ក្រសួងអប់រំថា មានសេដ្ឋកិច្ចឌីជីថលបានទាល់តែមានការអប់រំឌីជីថល

ក្រសួង​អប់រំ យុវជន និង​កីឡា បច្ចុប្បន្ននេះ កំពុង​យកចិត្តទុកដាក់​ក្នុងការ​បណ្តុះបណ្តាល​សិស្ស​តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការអប់រំ​ពី​ចម្ងាយ​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​សិស្ស​គ្រប់ទិសទី​នៅក្នុង​ប្រទេស​ទទួលបាន​ការអប់រំ បើទោះបី​ជាមាន​ឧបសគ្គ​ខ្លះ​កើតចេញពី​បញ្ហា Covid-19 ក៏ដោយ។

ក្រសួង​អប់រំ បាន​បញ្ជាក់ថា ចាប់តាំងពី​ដើមឆ្នាំ2019មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់ថា ចក្ខុវិស័យ​ដើម្បី​ឱ្យមាន​សេដ្ឋកិច្ច​ឌីជីថល លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល។ ការអប់រំ​ឌីជីថល​ក្នុង​បរិបទ​ឧស្សាហកម្ម 4.0 មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា​ក្នុងការ​បោះជំហាន​ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល ដោយសារ​ផ្នែក​ទាំងអស់នេះ​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ដើម្បី​បំពេញការងារ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាត​វៃ​ទាំងអស់នោះ។

ស្របតាម​ចក្ខុ​វិស័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន និង​កំពុង​រៀបចំ មូលដ្ឋាន​មូលដ្ឋានគ្រឹះ​សម្រាប់​ការអប់រំ​ឌីជីថល  ឱ្យ​ឆ្លើយតប​ជាមួយ​យុគ្គសម័យ​បច្ចេកវិទ្យា​តាមរយៈ​ការធ្វើកំណែទម្រង់​គ្រឹះស្ថានសិក្សា និង​កំណែទម្រង់​ការបណ្តុះបណ្តាល​គ្រូ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សមត្ថភាព​ខ្ពស់​ខាង​ផ្នែក​បច្ចេកវិទ្យា មុននឹង​ចែករំលែក​បន្តទៅ​ដល់​សិស្សានុសិស្ស​ដែលជា​ធនធានមនុស្ស​ជំនាន់​ថ្មី។

ក្រសួង​អប់រំ​ថា ការអប់រំ​បែប​ឌីជីថល ជាការ​ប្រើប្រាស់​ប្រកបដោយ​នវានុវត្តន៍​នៃ​ឧបករណ៍ និង​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​បង្រៀន និង​ការរៀន ក៏ដូចជា​គ្រប់គ្រង​លើ​ការបង្រៀន និង​ការរៀន។ ក្នុងន័យនេះ ការអប់រំ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ជា​ប្រព័ន្ធ​នៃ​ការអប់រំ​តាមបែប​ឌីជីថល​មួយបែប ដែលមាន​មូលដ្ឋាន​ចេញពី​ការអប់រំ​ផ្លូវការ និង​ប្រើប្រាស់​ធនធាន​អេឡិចត្រូនិក​ជា​ជំនួយ។ ការសិក្សា​ពី​ចម្ងាយ ជា​វិធីសាស្ត្រ​មួយ​ដែល​សិស្ស​អាច​ទទួល​បានការ​អប់រំ សម្រាប់​អភិវឌ្ឍ​សម្បទា​ទាំង4 គឺ​ពុ​ទិ្ធ​សម្បទា បំ​ណិ​ន​សម្បទា កាយសម្បទា និង​ចរិយា​សម្បទា ដោយ​ពុំ​ចាំបាច់​មាន​វត្ត​មាននៅ​សាលារៀន ឬ​ជួប​ជាមួយ​គ្រួ​ផ្ទាល់៕

Advertisement