ក្រសួងអប់រំ ណែនាំឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី2

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី1 ខែកញ្ញា នេះ​បានចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​ឯកជន​ក្នុងដំណាក់កាល​ទី2 ខណៈដែល​សាលា​ជាច្រើន​បានរៀបចំ​អនុវត្តតាម​ការណែនាំ​ដើម្បី​ដាក់ឱ្យ​សិស្ស​បាន​ចូលរៀន​ឡើងវិញ។

ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រោយពី​ការដាក់ឱ្យ​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ និង​ការដាក់ឱ្យ​បន្ត​វិស្សមកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 គ្រឹះស្ថានសិក្សា​ឯកជន និង​សិស្សានុសិស្ស និស្សិត​មួយចំនួន​បាន​អនុវត្ត​ការបង្រៀន និង​រៀន​តាម​វិធាន​នៃ​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រោម​ការជួយ​គាំទ្រ​របស់​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលារៀន។

ស្របពេល​ជាមួយគ្នានេះ ក្រសួង​អប់រំ បានអនុម័ត​នូវ​ឯកសារ​ចំនួន 2 គឺ​ទី1 យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ និង​ទី2 គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19។ ឯកសារ​ទាំងពីរ​នេះ​ជាការ​តម្រង់ទិស​ក្នុង​ទិដ្ឋភាព​យុទ្ធសាស្ត្រ និង​បច្ចេកទេស សម្រាប់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន ក្នុងការ​ត្រៀមលក្ខណៈ​ស​ម្រា​ប់​បើក​ដំណើរការ​ឡើងវិញ។

ក្រសួង​ថា ដើម្បី​ធានា​ឱ្យ​ការបើក​ដំណើរការ​ឡើងវិញ​រប​ស់​គ្រឹះស្ថាន​ឯកជន ក្នុងដំណាក់កាល​ទី2 ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​សុវត្ថិភាព ក្រសួង​បានធ្វើ​ការណែនាំ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់ មាតាបិតា និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត ឱ្យ​ត្រៀមលក្ខណៈ និង​បើក​ដំណើរការ​គ្រឹះស្ថាន​ឡើងវិញ ដោយមាន​ការយកចិត្ត​ទុកដាក់​លើ​ការរក​ម្សា​គម្លាត​សុវត្ថិភាព ការលើកកម្ពស់​សុខភាព​សិក្សា និង​ផ្នែកសំខាន់ៗជាច្រើន​ផ្សេងទៀត៕

Advertisement