រៀនតាមរយៈការលេង និងបរិស្ថានបានក្លាយជាប្រធានបទថ្មីមួយសម្រាប់អប់រំកុមារកម្ពុជា

ការអប់រំ​កុមារ​តូច ជា​ចំណុច​យ៉ាង​សំខាន់បំផុត​ក្នុងចំណោម​ដំណាក់កាល​នានា​នៃ​ការអប់រំ ព្រោះ​វ័យ​នេះ​ជា​វ័យ​ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្ពស់ និង​ជា​វ័យ​ចាប់ផ្តើម​កំណត់​ពី​ដំណើរ​ជីវិត​របស់​កុមារ។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​ខ្លាំង​នៃ​ការអប់រំ​កុមារ​តូច ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​ជំរុញ​ការអប់រំ​កុមារ​តូច​ដោយ​ការបង្កើត​កម្ម​វី​ធី​អប់រំថ្មីៗដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សម្ពោធ​អគារសិក្សា នៃ​សាលា​មេ​ត្តេ​យ្យ​សិក្សា​ធនធាន​បាត់ដំបង និង​សម្ពោធ​បើក​ដំណើរការ​គម្រោង​កសាង​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្តី “រៀន​តាមរយៈ​ការលេង និង​បរិស្ថាន” ដើម្បី​ជំរុញ​ការអប់រំ​កុមារ​តូច​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ទោះបីជា​កម្ពុជា​ស្ថិតក្នុង​វិបត្តិ​នៃ​ជំងឺ Covid-19 ក៏ពិតមែន តែ​ក្រសួង​អប់រំ​នៅតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ប្រកបដោយ​សុវត្ថិភាព។ ក្រសួង​បាន​ថត​វីដេអូ​សម្រាប់​បណ្តុះបណ្តាល​កុមារ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ត្រូវ​ការទាមទារ​ឱ្យមាន​ការចូលរួម​អាណាព្យាបាល​ដើម្បី​ចូលរួម​ក្នុង​ការរៀន​របស់​ពួកគេ។ ក្នុង​កម្រិត​នេះ ប្រសិនបើ​គ្មាន​អាណាព្យាបាល​នោះទេ កុមារ​នឹងមិន​អាច​សិក្សា​បាន​ដោយ​ខ្លួនឯង​នោះទេ។

គម្រោង​អប់រំ​យ៉ាង​មាន​សារៈសំខាន់​នេះ ត្រូវបាន​សហការ​អនុវត្ត​ដោយ​គម្រោង​អង្គការ​សន្តិ​ស្ម័គ្រចិត្ត(SVA) គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA)។ ការដាក់ឱ្យ​អនុវត្ត​គម្រោង​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្ដី “រៀន​តាមរយៈ​ការលេង និង​បរិស្ថាន” ផ្អែក លើ កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ ត្រូវធ្វើឡើង​ក្នុង​គោលដៅ​ផ្ដោត​សំខាន់​លើ​ផ្នែក​សិក្សា​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដែលជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការរីកលូតលាស់​បញ្ញា ស្មារតី និង​អារម្មណ៍​របស់​កុមារ​តូច ហើយ​តាមរយៈ:នៃ​ការសិក្សា​តាម​ទ្រឹស្ដី​នេះ​កុមារ​នឹង​ទទួលបាន​នូវ​ការរីកចម្រើន​ទាំង​បំ​ណិ​ន​ទាក់ទង​នឹង​សតិបញ្ញា និង​បំ​ណិ​ន​ដែល​មិន​ទាក់ទង​នឹង​សតិបញ្ញា តាមរយៈ​ការលេង​យ៉ាងសកម្ម​ជាមួយ​មិត្តភក្ដិ ដែល​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀន​បំ​ណិ​ន​ដ៏ទៃទៀត៕

Advertisement