ក្រសួងអប់រំ គ្រោងបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍

ក្រសួង​អប់រំ យុវជន និង​កីឡា ថ្មីៗនេះ​បានប្រកាសថា ក្រសួង​គ្រោង​នឹង​បង្កើត​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង​លើ​សមត្ថភាព​របស់​ប្រជាជន និង​ជាពិសេស​គឺ​យុវជន​ខ្មែរ។

ក្រសួង​អប់រំ បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​តែង​សង្ឃឹមថា គង់​មាន​ថ្ងៃ​ណាមួយ​នឹង​មានកូន​ខ្មែរ​ណា​ម្នាក់​អាច​នាំ​ទង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បង្ហោះ​លើ​ទី​អវកាស ឬ​បង្កើត​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត ឬ​អាចបង្កើត​ពូជស្រូវ​ដែលមាន​ទិន្នផល​ខ្ពស់​ជាងគេ​បំផុត​ឡើង។ ប្រសិនបើ​យើង​មិន​អាចជា​កូន​ខ្មែរ​ម្នាក់​នោះទេ យើង​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្កើត​បរិស្ថាន​នៃ​ការ​ដុះដាល​សម្រាប់​កូន​ខ្មែរ​ម្នាក់​នោះ។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​ជា​ផ្លូវការ​នូវ មូលនិធិ​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (Research Creativity and Innovation Fung-RCI Fund) នាពេលឆាប់ៗខាងមុខនេះ ដើម្បី​បង្កើត​បរិស្ថាន​នៃ​ការ​ដុះដាល​នេះ។ មូលនិធិ​នេះ នឹង​ក្លាយជា​ជំហាន​ថ្មី​មួយទៀត​នៃ​បំណងប្រាថ្នា​កម្ពុជា ក្នុងការ​អប់រំ​ឌីជីថល និង​ការអប់រំ​បែប​សតវត្ស​ទី21 ក្នុង​ដំណើរ​ឆ្ពោះទៅរក​សង្គម​មួយ​ដែល​ប្រកបដោយ​ពុទ្ធិ និង​ប្រជាជាតិ​មួយ​ដែល​រស់​រវើក៕

Advertisement