កុមារតូចក៏អាចរៀនដោយគុណភាព និងសុវត្ថិភាពតាមបច្ចេកវិទ្យាបានដែរ តែទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់

ក្នុង​យុគ្គសម័យ​បច្ចេកវិទ្យា​នេះ ពិភពលោក​កំពុង​រស់នៅ​ជាមួយ​បច្ចេកវិទ្យា ព្រោះ​មិន​ថា​ការងារ ការធ្វើ​អាជីវកម្ម ឬ​ជីវិត​ប្រចាំថ្ងៃ​នោះទេ មនុស្ស​ចាំបាច់​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា។ តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការអប់រំ​កុមារ​តូច​វិញ របត់​បច្ចេកវិទ្យា​អាច​ផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​ដិតដល់​ដើម្បី​ធានាថា​ពួកគេ​អាច​រៀន​តាម​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព។

លោកស្រី អ៊ុក សូ​នី​តា នាយិកា​រង​នាយកដ្ឋាន​អប់រំ ទទួលបន្ទុក​កម្មវិធី​ម​ត្តេ​យ្យ និង​កុមារ​តូច នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា ទោះជា​មិនមាន​ការស្រាវជ្រាវ​ជាក់​លាស់​ណាមួយ​ដែល0បង្ហាញថា​ការរៀន​ពី​ចម្ងាយ​នៃ​កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​នឹង​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ 100% ដូច​ការសិក្សា​ក្នុង​ថ្នាក់​ក៏ដោយ ក៏​យើង​នៅតែ​អាច​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់​ចំណេះដឹង និង​កាត់បន្ថយ​ផលប៉ះពាល់​បានដែរ។ អ្នក​អប់រំ​អាច​ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​កុមារ រយៈពេល​ដែល​កុមារ​អាច​ទទួលយកបាន និង​សកម្មភាព​ជាច្រើន​ផ្សេងទៀត​ដែល​គួរផ្តល់​ឱ្យ​ពួកគេ។ ជាក់ស្តែង នៅ​បណ្តាញ​សាលារៀន​របស់​វេស​ឡាញ ដើម្បី​ធានា​គុណភាព​អប់រំ និង​ការអភិវឌ្ឍ​រាងកាយ បញ្ញា ស្មារតី និង​ភាសា​របស់​កុមារ​តូច និង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ និង​ឧ​បរក​រណ៍​ឌីជីថល​ក្នុងការ​សិក្សា​តាម​អន​ឡាញ នាយកដ្ឋាន​ជំនាញ​បានរៀបចំ​ដាក់បញ្ចូល​នូវ​កម្មវិធីសិក្សា​តាមរយៈ Zoom ដែល​ការសិក្សា​តាម​វិធី​នេះ​អាចធ្វើឱ្យ​កុមារ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ ដើម្បី​អនុវត្ត​ការនិយាយ​ភាសា​អ់​គ្លេ​ស និង​អភិវឌ្ឍ​ការទំនាក់ទំនង។ ក្រៅពីនេះ​វា​ក៏​អាចជួយ​ឱ្យ​កុមារ​អាចធ្វើ​លំ​ហាត់​តាម​សន្លឹក​កិច្ចការ​ដូចជា​ការ​ផាត់​ពណ៌ ការ​គូស​គំនូរ រួមទាំង​អនុវត្ត​បំ​ណិ​ន​ជីវិត​ជាច្រើន​ផ្សេងទៀត។

លោកស្រី អ៊ុក សូ​នី​តា នាយិកា​រង​នាយកដ្ឋាន​អប់រំ ទទួលបន្ទុក​កម្មវិធី​ម​ត្តេ​យ្យ និង​កុមារ​តូច នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប

លោកស្រី អ៊ុក សុនី​តា បាន​និយាយថា៖ «កុមារ​ជា​វ័យ​ដែល​អាច​ងាយ​នឹង​ប៉ះពាល់​ពី​បច្ចេកវិទ្យា ជាពិសេស​កុមារ​ដែលមាន​វ័យ​ចាប់ពី 3ឆ្នាំ ដល់5ឆ្នាំ។ ហេតុនេះ​យើង​គួរឱ្យ​គាត់​ចំណាយពេល​ត្រឹមតែ 10នាទី​ប៉ុណ្ណោះ​ដើម្បី​រៀន​មេរៀន​តាម​វីដេអូ ដែល​សម្រាប់​សាលា​យើង​គឺ​ឱ្យ​ពួកគាត់​រៀន​តាម App Testdopi មុនពេល​រៀន​ផ្ទាល់​តាម Zoom រយៈពេល 30នាទី​សម្រាប់​មួយ​មុខវិជ្ជា​រាល់ថ្ងៃ»។

អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បន្ថយ​ផលប៉ះពាល់ យើង​គួរឱ្យ​សិស្ស​ស្តាប់​គ្រូបង្រៀន​តាមរយៈ Zoom ហើយ​ឱ្យ​គាត់​ធ្វើតាម​ការណែនាំ​ក្នុង​សៀវភៅ ឬ​ក្រដាស​កិច្ចការ​ច្រើនជាង​មើល​មក​អេក្រង់។ បន្ថែម​ពីលើ​នេះ ដើម្បី​ជួយ​កុមារ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​លឿន យើង​ក៏​គួរ​បន្ថែម​នូវ​កម្មវិធី​មួយចំនួន​ដូចជា​កម្មវិធីសិក្សា​តាមបែប ម៉ុ​ន​តេ​សូ​រី ដែល​កុមារតូចៗអាចនឹងទទួល​បានក​ញ្ច​ប់​សម្ភារ​សិក្សា​សម្រាប់​អនុវត្ត​ផ្ទាល់​តាមរយៈ​ការបង្ហាត់បង្រៀន​របស់​គ្រូ។ កញ្ចប់​សម្ភារ​សិក្សា​ទាំងអស់នោះ​នឹង​អនុញ្ញាតឱ្យ​ស្សិ​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការសិក្សា និង​កម្សាន្ត​ដោយ​ចំណេះដឹង ដូចជា​ការរៀន​ស្លៀក​សម្លៀកបំពាក់ ការរៀន​ពាក់​ស្បែង​ជើង ការរៀន​កាន់​ស្លាបព្រា មុខវិជ្ជា​កីឡា ដែល​កុមា​រអា​ចរៀន​ធ្វើ​លំ​ហាត់​តាម​ភ្លេង រួមទាំង មុខវិជ្ជា​សិល្បៈ និង​ច្នៃប្រឌិត (art&craft) ជាដើម។ ក្រៅពីនេះ កុមារ​ក៏​អាចនឹងទទួល​ការអប់រំ​ឱ្យ​ចេះ​អនុវត្ត​តាមរយៈ​ការ​ផាត់​ពណ៌ ការ​គូស​តាម​គំនូស​អក្សរ ការរៀន​កាត់​បិទ និង​មុខវិជ្ជាផ្សេងៗទៀត​ដើម្បីឱ្យ​ពួកគេ​បាន​អភិវឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។

ចំពោះ​ការចូលរួម​របស់​អាណា​ព្យាបាល​វិញ លោកស្រី​ណែនាំ​ឱ្យ​ឪពុកម្តាយ​គ្រប់រូប​គួរ​ចូលរួមចំណែក​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​របស់​កុមារ និង​ជួយ​បង្កើន​ភាព​រីករាយ ដោយ​ក្រៅពី​សកម្មភាព​ដែល អ្នកអាណាព្យាបាល​បាន​ដឹកនាំ​ធ្វើ​រាល់​ចុង​សប្តាហ៍​ជាមួយកូនៗនៅក្នុង​ផ្ទះ​ហើយ អ្នកអាណាព្យាបាល​អាច​នាំកូនៗទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ខាងក្រៅ ចំនួន 2ដង​ក្នុង 1ត្រីមាស។ សកម្មភាព​ទាំងនោះ​អាចជា​ការនាំ​ពួកគេ​ទៅកាន់​ទីកន្លែង​កម្សាន្ត​ដែលមាន​សុវត្ថិភាព​ដើម្បី​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ដូចជា ទស្សនកិច្ច​សួនសត្វ សួនច្បារ ទិញ​សៀវភៅ​នៅ​បណ្ណាគារ ទស្សនកិច្ច​ផ្សារ​ទំនើប និង​ទស្សនកិច្ច​តាម​សារមន្ទីរ​សារមន្ទីរ​ជាដើម។ បន្ថែម​ពីលើ​នេះ​អ្នកអាណាព្យាបាល​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយមាន​ជា​អាលកុល ម៉ាស​ការពារ​រាល់ពេល​ដែល​ជូនកូនៗធ្វើ​ទស្សនកិច្ច​សិក្សា៕

Advertisement