ក្រុមហ៊ុនភីធីធីកម្ពុជាផ្តល់អាហារូបករណ៍300 កន្លែង ដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង តាមរយៈវគ្គសិក្សាពីចម្ងាយ  “ទម្លាប់ល្អទាំង៧របស់យុវវ័យឆ្នើម”

ការអប់រំគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ព្រោះយើងជាប្រទេសដែលសំបូរទៅ ដោយប្រជាជនសកម្ម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យបានល្អដើម្បីបង្កើនផលិតភាពការងារឱ្យ កាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ឆ្លើយតបជាមួយនឹងបញ្ហានេះ និងអបអរខួបលើកទី25ឆ្នាំរបស់ខ្លួន ​ក្រុមហ៊ុនភីធីធីខេមបូឌា(PTT Cambodia) ប្រកាសផ្តល់អាហារូបករណ៍​ចំនួន 300 កន្លែងសម្រាប់យុវជនកម្ពុជាចន្លោះអាយុចាប់ពី14ឆ្នាំ ដល់18ឆ្នាំ ដើម្បីសិក្សាវគ្គ “ទម្លាប់ល្អទាំង 7 នៃយុវវ័យឆ្នើម” តាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី1 ខែតុលា ឆ្នាំ2020ខាងមុខនេះ។

​លោក Songpon Thepnumsommanus នាយកគ្រប់គ្រង នៃក្រុមហ៊ុនភីធីធីខេមបូឌា (PTT Cambodia) បានលើកឡើងថា គោលបំណងសំខាន់របស់ក្រុមហ៊ុនដែលនាំទៅដល់ការសម្រេចចិត្ត ក្នុងការផ្តល់អាហាររូបករណ៍ ដល់យុវជនកម្ពុជា គឺដើម្បីគាំទ្រយុវជន និងអាណាព្យាបាលរបស់ពួកគេ ក្នុងអំឡុងពេលនៃការរាតត្បាតមេរោគCovid-19។ យុវជនអាចអភិវឌ្ឍនូវជំនាញរបស់ពួកគេបាន សូម្បីតែក្នុងពេលដែលសាលាមិនទាន់ដំណើរការពេញលេញក៏ដោយ។ ពួកគេអាចសិក្សារៀនសូត្រ តាមមធ្យោបាយសាមញ្ញថ្មីមួយ ដោយការសិក្សាពីចម្ងាយ។ ដូច្នេះហើយ យើងក៏បានដំណើរការគម្រោងកម្មវិធីសិក្សាពីចម្ងាយមួយឈ្មោះថា ” OR Seeding the Future Online Learning” ដោយផ្អែកទៅលើ កម្មវិធីសិក្សាឈ្មោះថា “ទម្លាប់ល្អទាំង 7 របស់យុវវ័យឆ្នើម” ដោយមានការសហការគ្នាជាមួយក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា (Franklin Covey Education Cambodia)។

លោកបានបន្តទៀតថា នៅឆ្នាំ 2020 វាជាខួប 25 ឆ្នាំរបស់ក្រុមហ៊ុន (PTT Cambodia) នៅកម្ពុជាដែល យើងបានធ្វើអាជីវកម្មសម្រាប់ប្រជាជនកម្ពុជា និងចូលរួមវិភាគទានដល់សង្គមកម្ពុជា។ ជាពិសេសគាំទ្រដល់យុវជនជំនាន់ក្រោយ ដែលជាអនាគតដ៏អស្ចារ្យរបស់យើងក្នុងការអភិវឌ្ឍប្រទេសឱ្យមានកំណើនប្រកបដោយចីរភាព។ លើសពីនេះទៅទៀត យើងនឹងបន្តជួយគាំទ្រនិងផ្តល់ឱកាសដល់យុវជនបានសិក្សា និងអនុវត្តជំនាញភាពជាអ្នកដឹកនាំ ដើម្បីភាពជោគជ័យក្នុងជីវិតរបស់ពួកគេ។

ឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា  បានមាន ប្រសាសន៍ថា ​តាមរយៈវគ្គសិក្សានេះយុវជនកម្ពុជារបស់យើងនឹងទទួលបានចំណេះដឹងជាច្រើនសម្រាប់ អភិវឌ្ឍជីវិតរបស់ខ្លួនដូចជា អាចគ្រប់គ្រងខ្លួនឯងបានល្អ មានទំនាក់ទំនង កាន់តែប្រសើរជាមួយ មិត្តភក្តិ និងមានសមត្ថភាពបង្កើតការសម្រេចចិត្តបានកាន់តែប្រសើរ ។

លោកឧកញ៉ាបានបន្ថែមទៀតថា លើសពីនេះទៅទៀត ពួកគេក៏អាច​នឹងមានទំនាក់ទំនងកាន់តែល្អ ជាមួយឪពុកម្តាយ អាចយកឈ្នះលើភាពញៀន​នឹងអ្វីមួយ និងបញ្ហាផ្សេងៗទៀត។ ពួកគេក៏អាចបង្កើន ទំនុកចិត្ត​លើខ្លួនឯង មានភាពរីករាយច្រើនជាងមុនក្នុងជីវិត និងមានតុល្យភាពរវាងការសិក្សា ការងារ មិត្តភក្តិ និងបញ្ហាដទៃទៀត។ យុវជនទាំងអស់ក៏អាចនឹងស្គាល់តម្លៃខ្លួនឯង និងដឹងពីចំណុចអាទិភាពក្នុងជីវិតរបស់គេផងដែរតាមរយៈវគ្គសិក្សាទម្លាប់ទាំង 7 នៃយុវវ័យឆ្នើមនេះ។

សូមជម្រាបថា លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែម និងចុះឈ្មោះតាមទំព័រហ្វេកប៊ុក https://www.facebook.com/ORSeedingTheFuture/?epa=SEARCH_BOX ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

Advertisement