កម្រិត​សញ្ញប​ត្រ​សំខាន់​ប៉ុណ្ណា​ចំពោះ​ការងារ?

រាល់ពេល​សម្ភាសន៍​ការងារ ឬ​និយាយ​ពី​ការសិក្សា គេ​និយាយ​ពី​សញ្ញាបត្រ​ទៅតាម​កម្រិតសិក្សា ដូចជា​មធ្យមសិក្សា កម្រិត​បរិញ្ញាបត្រ កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​កម្រិត​បណ្ឌិត​ជាដើម។ ជាក់ស្តែង ពេលខ្លះ​កម្រិត​ចំណេះដឹង​មិនអាច​វាស់​បាន​ទាំងស្រុង​នោះទេ​លើ​សញ្ញាបត្រ ព្រោះ​មាន​អ្នកមាន​សមត្ថភាព​ជាច្រើន​ក៏​មិនមាន​សញ្ញាបត្រ​ខ្ពស់​ខ្លាំង​ដែរ។ តែ​ទោះជា​យ៉ាងណាក្តី នៅពេល​សម្ភាសន៍​ការងារ​គេ​តែងតែ​ត្រូវ​ការមើល​លើ​ប្រវត្តិរូប​សង្ខេប ដោយ​ក្នុងនោះ​ក៏មាន​បញ្ចូល​ទាំង​សញ្ញាបត្រ​ផងដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា តាមពិតទៅ សញ្ញាប័ត្រ​មិនអាច​បញ្ជាក់​ពី​ទេពកោសល្យ​ក្នុង​ការធ្វើការងារ​នោះទេ ព្រោះ​ជាក់ស្ដែង​គឺ​ការងារ​ជា​អ្នក​បង្រៀន​យើង អ្នកណា​ខំ​ជាង អ្នក​ហ្នឹង​ពូកែ​ជាង តែ​ហេតុអ្វី​នៅតែ​ត្រូវការ​សញ្ញាប័ត្រ?

លោក​ថា អ្វីដែល​សាលា​ផ្តល់ឱ្យ​យើង​គឺ​ក្រមសីលធម៌ ហើយ​ក្រមសីលធម៌​នេះហើយ​ដែល​ក្រុមហ៊ុន​ត្រូវការ។ ពេល​អ្នក​បាន​ចូល​សាលា រៀន​បាន​ច្រើន អ្នកនឹង​ខ្មាសអៀន​ក្នុងការ​ជេរប្រទិច​អ្នកដទៃ អ្នក​ខ្មាសអៀន​ក្នុងការ​លួច​របស់​អ្នកដទៃ ខ្មាសអៀន​ក្នុងការ​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់ ហើយ​អ្នកចេះ​អាណិត​និង​សណ្តោស​អ្នកដទៃ។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «យើង​កម្រ​ឃើញ​បទល្មើស​កើតចេញពី​បុគ្គល​ដែល​រៀន​ចប់​បរិញ្ញាបត្រ​ឬ​អនុបណ្ឌិត​ឬ​បណ្ឌិត​ណាស់ ព្រោះ​ក្រមសីលធម៌​ដែល​សាលា​បាន​បញ្ជ្រាប​ចូលក្នុង​ខួរក្បាល​ថា ទង្វើ​ដែល​ខុសឆ្គង មិនត្រូវ​ធ្វើ​ឡើយ»។

អ្នក​អប់រំ​ខាងលើ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ផ្ទុយ​មកវិញ ពេល​មិនបាន​ចូល​សាលារៀន​ច្រើន យើង​ក៏​មិនសូវ​ទទួលបាន​ការបង្រៀន​ពី​ក្រមសីលធម៌​ឡើយ ហើយ​ពេលខ្លះ​យើង​ទទួល​មនោគមន៍​ពី​រឿងកុន ហើយក៏​ចង់​ធ្វើតាម ភ្លេចខ្លួន​ក៏​ធ្វើតាម ហើយក៏​ក្លាយខ្លួនជា​អ្នកទោស។ ដើម្បី​កាត់បន្ថយ​អ្នកទោស អ្វីដែល​ត្រូវធ្វើ​មុនគេ បញ្ជូន​កូន​ទៅ​រៀន​ឱ្យបាន​ច្រើន ជំរុញ​យុវជន​ឱ្យ​រៀន​ឲ្យ​បាន​ខ្ពស់ យ៉ាងហោច​ក៏​ចប់​បរិញ្ញាបត្រ​ដែរ ពេលនោះ​បទល្មើស​នឹងត្រូវ​បានកា​ត់​បន្ថយ៕

Advertisement