ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា ថ្លែងអំណរគុណរដ្ឋាភិបាលដែលស្នើរឱ្យធនាគាររៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន

ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ​គ្រប់​វិស័យ​ទាំងអស់​សុទ្ធតែ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ជាពិសេស​វិស័យ​ឯកជន ដោយ​ក្នុងនោះ​រួមទាំង​វិស័យ​អប់រំ​ឯកជន​ផងដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅក្នុង​ពិធី​ប្រកាស​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​គួរ​ពិភាក្សា​ជាមួយ​ធនាគារឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ផងដែរ​ថា គ្រឹះស្ថានសិក្សា​ឯកជន​បានដាក់​ទ្រព្យ​បញ្ចាំ​របស់ខ្លួន​ជាច្រើន​ទៅ​ធនាគារ​ហើយ ហេតុនេះ​ពួកគាត់​គ្មាន​ទ្រព្យ​ឯណា​ទៅ​បញ្ចាំ​បន្ថែម​ដើម្បី​យកប្រាក់​មក​ដោះស្រាយ​ផលប៉ះពាល់​នោះទេ ហេតុនេះ​ធនាគារ​គួរ​ពង្រីក​ទំហំ​នៃ​កម្ចី​លើ​ទ្រព្យ​បញ្ចាំ​ដែល​គ្រឹះស្ថានសិក្សា​ឯកជន​បានដាក់​តម្កល់​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ សម្តេច​បាន​សង្កត់ធ្ងន់​ផងដែរ​ថា យើង​ត្រូវតែ​ពិនិត្យមើល ធ្វើយ៉ាងណា​កុំឱ្យ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ណាមួយ​ដួលរលំ​ឱ្យសោះ ហេតុនេះហើយ​ទើបត្រូវ​ឱ្យមាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ​ចំពោះ​ពួកគាត់។

បន្ថែម​ពីលើ​នោះ​ផងដែរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ក៏បាន​ជំរុញ​ផងដែរ​ឱ្យ​ម្ចាស់​អគារ​ដែល​ជួល​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងឡាយ​ផ្តល់នូវ​ការយោគយល់ និង​មាន​ភាពទន់ភ្លន់​ជាមួយនឹង​គ្រឹះស្ថានសិក្សា​ឯកជន។ សម្តេច​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អគារ​អស់​កាត់បន្ថយ​ថ្លៃឈ្នួល​ក្នុង​ការជួល​អគារ​ដល់​ម្ចាស់​គ្រឹះស្ថាន​ឯកជន ព្រោះ​បច្ចុប្បន្ននេះ សូម្បីតែ​សណ្ឋាគារ​ក៏​ចុះថ្លៃ​ដែរ ហើយ​កន្លែង​ខ្លះ​ការទទួល​ទាន​គេ​ចុះ​រហូតដល់ 30% ឬ50% ឯណោះ។ សម្រាប់​សាកលវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​ខ្លះ​ដែលមាន​អគារ​ផ្ទាល់ខ្លួន​មិនមាន​បញ្ហា​នោះទេ តែ​គ្រឹះស្ថានសិក្សា​ដែល​ជួល​អគារ​គេ​ទើប​គាត់​លំបាក។ ដូច្នេះ​ដើម្បី​កុំឱ្យ​ក្នុងពេល​មាន​វិបត្តិ​នេះ គ្រឹះស្ថានសិក្សា​ឯកជន​ខាតបង់​ខ្លាំងពេក​សូម​ម្ចាស់​អគារ​ទាំងឡាយ​ផ្តល់នូវ​ការយោគយល់។

បង្ហាញ​ការគាំទ្រ​លើ​ចំណុច​នេះ លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា៖ «យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អគារ​បញ្ចុះតម្លៃ​ឈ្នួល និង​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន»។

លោក​បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ សាលារៀន​ដែលមាន​ប្រាក់ចំណូល​បង្គួរ​អាចមាន​ចំណូល​ប្រហែល 40% ទៅ50% តែ​សម្រាប់​សាលា​ភាសា និង​សាលា​សម្រាប់​កុមារ​តូច​ជាច្រើន មាន​ប្រាក់ចំណូល​ប្រហែល​ត្រឹមតែ 20% ទៅ30% តែប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អន្តរាគមន៍​លើ​ការរៀបចំ​ឥណទាន​ពិសេស​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន ឱ្យ​ដូចជា​សហគ្រាស​ធន​តូច និង​មធ្យម (SME) និង​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​ជនបទ(RDB) នោះ​នឹង​អាចជួយ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​បាន​យ៉ាងច្រើន។

តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក ប៉ិច បូ​ឡែ​ន បានបញ្ជាក់​ផងដែរ​ថា សាលារៀន​ឯកជន​ខ្លួនឯង​ក៏​គួរ​ត្រួតពិនិត្យ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​ឯងរៀងៗខ្លួន ដើម្បី​ប្រាកដប្រជា​ថា​យើង​អាច​យក​កម្ចី​នេះ​មកប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​បង្កើតជា​ចរន្ត​សាច់ប្រាក់​ដើម្បី​មានលទ្ធភាព​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​បានល្អ និង​បន្ត​និរន្តរភាព​សាលារៀន​ក្នុងពេល Covid-19 និង​ក្រោយ​បញ្ហា Covid-19 ត្រូវបាន​បញ្ចប់៕

Advertisement