កំពុង​ស្វែង​រកអាហារូបករណ៍​ផ្នែក​បច្ចេក​វិទ្យា​? «Techo Digital Talent Scholarship» តម្លៃ​ជាង 1.7ម៉ឺន​ដុល្លារ/ម្នាក់ កំពុង​រង់ចាំ​អ្នក​

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នា​ព្រឹក​ថ្ងៃទី 29 មករា បានប្រកាស​ឱ្យដឹងថា “អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ Techo Digital Talent Scholarship” ដែល​ផ្ដល់ឱកាស​ដល់​សិស្ស​ចំនួន 100 នាក់ កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​យុវជន យុវនារី​នៅ​កម្ពុជា ក្រោយពី​ត្រូវបាន​ប្រកាស​ព័ត៌មាន។

ក្រសួង​ប្រៃសណីយ៍​បាន​បន្ថែមថា បេក្ខភាព​ចំនួន 2,207 នាក់ បានដាក់​ពាក្យសុំ​អាហារូបករណ៍​ខាងលើ​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា ក្នុងនោះ​មាន​នារី​ចំនួន​ជាង 800 នាក់​ផងដែរ គិត​ត្រឹម​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021។

អាហារូបករណ៍​ខាងលើនេះ​នឹង​ផ្ដល់ជូន​បេក្ខភាព​ជ័យលាភី ម្នាក់ៗ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ 17,000 ដុល្លារ សម្រាប់​ការសិក្សា​រយៈពេល 4 ឆ្នាំ ក្នុងនោះ​មាន​ប្រាក់ឧបត្ថម្ភ 120 ដុល្លារ/ខែ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​ទៀតផង។

បេក្ខភាព​ជ័យលាភី​នៃ​អាហារូបករណ៍​នេះ​នឹងត្រូវ​មក​សិក្សា​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ថ​ល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) ដែលជា​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​របស់​រដ្ឋ​ឈានមុខ​គេ​ក្នុងការ​បណ្តុះបណ្តាល ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល លើ​មុខជំនាញ​កម្រិត​បរិញ្ញាបត្រ មានដូចជា ទីមួយ​គឺ «ទូរគមនាគមន៍​និង​បណ្ដាញ-Telecoms & Networking» ទី​ពីរ​គឺ «វិទ្យាសាស្ត្រ​កុំព្យូទ័រ-Computer Science» និង​ទី​បី​គឺ «ពាណិជ្ជកម្ម​អេឡិចត្រូនិក-e-Commerce»។

បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​កម្មវិធីសិក្សា​និង​វិធីសាស្ត្រ​បង្រៀន​យ៉ាង​សម្បូរបែប ដោយមាន​បញ្ចូល​ជំនាញ​បច្ចេកទេស (Technical Skill) ជំនាញ​ទន់ (Soft Skill) សហគ្រិនភាព (Entrepreneurship) និង​ភាពជា​អ្នកដឹកនាំ(Leadership)។

រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​អំពាវនាវ​ដល់​សិស្ស​ដែល​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តែ​មិនទាន់បាន​ដាក់ពាក្យ​ប្រឡង សូម​មកកាន់​បណ្ឌិត្យសភា​បច្ចេក​វិទ្យា​ឌីជីថល ដើម្បី​ដាក់ពាក្យ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021។

បេក្ខជន​ដែលមាន​បំណង​សុំ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ សូម​ចុះឈ្មោះ​ប្រឡងប្រជែង​តាមរយៈ​តំណរ​ភ្ជាប់ https://bit.ly/ApplyNIPTICT ។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​បណ្ឌិត្យសភា​ឌីជីថល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) តាម​ទូរស័ព្ទ​លេខ 010 340 000 ឬ​អ៊ី​ម៉ែ​ល info@niptict.edu.kh។

Advertisement