បណ្តាញគ្រឹះស្ថានអប់រំវេសឡាញប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី21 កញ្ញា

បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​បានប្រកាស​បើក​ដំណើរ​សាលារៀន​របស់ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2020ខាងមុខនេះ បន្ទាប់ពី​ទទួល​ការអនុញ្ញាត​ពី​ក្រសួង អប់រំ យុវជន និង​កីឡា ព្រមទាំង​អនុវត្តតាម​គោលការណ៍​ប្រតិបត្តិ​ស្តងដារ​សុវត្ថិភាព ក្នុងទិសដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ។

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មានប្រសាសន៍ថា បណ្តាញ គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​រួមមាន សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាលារៀន​ណ​ត្ស​ឡា​ញន៍ សាលា​អន្តរជាតិ អេប​ផល​ទ្រី សាលា​អន្តរជាតិ​ហ្វ​រ៉េ​ស​ហៀ​ល បានទទួល​លិខិត​អនុញាតឱ្យ​បើក​ដំណើរ​ឡើងវិញ​ពី​ក្រសួង​អប់រំ   យុវជន និង​កីឡា បន្ទាប់ពី​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ គណៈប្រតិភូ​អញ្ជើញ​ត្រួតពិនិត្យ រ​ង្វា​យ​តម្លៃ និង​ផ្តល់​អនុ​សាស្ត្រ​មួយចំនួន​បន្ថែមទៀត ចំពោះ​វិធាន ការបង្ការ ទប់ស្កាត់​ជំងឺ​Covid-19 មុននឹង បើក​ដំណើរការ​បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​ក្នុងដំណាក់កាល​ទី2 នេះ។

លោក​ឧកញ៉ា​បាន​បន្តទៀតថា សិស្ស​កម្មវិធី​ម​ត្តេ​យ្យ ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី1 ដល់ទី12 និង​កម្មវិធី ភាសា​អង់គ្លេស នឹង​ចូលរៀន​ពេញលេញ​ឡើងវិញ ដោយ​រក្សា​គម្លាត​សុវត្ថិភាព 1.5ម៉ែត្រ រក្សា​ចំនួន​សិស្ស​ចន្លោះ​ពី15 ទៅ20នាក់ ក្នុង​មួយ​ថ្នាក់ ប៉ុន្តែ​បើ​ក្នុងករណី​ចំនួន​សិស្ស​លើសពី20នាក់ ត្រូវ​សិក្សា​ឆ្លាស់​វេន ហើយ​សិស្ស​ត្រូវ​រក្សា​អនាម័យ​ជាប្រចាំ ត្រូវ​ពាក់​ម៉ាស់ ឬ​របាំងមុខ និង​មិនមាន​ការជួប​ជុំគ្នា​ជា​ក្រុម​ធំ​នោះទេ ព្រមទាំង​អនុវត្ត​វិធានការ​មួយចំនួនទៀត​ស្របតាម​ការណែនាំ​របស់​ក្រសួង។

ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​យើង បាន​វិនិយោគ​បន្ថែម ដើម្បី​បន្ត​រៀបចំ និង​ផលិត​វីដេអូ​មេរៀន​សម្រាប់​ជា​ជំនួយ​ដល់​សិស្សានុសិស្ស និង​អ្នកអាណាព្យាបាល ដើម្បី​សិក្សា​ពី​ចម្ងាយ និង​ការសិក្សា​បន្ថែម​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុងករណី​ចាំបាច់ ក៏ដូចជា​ការរៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ផងដែរ ។ ជាពិសេស​នោះ សាលារៀន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ ដើម្បី​បង្កើត​វេទិកា​អប់រំ (App) ផ្សេងៗ សម្រាប់​ជំនួយ​ដល់​ការសិក្សា និង​ការបង្រៀន​ដល់​សិស្ស ព្រមទាំង​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សាលារៀន និង​ទំនាក់ទំនង ដើម្បី​បង្ក​ភាព​ងាយ​ដល់​អ្នកអាណាព្យាបាល តាមដាន​លទ្ធ​នៃ​ការសិក្សា និង​វត្តមាន​សិស្ស​ពី​ចម្ងាយ ក៏ដូចជា​ការទូទាត់​ការចំណាយផ្សេងៗតាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និ​ច​ដ៏​ទំនើប​ផងដែរ៕

Advertisement