សាលារៀនអាចនឹងចាប់ផ្តើមបើកទ្វានៅខែសីហានេះ

ពេលវេលា​បើក​សាលារៀន​ឡើងវិញ​គឺជា​រឿង​ដែល​អាណាព្យាបាល និង​ភាគី​ពាក់ព័ន្ធ​នានា​ចាប់អារម្មណ៍​បំផុត​ព្រោះ​គ្រប់គ្នា​សុទ្ធតែ​បារម្ភ​ពី​ការអប់រំ របស់ក្មេងៗដែល​កំពុង​សិក្សា​តាមរយៈ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ បាន​ឯកភាពគ្នា​ឱ្យ​បើក​សាលារៀន​ជាបណ្តើរៗចាប់ពី​ខែសីហា​ខាងមុខនេះ​តទៅ។ ជា​ដំណាក់កាល​ដំបូង ក្រសួង​នឹង​អនុញ្ញាតឱ្យ​សាលា​អន្តរជាតិ​ចំនួន 15ដែលមាន​ស្តង់ដា​ខ្ពស់​បើក​សាកល្បង​សិន ហើយ​ជំហាន​បន្ទាប់​ទើប​សម្រេច​បន្ថែមទៀត។ តែ​ទោះជា​យ៉ាងនេះ​ក្តី​សាលានីមួយៗត្រូវដាក់​ពាក្យស្នើសុំ​បើក​សា​លាមក​ក្រសួង​ជាមុនសិន ដើម្បីឱ្យ​ក្រសួង​បាន​វាយតម្លៃ និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុននឹង​អនុញ្ញាតឱ្យ​បើក​ដំណើរការ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ការបើក​ដំណើរការ​សាលា​ឡើងវិញ​នេះ ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល ឯកភាពគ្នា​ឱ្យធ្វើ​ឡើងជា3ដំណាក់កាល។ ដំណាក់កាល​ទី1 គឺ​ចាប់ផ្តើម​ពី​សាលា​ដែលមាន​ស្តង់ដា​ខ្ពស់​មុនគេ បន្ទាប់មក​ដំណាក់កាល​ទី2 អនុញ្ញាតឱ្យ​បើក​សាលា​មាន​ស្តង់ដា​មធ្យម និង​ដំណាក់កាល​ទី3 អនុញ្ញាតឱ្យ​បើក​សាលា​ដែលមាន​ស្តង់ដា​អប្បបរមា៕

Advertisement