ក្រុម​មហា​សេដ្ឋ​បច្ចេកវិទ្យា អាន​​សៀវ​ភៅ​​អ្វីខ្លះ​ដើម្បី​ជោគជ័យ?

សៀវភៅ​អាច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាវុធ ឬ​ជា​មធ្យោបាយ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ជីវិត លើ​វិថី​ដែល​ឆ្ពោះទៅកាន់​ភាពជោគជ័យរ​បស់​ក្រុម​កំពូល​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៃ​ពិភពលោក។ ខាងក្រោម​គឺជា​សៀវភៅ​ទាំងឡាយ​ដែល​ក្រុម​មហាសេដ្ឋី​ចូលចិត្ត​អាន។

លោក Bill Gates

អតីត​ប្រធាន​ក្រុមហ៊ុន Microsoft គឺជា​មហាសេដ្ឋី​ម្នាក់​ដែលមាន​បណ្ណាល័យ​ផ្ទាល់ខ្លួន និង​បាន​អាន​សៀវភៅ​រាប់សិប​ក្បាល​ក្នុងមួយឆ្នាំៗ ព្រមទាំង​មាន blog ផ្ទាល់ខ្លួន​មួយ​ផងដែរ​ដើម្បី​ឧទ្ទេសនាម​សៀវភៅ​ដែល​គួរ​អាន។ សៀវភៅ​ដែល​លោក Bill Gates អាន ភាគច្រើន​គឺជា​ប្រភេទ​ដែល​និយាយ​អំពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជាក់ស្ដែង សេដ្ឋកិច្ច អប់រំ អភិវឌ្ឍ​អន្តរជាតិ សង្គមសាស្ត្រ ប្រវត្តិសាស្ត្រ ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​បុគ្គល និង​កំណត់ហេតុ។

សៀវភៅ​មួយ​ក្បាល​ក្នុងចំណោម​សៀវភៅ​ដែល​លោក Bill Gates និង Warren Buffett ចាប់អារម្មណ៍ នោះ​គឺ Business Adventures (អាថ៌កំបាំង​បង្កើត​អាជីវកម្ម) និង The Ride of a Lifetime (បក​ស្រែ​បណ្ដោះអាសន្ន​ថា៖ ដំណើរ​ជីវិត)។

CEO របស់ Amazon លោក Jeff Bezos

Jeff Bezos បាន​បង្កើត Amazon និង​ចាប់ផ្ដើម​រកស៊ី​ដំបូង​ជាមួយនឹង​ការលក់​សៀវភៅ ដូច្នេះ លោក​ប្រាកដជា​បាន​អាន​សៀវភៅ​អស់​រាប់រយ​ក្បាល​មកហើយ​ក៏​ថា​បាន។ លោក​ក៏មាន​សៀវភៅ​ជាច្រើន​ក្បាល​ដែល​អាច​យកមក​ណែនាំ​ជូន​មិត្ត​អ្នកអាន ក្នុងនោះ លេចធ្លោ​ជាងគេ​នោះ​គឺ​សៀវភៅ Built to Last (បកប្រែ​ក្រៅផ្លូវការ​ថា៖ កសាង​ដើម្បី​អនាគត​យូរអង្វែង) និង The Remains of the Day (បកប្រែ​ក្រៅផ្លូវការ​ថា៖ សំណល់​នៃ​ថ្ងៃនោះ)។ ក្រៅពីនេះ សៀវភៅ The Black Swan (ក្ងាន​ខ្មៅ) ក៏ត្រូវ​បាន​លោក ណែនាំ​ឱ្យ​អាន​ផងដែរ។

CEO របស់ Apple លោក Tim Cook

សៀវភៅ​ដែល Tim Cook ធ្លាប់​ចូលចិត្ត​អាន និង​ណែនាំ​ឱ្យ​អាន នោះ​គឺ Competing Against Time (បកប្រែ​ក្រៅផ្លូវការ​ថា៖ រត់ប្រណាំង​នឹង​ពេលវេលា) ឬ Mahatma Gandhi (មហា​ត្មះ គ​ន្ធី) និង Bobby Kennedy ជាដើម។

CEO របស់ SpaceX និង Tesla លោក Elon Musk

កំពូល​មហាសេដ្ឋី Elon Musk នៅតែមាន​ពេល​សម្រាប់​អាន​សៀវភៅ បើទោះជា​លោក​គ្រប់គ្រង​ក្រុមហ៊ុនល្បីៗដល់​ទៅ​ពីរ និង​ចំណាយ​ពេលវេលា​សម្រាប់​សំដែង​មតិ​នៅលើ Twitter។ សៀវភៅ​ដែល​លោក​ចូលចិត្ត​អាន នោះ​គឺ Foundation ដែល​និយាយ​អំពី​វិទ្យាសាស្ត្រ​បែប​ស្រមៃ ឬ​ប្រឌិត។

សៀវភៅ Benjamin Franklin: An American Life និង Einstein: His Life and Universe ដែលជា​ស្នាដៃ​និពន្ធ​របស់ Walter Isaacson ក៏​លោក Musk ចូលចិត្ត​អាន​ផងដែរ។

CEO របស់ Facebook លោក Mark Zuckerberg

CEO របស់ Facebook គឺជា​មហាសេដ្ឋី​វ័យក្មេង ដូច្នេះ សៀវភៅ​ដែល​លោក​ចូលចិត្ត​គឺជា​ប្រភេទ​ដែល​ងាយស្រួល​អាន បើ​ធៀប​នឹង​សៀវភៅ​នានា​ដែល​មហាសេដ្ឋី​វ័យចំណាស់ៗចូលចិត្ត។ Mark Zuckerberg ចូលចិត្ត​អាន​សៀវភៅ Sapiens (ប្រវត្តិ​មនុស្សលោក) និង Creativity Inc. (បកប្រែ​ក្រៅផ្លូវការ​ថា៖ ពិភព​ច្នៃប្រឌិត) និង​ពិសេស​គឺ​សៀវភៅ Ender’s Game៕

Advertisement