ចង់មានលឿនពេកជាដើមហេតុនាំឱ្យមានជំងឺបាក់ទឹកចិត្ត

បច្ចុប្បន្ននេះ ដោយសារតែ​មនុស្ស​រស់​នៅក្នុង​ពិភពលោក​ដែល​ស្ទើរតែ​គ្រប់គ្នា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វើឱ្យ​ការ​បង្អួត​សម្ភារៈ​និយម និង​ការបង្ហាញ​ពី​ឥទ្ធិពល​នៃ​មាសប្រាក់​បានកើត​ឡើង​យ៉ាង​ព្រោងព្រាត។ បញ្ហា​ទាំងអស់នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ដែល​ស្ថិតនៅក្នុង​ជីវៈភាព​មធ្យម ចាប់ផ្តើម​បណ្តុះ​គំនិត​ចង់​ក្លាយជា​អ្នកមាន ដោយ​មិនបាន​សិក្សា​ពី​ដើមហេតុ និង​ហេតុផល​សមស្រប​ដែល​គេ​ទទួលបាន​សម្ភារៈ​ទំនើប និងថ្លៃៗទាំងអស់នោះ។

លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា ចង់​មាន​លឿន​ពេក ក៏​ជា​មូលហេតុ​មួយ​នាំទៅរក​ជំងឺ​បាក់​ទឹកចិត្ត​ផងដែរ។ ពេល​អ្នកឃើញ​អ្នកណាម្នាក់​ដែល​អ្នក​ស្គាល់​មានបាន ហើយ​អ្នក​ក៏​ចង់​មាន​ដូច​គេ ហើយ​អ្នក​សង្កេតឃើញថា ការងារ​គេ​ខុសពី​អ្នក ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​លែង​ចូលចិត្ត​ការងារ​ខ្លួនឯង​ទៀត ហើយ​ធ្វើការ​ទាំង​ធុញ ពេលធ្វើការ​ទាំង​ធុញ​ធ្វើឱ្យ​គុណភាព​ការងារ​ធ្លាក់ចុះ កាន់តែ​មិន​សប្បាយចិត្ត។ ក្រោយមក​អ្នក​អាច​បោះបង់​ការងារ​ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​ទៅធ្វើ​ការងារ​ដូច​គេ ព្រោះ​ចង់​មាន​ដូច​គេ តែ​ពេល​ចាប់ផ្ដើម​ធ្វើ​ទើប​អ្នក​ដឹងថា វា​មិនមែនជា​ការងារ​ដែល​អ្ន​ក​ចូលចិត្ត​នោះទេ ហើយ​អ្នក​ក៏​ធ្វើ​វា​មិន​បានល្អ គុណភាព​ការងារ​អន់ ធ្វើឱ្យ​អ្នក​អស់សង្ឃឹម ហើយ​ឈានទៅរក​ជំងឺ​បាក់​ទឹកចិត្ត។

លោក​ថា ភាគ​ជោគជ័យ​មិនមែន​វាស់​ដោយ​ចំនួន​លុយ​ឡើយ គឺ​វាស់​ដោយ​សុភមង្គល​ដែល​អ្នកមាន ភាព​រីករាយ​ដែល​អ្នកមាន ហេតុនេះ ត្រូវ​ចេះ​រីករាយ​ជាមួយ​ការងារ​របស់​អ្នក ខិតខំ​ធ្វើ​វា​ប្រកបដោយ​គុណភាព​ខ្ពស់៕

Advertisement