ខ្លាំង​មែន! Xiaomi ប្រកាស​ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដាក់លក់​លើ​ទីផ្សារ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi បាន​បង្ហោះ​សារ​ផ្លូវការ នៅលើ​គណនី Twitter របស់ខ្លួន ដើម្បី​បញ្ជាក់​ដំណឹង​នៃ​ការឈាន​ជើង​ចូល​ឧស្សាហកម្ម​ផលិត​យានយន្ត ដែល​ក្រុមហ៊ុន​ដាក់ឈ្មោះ​ឱ្យ​ថា យានយន្ត​អគ្គិសនី​ដ៏​ឆ្លាត​វៃ- Xiaomi Smart Electric Vehicles។

មុននឹង​ឈានដល់​ការប្រកាស​បែបនេះ កាលពី​ឆ្នាំ2018 ក្រុមហ៊ុន​ធ្លាប់បាន​សហការ​ជាមួយនឹង​សម្ព័ន្ធ FAW Group ផលិត​រថយន្ត​ក្នុងស្រុក អំឡុងពេល​ក្រុមហ៊ុន Bestune ប្រកាស​ចេញ​ម៉ូ​ដែល T77 Redmi SUV ក្នុងនោះ​កិច្ចព្រមព្រៀង​រវាង​រប​ស់ Xiaomi និង Bestune គឺ​ផលិត Software តែប៉ុណ្ណោះ មាន​ឈ្មោះថា Xiao AI។

រឹតតែ​ច្បាស់​ជាងនេះទៀត​នោះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ក្នុង​ទំហំ 1.5ប៊ី​លាន​ដុល្លារ​អាមេរិក​ឯណោះ ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដែល​កំពុង​ល្បី​ក្នុងស្រុក ដូចជា BYD និង Nio ជាដើម។

តែ ព័ត៌មាន​លម្អិត​បន្ថែម អំពី​ចង្វាក់​ផលិតកម្ម​ផ្ទាល់​ផ្តាច់មុខ​របស់ Xiaomi ក៏ដូចជា លក្ខណៈ​បច្ចេកទេស និង​តម្លៃ នៅ​មិនទាន់​បង្ហាញ​ចេញ​ជា​រូបរាង​ក្នុងឆ្នាំនេះ​នៅឡើយ​ទេ ដូច្នេះ​សូម​រង់ចាំ​តាម​ភាគ​បន្ត៕

Advertisement