គម្រោង​អូស​ខ្សែ​កា​ប្លិ៍​ថ្មី​របស់ Facebook និង Google នឹងធ្វើ​ឱ្យ​តំបន់​អាស៊ី កាន់​ជិត​ជាង​មុន

កាលពីពេលថ្មីៗនេះ សារព័ត៌មាន CNA បាន​ចុះផ្សាយ​ពី​គម្រោង​អូស​ខ្សែ​កា​ប្លិ៍​បាតសមុទ្រ​ថ្មី 2ខ្សែ​របស់ Facebook នឹងត្រូវ​ធ្វើឡើង ដើម្បី​ភ្ជាប់​ប្រទេស​សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​អាមេរិក​ខាងជើង នៅក្នុង​គម្រោង​មួយ ជាមួយនឹង​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​តំបន់ ដើម្បី​បង្កើន​សមត្ថភាព​ការតភ្ជាប់​អ៊ិន​ធើ​ណិ​ត កាន់តែ​ជិត​ជាង​មុន។

តាម​ប្រភព​ខាងលើ បាន​លើកឡើងថា លោក Kevin Salvadori អនុប្រធាន​ផ្នែក​បណ្តាក់ទុន​នៅ​ក្រុមហ៊ុន Facebook បាន​ប្រាប់ Reuters ថា៖ “ខ្សែ​កា​ប្លិ៍​ឈ្មោះ Echo និង Bifrost នឹង​ក្លាយជា​ខ្សែ​កា​ប្លិ៍2 ដំបូង​គេ​ដែល​នឹងត្រូវ​អូស​លើផ្លូវ​ថ្មី​មួយ ឆ្លងកាត់​ទន្លេ Java ហើយ​ខ្សែ​កា​ប្លិ៍​ទាំងនោះ នឹង​បង្កើន​សមត្ថភាព​ខ្សែ​កា​ប្លិ៍​ក្រោម​សមុទ្រ​ជារួម រហូតដល់ 70%”។ លោក​បាន​បន្ថែមថា ខ្សែ​កា​ប្លិ៍​ទាំង 2ខ្សែ​នេះ នឹង​ក្លាយជា​ខ្សែ​កា​ប្លិ៍​ដំបូង​ដែល​ភ្ជាប់​តំបន់​អាមេរិក​ខាងជើង​ដោយផ្ទាល់ ទៅកាន់​តំបន់សំខាន់ៗជាច្រើន​របស់​ឥណ្ឌូនេស៊ី និង​បង្កើន​ការតភ្ជាប់​សម្រាប់​ខេត្ត​នៅ​ភាគ​កណ្តាល និង​ខាងកើត​នៃ​រដ្ឋ​ដែលមាន​អត្រា​ប្រជាជន​ច្រើនជាងគេ​លំដាប់​ទី3 ក្នុង​ពិភពលោក។

សម្រាប់​ខ្សែ​កា​ប្លិ៍​ទាំង2 មាន​គម្រោង​ដោយឡែក​ពីគ្នា ទី1 គឺ​ខ្សែ​កា​ប្លិ៍ Echo កំពុងតែ​ត្រូវបាន​ដំឡើង​ក្រោម​ភាពជា​ដៃគូ​ជាមួយនឹង Google របស់​ក្រុមហ៊ុន Alphabet និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌូនេស៊ី XL Axiata ហើយ​គម្រោង​នេះ គួរតែ​ដំឡើង​រួចរាល់​នៅត្រឹម​ឆ្នាំ2023។ សម្រាប់​ខ្សែ​កា​ប្លិ៍​ទី2 គឺ Bifrost នឹងត្រូវ​ដំឡើង​តាមរយៈ​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Telin ដែលជា​ក្រុមហ៊ុន​ឧបសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី Telkom និង​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​សិង្ហ​បុរី Keppel ដែល​នឹងត្រូវ​អូស​ឱ្យ​រួចរាល់​នៅត្រឹម​ឆ្នាំ2024៕

Advertisement