អក្ខរកម្មឌីជីថលជាផ្នែកសំខាន់ក្នុងការអប់រំសតវត្សទី21

នៅក្នុង​សតវត្ស​ទី21នេះ ជា​យុគ្គ​សម័យថ្មី​មួយ​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​លើ​គ្រប់ផ្នែក​ទាំងអស់ ជាពិសេស​ប្រព័ន្ធ​ការងារ និង​ការអប់រំ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា​បាន​ដើរតួនាទី​កាន់តែ​សំខាន់​នៅក្នុង​ពិភពលោក ហើយ​ក្នុងនោះ បច្ចេកវិទ្យា​មួយចំនួន​ក៏បាន​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស​ផងដែរ។ បញ្ហា​នេះ​ទាមទារ​ឱ្យ​ការអប់រំ​ក៏ត្រូវ​តែ​អភិវឌ្ឍ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​ថ្មី​ក្នុង​សតវត្ស​ទី21នេះ។ សម្រាប់​កម្ពុជា នៅក្នុង​សន្និបាត​អប់រំ​ឆ្នាំ2020នេះ យើង​បានជ្រើសរើស​យក​ប្រធានបទ«ការអប់រំ​ឌីជីថល» ព្រោះ​វា​ជា​ផ្នែក​សំខាន់​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ការងារ​ក្នុង​ពិភពលោក​នា​សតវត្ស​ថ្មី​នេះ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «តម្រូវការ​ទីផ្សារការងារ​នា​សតវត្ស​ទី21នេះ ចាំបាច់​ត្រូវការ​បំ​ណិ​ន​ខ្ពស់ ដូចជា​បំ​ណិ​ន​វិជ្ជាជីវៈ បំ​ណិ​ន​ផ្នែក​ទន់ ដូចជា​ការដោះស្រាយ​បញ្ហា ការធ្វើការងារ​ជា​ក្រុម គំនិត​ច្នៃប្រឌិត និង​បំ​ណិ​ន​បច្ចេកវិទ្យា​ជាដើម»។

រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បន្ថែមទៀតថា ចំពោះ​បំ​ណិ​ន​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ដើម្បីឱ្យ​ប្រជាជន​របស់​យើង​មានចំណេះដឹង​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ចេះ​សរសេរ​កម្មវិធី ឬ​ចេះ​សរសេរ​កូដ​ជាដើម។ កាលណា​ពួកគេ​មានចំណេះដឹង​ទាំងអស់នេះ ពួកគេ​នឹង​នៅតែ​រក្សាបាន​នូវ​តម្លៃ​ចំពោះ​ការងារ​ក្នុង​រយៈពេល​វែង​ត​ទៅមុខទៀត៕

Advertisement