អ្នកជំនាញហិរញ្ញវត្ថុថា មនុស្សមានដើមទុន3ប្រភេទសម្រាប់ធ្វើអាជីវកម្ម

មនុស្ស​ជាច្រើន​យល់ថា ទាល់តែ​មាន​លុយ​ជា​ទុន​ច្រើន​ទើប​អាចធ្វើ​អាជីវ​កម្មបាន តែ​សម្រាប់​លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​យល់ថា​ទោះ​មនុស្ស​គ្មាន​ប្រាក់​ក៏ដោយ ក៏​ពួកគេ​អាចមាន​ដើមទុន​សម្រាប់ធ្វើ​អាជីវកម្ម​បានដែរ។

អ្នកជំនាញ​ខាងលើ​បាន​លើកឡើងថា គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​មិនមែន​មានន័យថា​គ្មាន​ដើមទុន​នោះទេ។ អ្នក​ត្រូវ​ដឹងថា​ដើមទុន​មាន3ប្រភេទ​គឺ៖

  1. ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ​ឬ​សេដ្ឋកិច្ច (Economic or Financial Capital)៖ រួមមាន​ដូចជា​សាច់ប្រាក់ អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​ដទៃទៀត។
  2. ដើមទុន​ជា​ធនធានមនុស្ស (Human Capital)៖ រូបអ្នក​ក៏​ជាដើម​ទុន​ដែរ អ្នក​អាច​យកចំណេះ-ជំនាញ​ទៅ​បំរើ​ការអោយ​អ្នកដទៃ​ដោយ​ប្តូរ​យក​ជា​ប្រាក់ខែ ហើយ​សន្សំ​ដើម្បី​ធ្វើជា​ដើមទុន​ចាប់ផ្តើម​អាជីវកម្ម។ ហើយ​បើ​ខ្វះ ខ្ចី​អ្នកដទៃ​ដូចជា​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ខ្លះទៅ។
  3. ដើមទុន​សង្គម (Social Capital)៖ ក្រុមគ្រួសារ មិត្តភក្តិ និង​មនុស្ស​ដែល​អ្នក​រាប់អាន​ក៏​ជាដើម​ទុន​ដែរ។ ឧទាហរណ៍ ក្រុមគ្រួសារ​ផ្គត់ផ្គង់​អោយ​អ្នក​បាន​រៀនសូត្រ​ដើម្បី​សន្សំ​ចំណេះ-ជំនាញ រួច​ក្លាយខ្លួនជា​ធនធានមនុស្ស​ក្នុងសង្គម នោះ​ហើយ​គឺជា​ដើមទុន។

ដូច្នេះ​ពេល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​កុំ​និយាយថា​ខ្លួន​បាតដៃ​ទទេ។ អ្នកមាន​ដើមទុន​ទី3 (ដើមទុន​សង្គម) ដើម្បី​ឈានទៅ​កសាង​ដើមទុន​ទី2 (ដើមទុន​ជា​ធនធានមនុស្ស) និង​សន្សំ​ជាដើម​ទុន​ទី1 (ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ)។ អ្នក​មិនមែន​បាតដៃ​ទទេ​ទេ គ្រាន់តែ​អ្នកត្រូវការ​ការព្យាយាម ការខិតខំ និង​ប្រើ​ពេលវេលា​អោយមាន​តម្លៃ​ប៉ុណ្ណោះ៕

Advertisement