ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចក្នុងដំណាក់កាលទី2

ក្រសួង​អប់រំ យុវជន និង​កីឡា នៅមុននេះ​បន្តិច​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​ក្នុងដំណាក់កាល​ទី2 ដើម្បីឱ្យ​សលា​រៀន​នៅ​ទូទាំងប្រទេស​អនុវត្ត។

ក្រសួង​បញ្ជាក់ថា ក្រោយ​ការដាក់ឱ្យ​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ និង​ការដាក់ឱ្យ​បន្ត​វិស្សមកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច បាន​បន្ត​អនុវត្ត​ការបង្រៀន និង​រៀន​តាម​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការសិក្សា​ពី​ចម្ងាយ​តាមបែប​ប្រពៃណី ក្រោម​ការជួយ​គាំទ្រ​របស់​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច។

ដើម្បី​ធានា ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច ក្នុងដំណាក់កាល​ទី2 ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​សុវត្ថិភាព ក្រសួង​បានធ្វើ​ការណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ។ បន្ថែម​ពីលើ​នេះ ក្រសួង​ក៏បាន​ចេញ​គោលការណ៍សំខាន់ៗជាច្រើន​ទៀតផង​ដែរ ដូចជា​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​គ្រឹះស្ថានសិក្សា, ការលើកកម្ពស់​សុខភាព​ចាំបាច់​សម្រាប់​កុមារ បុគ្គលិក​អប់រំ និង​បុគ្គលិក​ផ្សេងទៀត រួមទាំង​ការអប់រំ​សុខភាព និង​បណ្តុះបណ្តាល​ពី​វិធាន​នៃ​ការបង្ការ​ជំងឺ Covid-19 ជាដើម៕

Advertisement