ផ្លូវការ៖ ក្រុមហ៊ុន Xiaomi ឈ្នះក្តី រួចផុតពីការចោទប្រកាន់ដោយសហរដ្ឋអាមេរិក

បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi រង​ការដាក់​ពាក្យបណ្ដឹង​តវ៉ា​លើ​រឿងក្តី ដែល “ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ចោទប្រកាន់ថា ជា​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន” កាលពីពេល​កន្លងមក​នោះ មកទល់ពេលនេះ រឿងរ៉ាវ​ដ៏​ក្តៅគគុក ដែល​អូស​បន្លាយពេល​ជាង 3ខែ​មកហើយ​នេះ ទើបនឹង​សម្រេច​ជា​ផ្លូវការ ដោយ​តុលាការ​សហរដ្ឋអាមេរិក។

កាលពីពេលថ្មីៗនេះ គេ​បានឃើញ​លិខិតផ្លូវការ​មួយ បង្ហោះ​ដោយ​គណនី​ក្រុមហ៊ុន Xiaomi បង្ហាញថា ក្រុមហ៊ុន នឹងមិន​ត្រូវ​ទទួលរ​ង នូវ​ការពិន័យ​ណាមួយ​ឡើយ។ នៅ​ក្នុងន័យនេះ លិខិតផ្លូវការ​នោះ បាន​បន្ថែមទៀតថា Xiaomi  បានឈ្នះ លើ​រឿងក្តី​នេះ​រួចរាល់​ហើយ ព្រមទាំង​បាន​បន្ត​ស្នើសុំ​ទៅ​តុលាការ ដើម្បីឱ្យ​ធ្វើការ​លុបឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន ចេញពី​បញ្ជា​ចោទប្រកាន់​ខាងលើ​ជាបន្ទាន់​ទៀតផង។ ដោយឡែក ចៅក្រម​របស់​អាមេរិក បាន​បញ្ជាក់ថា ការចោទប្រកាន់​ពី​សំណាក់​ក្រសួងការពារជាតិ​អាមេរិក​នេះ គឺជា​ការបំពាន និង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​ក្រុមហ៊ុន Xiaomi។

សូម​ជម្រាបជូន​ផងដែរ​ថា កាលពីដើមឆ្នាំ2021 កន្លងទៅថ្មីៗ ក្រសួងការពារជាតិ​នៃ​សហរដ្ឋអាមេរិក បាន​បញ្ចេញ​បញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​ចិន​ជាច្រើន ដែល​ស្ថិតក្នុង​ការតាមដាន ឬ​បញ្ជីខ្មៅ ចំពោះ​ក្រុមហ៊ុន​ចិន​ណា ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន ដោយ​មានការ​សំអាង​តិចតួច​ប៉ុណ្ណោះ ដែល​ក្នុងនោះ ក៏មាន Xiaomi មួយ​ដែរ។

ផ្ទុយ​ពី​ក្រុមហ៊ុន​ដទៃទៀត​ដែល​សម្ងំ​នៅ​ស្ងៀម ក្រុមហ៊ុន Xiaomi បានដាក់​ពាក្យ​ប្តឹង​ប្រឆាំង​តបត​វិញភ្លាមៗ ដែល​ធ្វើឱ្យ​រឿងរ៉ាវ ត្រូវ​អូសបន្លាយ​រហូត​អស់​រយៈពេល​ជាង 3ខែ ទើប​ដោះស្រាយ​រួច។ កន្លងទៅ Xiaomi ក៏​ធ្លាប់​បានចេញ​លិខិត​អះអាង​ជា​ច្រើនដង​រួចមកហើយ​ថា ពួកគេ​មិន​ត្រូវបាន​គ្រប់គ្រង ឬ​មាន​ទំនាក់ទំនង​ណាមួយ ជាមួយ​យោធា​ចិន ដូច​ការចោទប្រកាន់​នោះទេ។ ការចោទប្រកាន់​នេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន Xaiomi ក្នុង​ទីផ្សារ​សកល ជាពិសេស​នោះ​គឺ ធ្វើឱ្យ​វិនិយោគិន ដែល​ភាគច្រើន​ជា​ជនជាតិ​អាមេរិក មិនអាច​បន្ត​ការវិនិយោគ​តទៅទៀតបាន៕

Advertisement