូន​ពួកគេ ពេល​គេ​មើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច។
  15. ចំពោះ​កុមារតូចៗ សូម​ស្វែងយល់ និង​ប្រើប្រាស់​ឧបករណ៍ សម្ភារ​អប់រំ​តាមបែប​ល្បែង​កំសាន្ត​ឱ្យបាន​ច្រើន​បំផុត រួម​នឹង​សន្លឹក​កិច្ច​ការដែល​យកមក​ពី​សាលា។
    វា​មិនមែនជា​ការងាយស្រួល​ទេ សម្រាប់​ទាំង​សាលារៀន គ្រូ និង​អ្នកអាណាព្យាបាល​ក្នុងការ​បង្រៀន​កូន​អន​ឡាញ និង​ពី​ចម្ងាយ​បែបនេះ។ វា​ត្រូវការ​ភាព​អត់ធ្មត់ ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់ ជាពិសេស​វា​កាន់តែ​លំបាក​ប្រសិនបើ​ពីមុនមក​អ្នកអាណាព្យាបាល​មិនដែល​បានធ្វើ ឬ​ធ្វើបាន​តិចតួច​បំផុត​នូវ​សកម្មភាព​ខាងលើ។

វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ធ្វើជា​អ្នកអាណាព្យាបាល​ល្អ​ម្នាក់។ តែ​លោកអ្នក​គួរតែ​អបអរ​ខ្លួនឯង​ប្រសិនបើ​លោកអ្នក​អាច​តាំងចិត្ត​មើល ស្វែងយល់​ខ្លឺ​ម​សារ​ជូន​យោបល់​ដ៏​វែង​ដែល​ខ្ញុំ​តាំងចិត្ត​សរសេរ​ពីលើ​មកនេះ ដើម្បី​យកទៅ​ប្រើប្រាស់​ជា​គុណប្រយោជន៍​ដល់កូនៗរបស់​យើង។

លោក​ជឿជាក់ថា​ស្ថានភាព​នេះ វា​ក៏​នឹង​ដាស់តឿន​ទាំង​សាលារៀន គ្រូបង្រៀន ឱ្យ​អភិវឌ្ឍ​ខ្លួន​កាន់តែ​ប្រសើរ​ឡើងលើ​ភាពជា​ដៃគូ​អភិវឌ្ឍ​កុមារ យុវជន​របស់​យើងទាំងអស់គ្នា។

សូម​ជូនពរ​លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និង​កូនក្មួយ​ទាំងអស់​ឱ្យមាន​សុខភាព និង​សុវត្ថិ​ភាពល្អគ្រប់ៗគ្នា និង​សូម​ចូលរួម​បន្ត​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ19ទាំងអស់គ្នា៕

Advertisement