iPad Pro គេ​ចាប់អារម្មណ៍​គ្រប់គ្នា តម្លៃ​លក់​ដំបូង​ចាប់ពី 799ដុល្លារ ដល់ 1,099ដុល្លារ

iPad Pro ជំនាន់​ថ្មី ឆ្នាំ2021 ដែល Apple ទើប​ប្រកាស​ចេញ មាន​បំពាក់​បន្ទះ​ប្រព័ន្ធ ជា​បន្ទះ​ឈី​ប M1 ដែលមាន​កម្លាំង CPU ខ្លាំង​ជាង​មុន​ដល់​ទៅ 50% និង GPU លឿន​ជាង​មុន​ដល់​ទៅ 40% នេះ​បើ​ប្រៀប​ទៅនឹង​បន្ទះ​ឈី​ប​ចាស់ A12Z ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំងណាស់។

ក្រៅពីនេះ វា​ប្រើ​រន្ធ Thunderbolt ដែល​ធ្វើឱ្យ​ល្បឿន​ផ្ទេរ​ទិន្នន័យ ឡើងដល់ 40 Gbps និង​អាច​ភ្ជាប់​ទៅនឹង​ម៉ូនីទ័រ​ខាងក្រៅ មាន​កម្រិត​បង្ហាញ 6K បាន និង​ប្រើ​ឈី​ប​ខ្លាំង​ស្រាប់ ចំណែក​ទំហំ​ផ្ទុក​ក៏​មិនតូច​ដែរ គឺ​ឡើងដល់​ទៅ 2TB និង​មាន RAM 16GB។ លើសពីនេះ​ទៀត iPad Pro មានលទ្ធភាព​ទ្រទ្រង់​ល្បឿន​អ៊ី​ន​ធើ​ណិ​ត តាម Ethernet ដល់​ទៅ 10 gigabit ផងដែរ។

iPad Pro បំពាក់​សិន​ស័​រ​កាមេរ៉ា TrueDepth ទំហំ 12MP ជា​ប្រភេទ​លេន​ស៍ ultrawide-angle ហើយ​លេន​ស៍​នេះ​ផងដែរ ក៏មាន​ចំណុច​ពិសេស ពេល​ខ​ល​វីដេអូ បើ​អ្នក​និយាយ​ម្នាក់ឯង វា​នឹង​កាត់​រូបភាព​ឱ្យចំ​កណ្ដាល ពេល​មាន​មនុស្ស​និយាយ 2នាក់ វា​នឹង​ចាប់យក​រូប​មនុស្ស ឱ្យឃើញ​ច្បាស់​ដោយ​ស្វ័យប្រវត្តិ។

កាមេរ៉ា​ក្រោយ 2គ្រាប់ នៅ​រក្សា​ទំហំ 12 MP ជា​លេន​ស៍​ដើម និង 10 MP ជា​លេន​ស៍ ultra wide និង​មាន​សិន​ស័​រ LiDAR ដែល​ដំណើរការ​លឿន​ជាមុន ដ្បិត​បាន​ជំនួយ​ពី​បន្ទះ​ឈី​ប M1 ដោយ​ធ្វើឱ្យ​វា​អាច​ដំណើរការ​មុខងារ Smart HDR 3 និង​ថត​ចាប់យក​វត្ថុ​មាន​ពន្លឺ​ទាប និង​សម្រួល​ដល់​មុខងារ autofocus បានល្អ។

ដោយឡែក Apple ប្រើ​បច្ចេកវិទ្យា​អេក្រង់​ជំនាន់​ថ្មី mini-LED ដែលជា​អេក្រង់​បង្ហាញ​ពណ៌​ដិត​បានល្អ មាន​ពន្លឺ​ខ្ពស់​ដល់ 1600nits កាត់បន្ថយ​ចំណាំង​ប្លាត​បាន​ច្រើន និង​ទ្រទ្រង់​មុខងារ HDR10, Dolby Vision និង HLG ផងដែរ។ ប៉ុន្ដែ​អេក្រង់​នេះ​មានតែ​នៅលើ iPad Pro 12.9អ៊ិ​ញ​ប៉ុណ្ណោះ ចំណែកឯ iPad Pro 11អ៊ិ​ញ គឺ​នៅ​ប្រើ​ត្រឹម​អេក្រង់ LCD ដូច​ជំនាន់​មុន​ដដែល។

Apple ឱ្យឈ្មោះ​អេក្រង់​ថ្មី​នេះ​ថា Liquid XDR display ដោយ iPad ទាំង 2ម៉ូ​ដែល​នេះ ក៏មាន​មុខងារ Promotion ដែលមាន​កម្រិត adaptive refresh rate ដល់​ទៅ 120Hz។ ចំពោះ​ផ្នែក​សេវា​វិញ iPad Pro ទ្រទ្រង់​សេវា 5G និង​មាន eSim ភ្ជាប់​មកជា​មួយ​ផងដែរ។

ក្រៅពី​មាន​កម្លាំង​ស្មើនឹង​កុំព្យូទ័រ​ហើយ តម្លៃ​របស់​វា ក៏​មិន​លើស​គ្នា​ប៉ុន្មាន​ដែរ ពោលគឺ Apple ចាប់ផ្ដើម​បើក​ឱ្យ Pre-order នៅ​ថ្ងៃ​សុក្រ ទី30 មេសា​ខាងមុខនេះ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

Advertisement