ផ្នត់គំនិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរជីវិត

នៅក្នុង​ការរស់នៅ​រប​ស់មនុស្ស​យើងម្នាក់ៗ យើង​ចាំបាច់​ត្រូវតែមាន​ការអភិវឌ្ឍ​ជាប់​ជាប្រចាំ តែ​ពេលខ្លះ​មនុស្ស​ដែល​តែងតែ​ខិតខំ​រៀនសូត្រ​មិន​ប្រាកដថា​ទទួលជោគជ័យ​ក្នុង​ជីវិត​នោះទេ។ បញ្ហា​នេះ​បណ្តាលមកពី​ពួកគេ​មាន​ផ្នត់គំនិត (paradigm) មិន​ត្រឹមត្រូវ។

លោក Steven Covey អ្នកនិពន្ធ​សៀវភៅ​ទម្លាប់​ល្អ​ទាំង7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់ បាន​លើកឡើងថា ចំណុច​ដែល​កំណត់​វាសនា​របស់​មនុស្ស​សំខាន់បំផុត​គឺ​ផ្នត់គំនិត ព្រោះ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដែល​នាំឱ្យមាន​សកម្មភាព​កើតឡើង។ មនុស្ស​រីកចម្រើន ឬ​មិន​រីកចម្រើន​គឺ​អាស្រ័យ​លើ​ផ្នត់គំនិត​នេះឯង ប្រសិនបើ​ផ្នត់គំនិត​មិនល្អ មានន័យថា​គាត់​ចាប់ផ្តើម​ពី​ចំណុច​មិនល្អ ហើយ​បង្កើត​សកម្មភាព​មិនល្អ​ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​មិន​រីកចម្រើន។

អ្នកជំនាញ​អភិវឌ្ឍ​មនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចំនុច​សំខាន់​ក្នុងការ​អភិវឌ្ឍ​ផ្នត់គំនិត​ឱ្យបាន​ត្រឹមត្រូវ​គឺ​បណ្តុះ​ភាពជា​ម្ចាស់ការ (proactive) មានន័យថា​យើង​ត្រូវតែ​ជាម​នុស្ស​ដែល​ចេះ​មើល​លើ​គ្រប់​រឿងរ៉ាវ​ក្នុង​ជីវិត​ឱ្យបាន​ច្បាស់លាស់ មិនមែន​ធ្វើតាម​អារម្មណ៍​នោះទេ។ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត យើង​ត្រូវតែ​ជា​មនុស្ស​ឯករាជ្យ ដែលមាន​គំនិត​ស៊ីជម្រៅ​ពី​ខាងក្នុង មិនឆាប់​ខឹង ឆាប់​ជឿ ឬ​ឆាប់​ប្រតិកម្ម​តប​ទៅនឹង​រឿងរ៉ាវ​ណាមួយ​ដែល​កើតឡើង​ចំពោះមុខ។ ភាគច្រើន​មនុស្ស​ដែលមាន​ផ្នត់គំនិត​ស៊ីជម្រៅ គេ​តែង​ប្រមូល​ហេតុផល​ឱ្យបាន​ច្បាស់លាស់​បំផុត​មុននឹង​សម្រេចចិត្ត ឬ​បញ្ចេញ​សកម្មភាព​ណាមួយ​ក្នុង​ជីវិត៕

Advertisement