អ្នកជំនាញថា សាលាទាំងអស់គួរតែបើកឡើងវិញពេលចូលឆ្នាំសិក្សាថ្មី

បច្ចុប្បន្ននេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​សិស្សានុសិស្ស​ជាច្រើន​ត្រូវ​រង​ផលប៉ះពាល់​ដោយសារតែ​ការបិទ​សាលារៀន ហើយ​ត្រូវ​សិក្សា​តាមរយៈ​បច្ចេកវិទ្យា​នៅ​ទូទាំងប្រទេស។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច បណ្ឌិត ចាន់ សុផល បាន​លើកឡើងថា ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ Covid នៅតាម​សាលារៀន មាន​មែនហើយ ក៏ប៉ុន្តែ​ការបង់​ខាត​ដោយ​សង្គម​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ដោយសារ​ការបិទ​សាលារៀន​យូរ ទំនង​ជាមាន​ទំហំ​ធំ​ដែល​ពិបាក​វាស់​បាន។ សិស្សានុសិស្ស​រាប់លាន​នាក់ អាច​ត្រូវបាន​ប្តូរ​ឥរិយាបថ​ទៅជា​មិនល្អ ដោយសារ​ទម្លាប់​លេង​ហ្គេម​ជ្រុល សម្រាប់​អ្នកមាន​កុំព្យូទ័រ​ឬ​ស្មា​ត​ហ្វូ​ន និង​ទម្លាប់​ដើរលេង​ជ្រុល​សម្រាប់​អ្នក​គ្មាន​ឧបករណ៍​ទាំងនេះ ជាពិសេស​អ្នកក្រ។

ប្រសិនបើ​មាន​មេរោគ​ Covid នៅក្នុង​សហគមន៍ ហានិភ័យ​ចម្លង​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ឃុំ​មួយ​មួយ​ទៅ​ឃុំ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ លោក​យល់ថា​អាចមាន​អត្រា​ឆ្លង​ខ្ពស់​នៅតាម​ការធ្វើដំណើរ​រប​ស់កម្មករ និង​អ្នក​ចរាចរណ៍​តាម​មធ្យោបាយ​សាធារណៈផ្សេង។ រថយន្ត​មួយ អាច​ប្រមូល​កម្មករ​រោងចក្រ​ពី​ច្រើន​ភូមិ ជិះ​ប្រជ្រៀត​គ្នា ក្នុង​មួយ​ឡាន​អាច​ដល់50នាក់ ហើយ​ចូលទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​ឬ​ច្រើន ដែលមាន​មនុស្ស​រាប់ពាន់​នាក់មក​ពី​រាប់សិប​ភូមិផ្សេងៗគ្នា។

នៅ​សាលារៀន​បឋមសិក្សា​តាម​ជនបទ​ភាគច្រើន មាន​សិស្ស​មកពី​ឃុំ​តែមួយ។ សាលារៀន​មធ្យមសិក្សា អាចមាន​សិស្ស​មកពី​ស្រុក​តែមួយ​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន​គ្រប់គ្រង ប្រសិន​ដឹងថា​មាន​ឆ្លង​មេរោគ។ ក្រៅពីនេះ សាលារៀន​ក៏​អា​ចរក​វិធី​គ្រប់គ្រង​ហានិភ័យ ដូចជា​តាមរយ:ការបើក​ឱ្យ​រៀន​នៅ​ថ្ងៃ​ឆ្លាស់គ្នា​ដើម្បី​បន្ថយ​ចំនួន​សិស្ស​នៅក្នុង​ថ្ងៃ​តែមួយ រួមទាំង​ការ​ស្ទង់កំដៅ និង​ការ​មាន​អាល់កុល​លាងដៃ​ជាដើម។

លោក​បញ្ជាក់ថា ប្រសិនបើ​រកឃើញថា​សាលារៀន​ជា​កន្លែង​ចម្លង​មេរោគ​ Covid ពិតប្រាកដ​នៅក្រោយពេល​បើក​វិញ​មែន​នោះ រដ្ឋាភិបាល​នឹង​បិទ​វិញ។ វា​ទំនងជា​មិន​បង្ក​អន្តរាយ​នោះទេ ដោយហេតុថា​នៅ​ប្រទេស​កម្ពុជា អត្រា​ជាសះស្បើយ​ពី​ជំងឺ​ Covid មាន​ដល់​ទៅ100%។ ម្យ៉ាងវិញទៀត ការមិន​តិ​ទ​រោងចក្រ ការដឹក​កម្មករ​ចង្អៀត​គ្នា​តាម​ឡាន ការបើក​ផ្សារ​និង​ទីកន្លែង​ប្រជុំជនផ្សេងៗ ប៉ុន្តែ​បិទ​សាលារៀន អាច​ស្រដៀង​គ្នា​នឹង​ការលាង​សំអាត​ដៃ​តែមួយ​ខាង។ ប្រសិនបើ​មាន​មេរោគ វា​នឹង​ឆ្លង​ដូច​តែ​គ្នា។

បណ្ឌិត ចាន់ សុផល បង្ហាញ​ការ​ជឿជាក់ថា រដ្ឋាភិបាល​ប្រាកដជា​ដឹង​វិធីងាយៗទាំងនេះ និង ការបង់​ខាត​ដល់​សង្គម​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដោយសារ​ការកើត​ទម្លាប់​មិនល្អ​របស់​សិស្សានុសិស្ស​រា​ប់​លាន​នាក់​នៅក្រៅ​សាលា​ច្រើន​ខែ។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា ៖«ខ្ញុំ​ពិតជា​មិនដឹង​អំពី​ជម្រៅ​នៃ​ការវិភាគ​និង​ការថ្លឹងថ្លែង​របស់​អ្នកសម្រេច​គោលនយោបាយ​នោះទេ។ ទាំងនេះ​គ្រាន់តែ​ជា​មតិ​របស់ខ្ញុំ​ប៉ុណ្ណោះ»៕

Advertisement