បាត់​មុខ​យូរ ស្រាប់តែ​លោក ដូ​ណា​ល់ ត្រាំ បញ្ចេញ​គម្រោង បង្កើត Social Media ផ្ទាល់ខ្លួន​តែម្ដង

បន្ទាប់ពី​សហរដ្ឋអាមេរិក ធ្វើការ​បោះឆ្នោត​ជ្រើសតាំង បាន​ប្រធានាធិបតី​ថ្មី គឺ​លោក ចូ បៃ​ឌិន មក គេ​ក៏​លែង​សូវ​បានឃើញ​វត្តមាន និង​ឮដំណឹង​អ្វី ពី​អតីត​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​ទី45 គឺ​លោក ដូ​ណា​ល់ ត្រាំ អស់​ជាច្រើន​សប្ដាហ៍​មកហើយ តែ​កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ​ជំនិត​ម្នាក់ ឈ្មោះ​លោក Jason Miller មកពី​គណបក្ស​សាធារណរដ្ឋ បាន​បង្ហើប​ឱ្យដឹងថា លោក ត្រាំ នឹង​វិល​ត្រឡប់មកវិញ ជាមួយនឹង​ការបង្កើត Social media ផ្ទាល់ខ្លួន​មួយ។

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នោះ គឺ​លោក​នឹង​បង្កើត​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ដែល​អាច​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ តែ​គេ​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្រើន​នៅឡើយ​ថា តើ​វា​មានឈ្មោះ​អ្វី ហើយ​ដំណើរការ​យ៉ាងដូចម្តេច?។

សូម​រំឭក ថយ​ទៅក្រោយ​វិញ​បន្តិច…រឿងរ៉ាវ​បង្កើត Social media ផ្ទាល់ខ្លួន​នេះ គេ​ធ្លាប់​បានឮ​ម្ដង​រួចមកហើយ កាលពី​អំឡុងពេល ដែល​លោក​នៅ​កាន់តំណែង ដោយសារ​មិន​ពេញចិត្ត​លើ​ចំណាត់ការ​របស់ Twitter ក៏ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ​សហរដ្ឋអាមេរិក ដែល​ហាមឃាត់​មិនឱ្យ​មានការ​ចូលទៅ​ប្រើប្រាស់​បាន។ លោក ត្រាំ ក៏​ត្រូវបាន​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា ដូចជា Facebook, Twitter, និង Reddit លុប​គណនី​របស់លោក​ចោល​តែម្ដង កាលពីដើមឆ្នាំ2021កន្លង​ទៅហើយ​ដែរ ហើយ​លោក​ក៏​ត្រូវបាន​ហាមឃាត់ មិនឱ្យ​ធ្វើការ​បង្ហោះ​សារផ្សេងៗណាមួយ ដែល​អាច​បង្ក​ជា​ហានិភ័យ ឬ​ជាការ​ញុះញង់​អ្នកគាំទ្រ ឱ្យធ្វើ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​នោះដែរ។

គម្រោង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​នេះ អាច​នឹង​ត្រូវដាក់​ឱ្យប្រើ​ប្រាស់ យ៉ាងយូរបំផុត​នៅ​ពាក់កណ្ដាល​ឆ្នាំ2021 នេះឯង ដោយ​អតីត​ប្រធានាធិបតី​ទី45 រូបនេះ បាន​រំពឹងទុក​ថា អាច​ទាក់ទាញ​អ្នកគាំទ្រ​បានជា​ថ្មី​ម្ដងទៀត យ៉ាងហោចណាស់​ក៏ 10លាន​នាក់​ដែរ។ មានន័យថា បើ​អត់​ពី Twitter ទៅ អ្នក​ដែល​ធ្លាប់​គាំទ្រ​លោក ត្រាំ អាច​តាមដាន​លើ platform ថ្មី​នេះ​ជំនួស​វិញ​បាន៕

Advertisement