LG ជិត​បិទ​អាជីវកម្ម​ផ្នែក​ស្មា​ត​ហ្វូ​ន តែ​នៅ​ឈរជើង​ផ្នែក​ផលិត​គ្រឿងបន្លាស់ និង​សម្ភារ​ក្នុងផ្ទះ

LG ធ្លាប់ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត លំដាប់​ទី3 នៅលើ​ពិភពលោក និង​ថែមទាំង​ជា​គូប្រជែង ជាមួយ​ក្រុមហ៊ុន Apple ទៀតផង។ យ៉ាងណាមិញ អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីល្បាញ ខាង​ផលិត​អេក្រង់​ល្អ​បំផុត​មួយ​នេះ ត្រូវបាន​គេ​មើលឃើញថា មានការ​ធ្លាក់ចុះ​ការនាំចេញ និង​ថែមទាំង​ខាតបង់​ទឹកប្រាក់​អស់​ចំនួន 4.5ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 5ឆ្នាំកន្លងមក ដែល​នេះ​ជា​ហានិភ័យ​ធំ​មួយ ដែល​តម្រូវឱ្យ LG ធ្វើការ​វាយតម្លៃ​ឡើងវិញ​ជាបន្ទាន់។

ក្រុមហ៊ុន LG ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា នឹង​ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​ចុងក្រោយ អំពី​អនាគត​នៃ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន នៅ​ខែក្រោយ បន្ទាប់ពី​ប្រជុំ​សម្រេច​ពី​ក្រុមប្រឹក្សាភិបាល ថា​តើ​គួរ​បន្ដ ឬ​បិទ?។

LG ដែលជា​ក្រុមហ៊ុន​ធំជាងគេ​ទី3 មួយ​នេះ កំពុង​ឈានដល់​ដំណាក់កាល​បិទ​អាជីវកម្ម​ផ្នែក​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ទាំងមូល​តែម្ដង បន្ទាប់ពី​បរាជ័យ ១លើក ជា 2លើក ក្នុងការ​ស្វែងរក​ម្ចាស់​ថ្មី មកជួយ​ស្រោចស្រង់​អាជីវកម្ម​មិនបាន​សោះ។ ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​កូរ៉េ​ត្បូង​មួយ​នេះ បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Vingroup របស់​វៀតណាម និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen អំពី​ការទិញ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ប៉ុន្តែ​គួរឱ្យ​ស្ដាយ ការចរចា មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​អី្វ​មួយ​ឡើយ។ នេះ​យោងទៅតាម​សារព័ត៌មាន​ក្នុងស្រុក​កូរ៉េខាងត្បូង ដែល​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ។

បើទោះជា LG ទំនងជា​នឹង​បិទ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ក៏ពិតមែន តែ​សេចក្ដីរាយការណ៍​បន្ថែម បានឱ្យដឹង​ទៀតថា ជំនួស​ឱ្យ​ការផលិត​ស្មា​ត​ហ្វូ​ន​និង​លក់​ផ្ទាល់ ពួកគេ​នៅតែ​ដំណើរការ​អាជីវកម្មផ្សេងៗទៀត ដែល​កំពុងតែ​ទទួលបាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ពី​អតិថិជន ដូចជា ផ្នែក​ផលិត​គ្រឿងបន្លាស់​រថយន្ត និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ជាដើម៕

Advertisement