ច្បាស់​មែនទែន!  NASA បង្ហាញ​រូបភាព​ពណ៌ ថត​ពីលើ​ឧទ្ធម្ភាគចក្រ ដែល​ហោះ 2ជុំ លើ​ពិភព​ផ្កាយ​ព្រះ​អង្គារ

អង្គការ NASA របស់​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​រូបភាព​ពណ៌ ដែល​ថត​ពីលើ​ឧទ្ធម្ភាគចក្រ “Ingenuity” ដែល​​ហោះ​ឡើង​ទៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ ជា​លើក​ទី2 ថ្មីៗនេះ និង​កំពុង​ត្រៀម​ឡើង​ហោះ​ជា​លើក​ទី3 នៅ​ថ្ងៃ​ទី​២៥ មេសា។

វេ​ប​សាយ​ព័ត៌មាន CNN បាន​រាយការណ៍​ថា អង្គការ​គ្រប់គ្រង​ការហោះហើរ​អវកាស​នៃ​សហរដ្ឋអាមេរិក ឬ NASA បាន​ផ្សព្វផ្សាយ​រូបភាព​ពណ៌ ដែល​ថត​បាន​ដោយ​គ្រឿងយន្ត​ឧទ្ធម្ភាគចក្រ Ingenuity ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់ ៥ម៉ែត្រ ពីលើ​ផ្ទៃដី​នៃ​ពិភព​ផ្កាយ​ព្រះ​អង្គារ ក្នុងអំឡុង​ការសាកល្បង​ហោះ​លើក​ទី2 កាលពី​ថ្ងៃទី22 មេសា​កន្លងទៅ ដោយ​ប្រើ​ពេលវេលា​ទាំងអស់ 52វិនាទី ស៊ីពេល​យូរ​ជាង​ការហោះ​ជុំ​ដំបូង​ដល់​ទៅ 12វិនាទី។

តាមរយៈ​រូបភាព​ដែល​ថត​បាន​នេះ បានបង្ហាញ​ឱ្យឃើញ​ផ្ទៃដី​របស់​ពិភព​ផ្កាយ​ព្រះ​អង្គារ ដែល​ពេញ​ទៅដោយ​ធូលី​ដី និង​ដុំថ្ម និង​ថែមទាំង​ឃើញ​មាន​ស្នាម​កង់​របស់​គ្រឿងយន្ត​ស្រាវជ្រាវ Perseverance ដែល​នៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ​នោះ​ទៀតផង។

NASA បាន​បញ្ជាក់ថា ខណៈ​នេះ Ingenuity កំពុង​ត្រៀម​សាកល្បង​ការហោះហើរ​លើក​ទី3 នៅ​ថ្ងៃទី25 មេសា តាម​ផែន​ការហោះ​ឡើង ក្នុង​រយៈកម្ពស់ ៥ម៉ែត្រ ល្បឿន 7.2គីឡូម៉ែត្រ​ក្នុង 1ម៉ោង ចម្ងាយ​ហោះ​ត្រឡប់ 100​ម៉ែត្រ។

គ្រឿងយន្ត ឧទ្ធម្ភាគចក្រ Ingenuity នេះ មាន​ទម្ងន់ 1.8គីឡូក្រាម មានតម្លៃ 85លាន​ដុល្លារ ដោយមាន​ការនាំយក​គ្រឿង​ផ្គុំ​របស់​យន្តហោះ Wright Flyer  របស់ 2នាក់​បងប្អូន​ត្រកូល Wright ឡើងទៅ​ជាមួយ​ផងដែរ ដើម្បី​រំឭក​ពី​ហេតុការណ៍​ប្រវត្តិសាស្ត្រ​ការហោះហើរ​របស់​យន្តហោះ 1គ្រឿង​នេះ ដែល​ធ្លាប់​ហោះ​ឡើង​នៅឯ ឃី​ត​ធី ហក ក្នុង​រដ្ឋ ណត ខា​រ៉ូ​ឡៃ​ណា កាលពី​ឆ្នាំ1903។

ភាពជោគជ័យ​ក្នុងការ​ហោះហើរ​របស់​គ្រឿងយន្ត​ឧទ្ធម្ភាគចក្រ 1គ្រឿង​នេះ បានកើត​ឡើង​ក្រោម​ការសាកល្បង​ដ៏​ពិបាក ដោយសារតែ​ធាតុអាកាស​នៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ មាន​សភាព​ក្រាស់​ណែន​ទាប​ជាង​នៅលើ​ផែនដី​ខ្លាំង ជាហេតុ​បណ្ដាលឱ្យ​កង្ហារ​របស់​គ្រឿងយន្ត ត្រូវ​ច្នៃ​ម៉ូដ​ឡើង​យ៉ាង​ពិសេស ដើម្បីឱ្យ​អាច​វិល​បាន​លឿន​ជាង ទើប​អាច​ហោះ​ឡើង​បាន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement