ក្រសួងអប់រំ ដាក់ចេញគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញ

នៅ​ដើមខែ​សីហា​នេះ កម្ពុជា​កំពុង​រៀបចំ​គិតគូរ​ពី​ការដាក់ឱ្យ​ដំណើរការ​សាលារៀន​ឡើងវិញ តែ​ទន្ទឹមនឹងនេះ ក្រសួង​អប់រំ ក៏បាន​ផ្តោត​ខ្លាំង​ផងដែរ​លើ​ការការពារ​សុវត្ថិភាព​របស់​សិស្សានុសិស្ស​ទាំងឡាយ​នៅ​ទូទាំងប្រទេស។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការការពារ​ជំងឺ Covid-19 មិនឱ្យ​រីក​រាលដាល​ក្នុង​សាលារៀន ក្រសួង​អប់រំ បានចេញ​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដើម្បី​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19។

ក្រសួង​អប់រំ បាន​បញ្ជាក់ថា ចាប់តាំងពី​ការរកឃើញ​ការឆ្លង​ជំងឺ Covid-19 ក្រសួង​បានចេញ​នូវ​វិធានការ​ជាច្រើន ដូចជា​ចេញ​សេចក្តីជូនដំណឹង និង​សេចក្តីណែនាំ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិធាន​នានា​ដោយ​ក្នុងនោះ ចំណុច​សំខាន់​ទី1 គឺ​វិធានការ​សុខភាព ដោយ​អនុលោម​ទៅតាម​សេចក្តីណែនាំ និង​វិធានការ​បច្ចេកទេស​ចាំបាច់​របស់​អង្គការ​សុខភាព​ពិភពលោក។ ចំណុច​ទី2 គឺ​ការរៀបចំ​រដ្ឋបាល​ឌីជីថល ចំណុច​ទី3 ការលើកកម្ពស់​វិធានការ​គម្លាត​សុវត្ថិភាព និង​ចំនុច​ទី4 គឺ​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក និង​ការផ្តល់សេវា​រៀន​ពី​ចម្ងាយ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្រសួង​អប់រំ បានរៀបចំ​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដោយ​ឈរលើ​អភិក្រម​ចំនួន2 គឺ ទី1 ការបើក​ដំណើរការ​ដំណាក់កាល​សម្រាប់​គ្រឹះស្ថានសិក្សា​ណា​ដែល​អាចអនុវត្ត ស្តង់ដា​សុវត្ថិភាព​សុខភាព និង​ទី2 ការអនុវត្ត​សិក្សា​តាមបែប​ចម្រុះ ដោយ​គួបផ្សំ​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាមបែប​ប្រពៃណី រួមទាំង​ការធ្វើ​ស្វ័យ​សិក្សា សម្រាប់​សិស្ស​នៅ​ទីជនបទ។

ឯកឧត្តម​ថា គោល​កាណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19 ដែល​បាន​រៀបចំឡើង​នេះ មាន​វត្ថុបំណង​ណែនាំ​អំពី​វិធា​នានា រួមទាំង​វិធាន​សុខភាព ដើម្បី​គ្រឹះស្ថានសិក្សា​អាច​រៀបចំ និង​ត្រៀមលក្ខណៈ​ដំណើរការ​ការបង្រៀន និង​រៀន​ឡើងវិញ ក៏ដូចជា​ការបន្ត​គ្រប់គ្រង​គ្រឹះស្ថានសិក្សានីមួយៗឱ្យមាន​និរន្ត​ភាព ធានា​នូវ​សុវត្ថិភាព សុខភាព​សម្រាប់​បុគ្គលិក​សិក្សា គ្រូបង្រៀន និង​សិស្សានុសិស្ស​ក្នុង​បរិបទ Covid-19 និង​ទៅ​អនាគត៕

Advertisement