Samsung រកឃើញ​នវានុវត្តន៍​អេក្រង់​ថ្មី នឹង​ចាប់ផ្តើម​ផលិត សម្រាប់ 120Hz ទុកឱ្យ iPhone 13

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung គ្រោង​នឹង​ចាប់ផ្តើម​ផលិត​បន្ទះ​អេក្រង់​ប្រភេទ LTPO OLED។ បន្ទះ​បង្ហាញ​ទិន្នន័យ​ប្រភេទ​ថ្មី LTPO នេះ គឺជា​បច្ចេកវិទ្យា​ថ្មី​បំផុត​ជំនាន់​ចុងក្រោយ ដែល​វា​ជា​គម្រោង​ស្រាវជ្រាវ​មួយ ដែល​រកឃើញថា ប្រើប្រាស់​ថាមពល តិចជាង​អេក្រង់ OLED ទូទៅ។ មានន័យថា ទូរស័ព្ទ​ជំនាន់​បន្ទាប់ នឹង​អាច​រក្សា​រយៈពេល​ថ្ម ឱ្យរ​ស់បាន1 ឬ 2ថ្ងៃ​ពេញ។

លើសពីនេះ​ផងដែរ វា​ក៏​ជា​ផ្លូវ​មួយ សម្រាប់​បើក​ឱ្យ iPhone ជំនាន់​ថ្មី របស់ Apple អាច​ទ្រទ្រង់​កម្រិត refresh rate ដល់​ទៅ 120Hz ដូចនឹង​ស្មា​ត​ហ្វូ​នកំពូលៗ របស់​ក្រុមហ៊ុន​ដទៃ​ផងដែរ និង​សម្រាប់​ផ្គត់ផ្គង់​ដល់ Apple ដែល​ចាប់ផ្ដើម​នៅ​ឆមាស​ទី1 នៃ​ឆ្នាំ2021 នេះ​តែម្ដង។

គួរ​បញ្ជាក់ដែរថា Samsung និង Apple បាន​ចាប់ដៃគ្នា​ក្នុង​អាជីវកម្ម​បន្ទះ​អេក្រង់​នេះ តាំងពី​ជំនាន់ iPhone X ចេញ​ឆ្នាំ2017 និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន។ បន្ថែម​លើ​នេះ ក៏មាន​ឈ្មោះ​ក្រុមហ៊ុនល្បីផ្សេងៗចូលរួម​ផងដែរ ដូចជា LG ជាដើម៕

Advertisement