សិស្សកម្ពុជាបច្ចុប្បន្ននេះ 30% មិនទាន់ទទួលបានសេវាអប់រំ

ការអប់រំ ជា​ផ្នែក​យ៉ាង​មាន​សារៈសំខាន់​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ និង​គ្រប់ពេលវេលា ព្រោះ​ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច និង​ការរីក​រាលដាល​នៃ​មេរោគ Covid-19 ក៏ដោយ​ក៏​ការអប់រំ​នៅតែ​ជា​ចំណុច​អាទិភាព​ក្នុងប្រទេសនីមួយ។

នៅ​កម្ពុជា​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ យើង​បាន​ជំរុញឱ្យមាន​ការបណ្តុះបណ្តាល​តាមរយៈ​បច្ចេកវិទ្យា ក្រោយពី​មានការ​បិទ​សាលា​ដើម្បី​បង្ការ​ឱ្យមាន​ការរីក​រាលដាល​នៃ​មេរោគ Covid-19។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្នុងចំណោម​សិស្ស3លាន​នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​សិស្ស​ប្រមាណ 30% ដែល​មិនទាន់​ទទួលបាន​សេវា​អប់រំ។ បញ្ហា​ដែល​ពួកគេ​មិនទាន់​ទទួលបាន​សេវា​អប់រំ​គឺ​ដោយសារតែ សិស្ស​ទាំងអស់នោះ​មិនមាន​លទ្ធភាព​ប្រើប្រាស់ Smart Phone និង​កុំព្យូទ័រ។ ម្យ៉ាងវិញទៀត​ពូកគេ​ភាគច្រើន​រស់នៅ​ឆ្ងាយ​ពី​សាលារៀន និង​ស្ថិតក្នុង​ជីវភាព​ក្រីក្រ។

ឯកឧត្តម​បាន​បន្ថែមទៀតថា ក្នុងចំណោម​សិស្ស 3លាន​នាក់​នោះ មាន​ពាក់កណ្តាល​ទទួលបាន​សេវា​អប់រំ​ពី​ក្រសួង​អប់រំ និង​ពាក់កណ្តាល​ទៀត​ត្រូវ​ពឹង​ផ្អែកលើ​សៀវភៅ​សិក្សា​គោល៕

Advertisement