មន្ទីរអប់រំខេត្តបាត់ដំបងគាំទ្រដំណើរការសាលារៀនវ៉េស្ទឡាញន៍ជាសាលារៀនឆ្លាតវៃ

ការបង្កើត វេទិកាអប់រំ(App)ផ្សេងៗ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង(App)រវាងសាលារៀន​ និងអ្នកអាណាព្យាបាល​ ព្រមទាំងការបញ្ចូលកម្មវិធីសិក្សាបន្ថែម គឺជារបត់ថ្មីមួយក្នុងវិស័យអប់រំ ដែលចូលរួមបង្កើនគុណភាពអប់រំនៅកម្ពុជាឱ្យកាន់ប្រសើរឡើង និងចាត់ទុកថាជាសាលារៀន ឆ្លាតវៃទី1 នៅខេត្តបាត់ដំបង។ នេះលើកឡើងរបស់លោក យី​ សុងគី​ ប្រធានមន្ទីរអប់រំ យុវជន និង កីឡា​​ ខេត្តបាត់ដំបង​ ក្នុងពិធីទស្សនកិច្ចសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង។

លោកប្រធានមន្ទីរបានបន្តទៀតថា កម្មវិធីសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍អនុវត្តតាមការណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ហើយលើសពីនេះ​សាលារៀនបន្ថែមកម្មវិធីសិក្សាបន្ថែមមួយទៀត ដូចជាកម្មវិធីទម្លាប់ល្អទាំង7 កម្មវិធីបណ្តុះ បណ្តាលផ្នែកហិរញ្ញវត្ថុ និងកម្មវិធី STEM ដើម្បីអភិវឌ្ឍផ្នែក ឥរិយាបថនិងផ្នត់គំនិត ផ្នែកធុរកិច្ច និងផ្នែកបច្ចេកវិទ្យា​។

ឧកញ៉ា​ ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យុខេសិន គ្រុប​ បានលើកឡើងថា ការដាក់ បញ្ចូលបច្ចេកវិទ្យា ក្នុងការសិក្សានឹងជួយលើកកម្ពស់ការសិក្សារៀនសូត្រកាន់តែប្រសើរឡើង និង ទទួលបានចំណេះដឹងថ្មីៗ ក្នុងរបត់នៃបដិវដ្តឧស្សាហកម្ម 4.0 ។

ឧកញ៉ាបានបន្តទៀតថា សាខាសាលារៀនវ៉េស្ទឡាញន៍ នៅចំការសំរោង ខេត្តបាត់ដំបងនេះ នឹងក្លាយ ជា​សាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែ​យើងបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Edemy, E-School, Sangapac, Maxbit, V-Connect, DTP ក្នុងការបង្កើតវេទិកាបង្រៀន(App) ដើម្បី គាំទ្រដល់ការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ព្រមវាយតម្លៃការសិក្សា តាមរយៈការធ្វើតេស្ត សមត្ថភាព ដែលសិស្សអាចទទួលលទ្ធផល និងកំណែភ្លាមៗ ​ប្រសិនជាលទ្ធផលនៅចំណុចណា មិនសូវប្រសើរនោះ សិស្សអាចសិក្សាឡើងវិញបាន។។ ជាពិសេសសាលារៀនមានប្រព័ន្ធគ្រប់គ្រង និងទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាល ដើម្បីបង្កភាពងាយដល់អ្នកអាណាព្យាបាល តាមដានលទ្ធនៃការសិក្សា និងវត្តមានសិស្សពីចម្ងាយ ក៏ដូចជាការទូទាត់ការចំណាយផ្សេងៗតាម ប្រព័ន្ធអេឡិត្រូនិចដ៏ទំនើបផងដែរ។

ឧកញ៉ាបន្ថែមពីលើនេះ កាលពីមុន ការធ្វើពិសោធន៍មានតែទ្រឹស្តី មិនផ្សារភ្ជាប់ជាមួយការអនុវត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន យើងមានបន្ទប់ពិសោធន៍ និងឧបរណ៍សម្រាប់អនុវត្តជាក់ស្តែង។ ក្រៅពី កម្មវិធីកុំព្យូទ័រវាយអត្ថបទ Word , Excel សាលារៀនក៏មានបន្ថែមកម្មវិធីសរសរកូដ (Coding & Programing)​ ដើម្បីឱ្យសិស្សបង្កើតរូបភាពស្រមើលស្រមៃ និងគំនិតច្នែប្រឌិតបង្កើតអ្វីមួយថ្មី ព្រមទាំងចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។ សាលាបានប្រើឧបករណ៍ VR (Vitual Reality) ដែលជាវែនតាសម្រាប់មើលវីដេអូមេរៀនឃើញរូបភាពពិតប្រាកដ ទាក់ទងនឹងសកលលោក ភពផែនដី រូបសត្វកាលពី រាប់លានឆ្នាំមុន សត្វរស់នៅក្នុងបាតសមុទ្រ។

សម្រាប់បវេសនកាលឆ្នាំសិក្សាខាងមុខនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់40% និងធានារ៉ាប់រងគ្រោះថ្នាក់ ព្រមទាំងការពារការសិក្សារបស់សិស្សានុសិស្សរហូតដល់ 5ឆ្នាំ។

សូមជម្រាបថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី2 នឹងចាប់ផ្តើម ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2020 សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវ អនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញ ខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវ អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-19។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ៕

Advertisement