រដ្ឋមន្ត្រី​មហាផ្ទៃ​លី​ប៊ី ត្រូវ​រថពាសដែក​បាញ់រះ នៅក្បែរ​រដ្ឋធានី Tripoli

អ្នកយកព័ត៌មានម្នាក់កំពុងថតសកម្មភាពប្រយុទ្ធគ្នារវាងក្រុមបដិបក្ខនៅលីប៊ី កាលពីឆ្នាំ 2019

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លី​ប៊ី ត្រូវបាន​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់រះ នៅពេល​ក្បួន​រថយន្ត​របស់លោក​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ​ល្បឿន​លឿន នៅក្បែរ​រដ្ឋធានី Tripoli ប៉ុន្តែ សំណាងល្អ បាន​រួច​ពី​ការស្លាប់។

«ក្បួន​រថយន្ត​របស់លោក ត្រូវបាន​បាញ់ប្រហារ​ពី​រថពាសដែក នៅពេល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​ល្បឿន​លឿន» មន្ត្រី​ម្នាក់​ដែល​ស្និទ្ធ​នឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លូ​ប៊ី Fathi Bashagha និយាយ​កាលពី​ថ្ងៃទី 21 កុម្ភៈ។

ក្រុម​ខ្មាន់កាំភ្លើង​បាន​បាញ់រះ​ជា​បន្តបន្ទាប់​ទៅលើ​ក្បួន​រថយន្ត​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី Tripoli ក្រោយពី​លោក Fathi Bashagha ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​ប្រេង និង​ទីស្នាក់ការ​នៃ​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​ក្រសួងមហាផ្ទៃ។

«2នាក់ ក្នុងចំណោម​ក្រុម​ខ្មាន់កាំភ្លើង​ត្រូវបាន​ចាប់ខ្លួន ចំណែក​ជន​ទី​បី​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ» មន្ត្រី​ស្និទ​នឹង​លោក Fathi Bashagha ប្រាប់​ដូច្នេះ និង​បាន​បន្ថែមថា លោក Fathi Bashagha មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ដូច​ធម្មតា។

រដ្ឋមន្ត្រី​ក្រួសួង​មហា​ផ្ទៃ​លីប៊ី លោក Fathi Bashagha

លោក Fathi Bashagha គឺជា​អ្នកនយោបាយ​ដែលមាន​អំណាច​ខ្លាំង​នៅ​លី​ប៊ី។ បុរស​វ័យ 58 ឆ្នាំ​រូបនេះ បាន​ឡើង​កាន់កាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​រដ្ឋាភិបាល​ដែល​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ចាប់ពី​ឆ្នាំ 2018 និង​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ។

ប្រទេស​លី​ប៊ី បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល ក្រោយពី​មេដឹកនាំ Muammar al-Gaddafi ត្រូវបាន​ផ្ដួលរំលំ​នៅក្នុង​ចលនា​មួយ​ដែល​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច ក្នុង​ឆ្នាំ 2011។ សង្គ្រាម​ដ៏​បង្ហូរឈាម​នាបច្ចុប្បន្ន កើតឡើង​រវាង​រដ្ឋាភិបាល​លី​ប៊ី (GNA) ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ ជាមួយនឹង​ក្រុម​បះបោរ LNA ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Khalifa Haftar។

លោក Fathi Bashagha ធ្លាប់​ត្រូវបាន​ចាត់ទុកថា​ជាម​នុស្ស​ដែល​អាចដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ថ្មី នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​សន្តិភាព ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ ក្រោយពី​មាន​បទ​ឈប់​បាញ់​កាលពី​ខែតុលា ឆ្នាំ 2020។ ប៉ុន្តែ ចុងក្រោយ Abdul Hamid Dbeibah វ័យ 61 ឆ្នាំ ជា​វិស្វករ និង​ជា​អ្នកជំនួញ ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែមករា ឆ្នាំ 2021 ជាមួយនឹង​ការអំពាវនាវ​ឱ្យមាន​ការស្ដារ​ប្រទេសជាតិ ស្ដារ​ប្រជាធិបតេយ្យ និង​បង្រួបបង្រួម​ជាតិ​ឡើងវិញ៕

ប្រភព៖ AFP

Advertisement