វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូល​វិញ​នៅ​ដើមខែ​កញ្ញា

បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ឡើងវិញ​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ ដោយ អនុវត្តតាម​គោលការណ៍​ប្រតិបត្តិ​ស្តងដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​ការដាក់ អនុវត្ត​វិ​ស្សកាល​តូច​មុន​កាលកំណត់ និង​ដាក់ឱ្យ​បន្ត​វិ​ស្សកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ណែនាំ​ពី​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ចំការ​សំរោង ខេត្តបាត់ដំបង។

ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​វេស​ឡាញ​បាន​ត្រៀមលក្ខណៈ​រួច​ជា ស្រេច ដើម្បី​បើក​ដំណើរ​សាលារៀន​ឡើងវិញ​ដោយ​អនុវត្តតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​Covid-19 របស់​ក្រសួងសុខាភិបាល។ ឧកញ៉ា​មាន ប្រសាសន៍​បន្ថែមទៀតថា សិស្ស​កម្មវិធី​ម​ត្តេ​យ្យ ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី1 ដល់ទី12 និង​កម្មវិធី​ភាសា​អង់គ្លេស នឹង​ចូលរៀន​ដើមខែ​កញ្ញា ដោយ​រក្សា​គម្លាត​សុវត្ថិភាព និង​ចំនួន​សិស្ស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ ដោយ​សិស្ស ត្រូវ​ពាក់​ម៉ាស់ ឬ​របាំងមុខ​រួមទាំង​មាន​វិធាន​ការពារ​ជាច្រើន​ផ្សេងទៀត។ សិស្ស​ត្រូវ​សិក្សា​នៅ​ថ្នាក់រៀន2 ឬ3ថ្ងៃ តាម​កម្រិត ហើយ​សិស្ស​ក៏ត្រូវ​សិក្សា​តាម ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ ក្រោម​ការជួយ​គាំទ្រ​របស់​អ្នកអាណាព្យាបាល និង គ្រូបង្រៀន​ផងដែរ។

បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2008 រួមមាន សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ 9សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍1សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី 1សាខា សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហ៊ា​ល 1សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន 1សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ 1សាខា។ នៅ​ខែកញ្ញា ឆ្នាំ2020 ខាងមុខនេះ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ទី11 ខេត្តបាត់ដំបង​នឹង​ចាប់ផ្តើម​ដំណើរការ។ រហូតមក ដល់ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​សិស្ស សរុប​ជាង13,000នាក់ និង​បុគ្គលិក​មាន​ជាង1,300នាក់។

ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា ក្នុងអំឡុងពេល​ទប់ស្កាត់​ជំងឺ​Covid-19 សិស្ស​គ្រប់​កម្មវិធី​បាន សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ ហើយ​សាលារៀន​បាន​ផលិត​វីដេអូ​មេរៀន​ដាក់បញ្ចូល​កម្មវិធី​ទូរទស្សន៍ អប់រំ​អន​ឡាញ (WEG Education TV) និង​កម្មវិធី​យូ​ធូប (WEG Education Youtube Channel) ព្រមទាំង​បាន សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ ដើម្បី​បង្កើត​វេទិកា​អប់រំ (App) ផ្សេងៗ សម្រាប់​ជំនួយ​ដល់​ការសិក្សា របស់​សិស្ស ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​អ្នកអាណាព្យាបាល ប្រព័ន្ធគ្រប់គ្រង​សាលារៀន ប្រព័ន្ធ​បង់ប្រាក់(App) តាម​ធានា​គារ​ដៃគូ ដើម្បី​កាត់បន្ថយ​ពេលវេលា​រងចាំ​របស់​អ្នកអាណាព្យាបាល នៅពេល​ខាងមុខ។

សម្រាប់​ប​វេន​សកាល​ឆ្នាំ​សិក្សា​ខាងមុខនេះ សាលារៀន​នឹង​ផ្តល់ជូន​អាហារូបករណ៍​រហូតដល់40% និង​ធានារ៉ាប់រង​គ្រោះថ្នាក់ ព្រមទាំង​ការពារ​ការសិក្សា​របស់​សិស្សានុសិស្ស​រហូតដល់5ឆ្នាំ៕

Advertisement