គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសេចក្តីព្រាងយុទ្ធសាស្ត្រដើម្បីបើកសាលារៀនឡើងវិញ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដឹង​ប្រជុំពិភាក្សា​យ៉ាង​ហ្មត់ចត់​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល។

តាម​ការបញ្ជាក់​របស់​ស្ថាប័ន​យ៉ាងសំខាន់​ខាងលើ​បាន​បញ្ជាក់ថា គ្រឹះស្ថានសិក្សា​ត្រូវ​សម្រប​តាម​ជីវិត​រស់នៅ​ធម្មតា​បែប​គន្លង​ថ្មី (New Normal Life) តាមរយៈ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សិក្សា ដើម្បី​ការពារ​សុវត្ថិភាព​អ្នកសិក្សា បុគ្គលិក​សិក្សា បុគ្គលិក​បម្រើការ​ផ្សេងទៀត និង​ផ្តល់​ទំនុកចិត្ត​ដល់​មាតាបិតា។ ក្នុងស្ថានភាព​នេះ ក្រសួង​អប់រំ បានរៀបចំ​យុទ្ធសាស្ត្រ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដោយ​ឈរលើ​អភិក្រម2 គឺ​ទី1 ការបើក​ដំណើរការ​ឡើងវិញ​តាម​ដំណាក់កាល​នូវ​គ្រឹះស្ថាន​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម ស្តង់ដារ​សុវត្ថិភាព​សុខភាព និង​ទី2 គឺ​ការអនុវត្ត​វិធីសាស្ត្រ​នៃ​ការសិក្សា​តាមបែប​ចម្រុះ គឺ​ការសិក្សា​ក្នុង​ថ្នាក់រៀន ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាមបែប​ប្រពៃណី (សន្លឹក​កិច្ចការ​ជំនួយ) រួមទាំង​ការធ្វើ​ស្វ័យ​សិក្សា (សម្រាប់​សិស្ស​នៅ​ទីជនបទ)។

ផ្អែក​លើក​គោលការណ៍​ទាំង2 ខាងលើនេះ ក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ដោយ​ផ្អែកលើ​ចំណុចសំខាន់ៗចំនួន5 គឺ៖

  1. ក្រសួង​រៀបចំ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា 3 ដំណាក់កាល បន្តបន្ទាប់​គ្នា ។
  2. គ្រឹះស្ថានសិក្សា​មិនទាន់​អាច​ដំណើរការ​ឡើងវិញ ពេញលេញ​នៅឡើយ និង​ត្រូវអនុវត្ត​នូវ​វិធីសាស្ត្រ​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាម​ប្រព័ន្ធ​ប្រពៃណី (សម្រាប់​ទីជនបទ) រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ។
  3. ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ តាម​ដំណាក់កាលនីមួយៗ បន្ទាប់ពី​គ្រឹះស្ថានសិក្សា ទាំង​នោះបាន​ត្រៀមខ្លួន​រួចរាល់ និង​អនុវត្តបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល និង​លក្ខខណ្ឌ​តម្រូវ​បច្ចេកទេស​នៃ​ការសិក្សា និង​ការបង្រៀន ដែល​កំណត់ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។
  4. ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ដោយមាន​ការទទួលខុសត្រូវ ខ្ពស់ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។
  5. ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ក៏​ឈរលើ​គោលការណ៍​នៃ​ទីតាំង​ភូមិសាស្ត្រ នៃ​កម្រិត​ហានិភ័យ របស់​ការ​រាលដាល​នៃ​ជំងឺ​Covid-19៕
Advertisement