ដើមឆ្នាំ2021 Samsung នៅតែ​ឈរ​លេខ1 លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន បាន​ច្រើនជាងគេ​បំផុត

ក្រុមហ៊ុន Samsung បាន​ហក់​ឡើងមក​ឈរលើ​គេ ក្នុង​លេខ1 លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន បាន​ច្រើនជាងគេ​បំផុត គិត​ត្រឹម 3ខែ ដើមឆ្នាំ2021(ត្រីមាស1)។

ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន  Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុន​កូរ៉េខាងត្បូង​នេះ បាន​នាំចេញ​ទូរស័ព្ទ សរុប​ទាំងអស់​ប្រមាណ​ជា 77លាន​គ្រឿង​ឯណោះ និង​មាន​ចំណែក​ទីផ្សារ​ខ្ទង់ 23%។ បើ​ធៀប​នឹង​ត្រីមាស​ទី1 ឆ្នាំ2020 យើង​ឃើញថា នេះ​ជា​ចំនួន​កើនឡើង​ដ៏​ប្រសើរ​មួយ ព្រោះ​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​ខាងលើ នាំចេញ​បាន​ត្រឹម​ខ្ទង់ 58លាន​គ្រឿង​ប៉ុណ្ណោះ។

Apple វិញ​បាន​ត្រឡប់​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ2 ដោយបាន​នាំចេញ​ទូរស័ព្ទ​ឆ្លាត​វៃ​សរុប​ខ្ទង់ 57 លាន​គ្រឿង និង​មាន​ចំណែក​ទីផ្សារ​ខ្ទង់ 17% ដែល​ចំនួន​លក់​ចេញ​របស់គេ​នេះ ក៏​កើនឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​ដែរ ពោលគឺ ឆ្នាំមុន​គិត​ត្រឹម​ពេល​ដូចគ្នា​នោះ គេ​លក់​ចេញ​បាន​ខ្ទង់ 39លាន​គ្រឿង​ប៉ុណ្ណោះ។

ក្រៅពី Samsung និង Apple វិញ Xiaomi បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ3 ដោយបាន​លក់​ចេញ​ដល់​ទៅ 49លាន​គ្រឿង មាន​ចំណែក​ទីផ្សារ 15% កើនឡើង​ស្ទើរតែ​ជិត 2ដង​ឯណោះ បើ​ធៀប​នឹង​ចំនួន​លក់ ដែល​ក្រុមហ៊ុន​នេះ​ធ្វើបាន​ក្នុង​ឆ្នាំមុន។ ចំណែក OPPO និង vivo តំណែង​លេខ4 និង​លេខ5 ដោយ​ក្រុមហ៊ុន​ទាំង2នេះ មាន​ចំណែក​ទីផ្សារ 11% ដូចគ្នា ប៉ុន្តែ​ចំនួន​លក់​គឺ OPPO ច្រើនជាង​បន្តិច​ដោយ​លក់បាន​ខ្ទង់ 38លាន​គ្រឿង ខណៈពេល vivo លក់បាន​ខ្ទង់ 37លាន​គ្រឿង តែ​ឆ្នាំនេះ​គ្មាន​វត្តមាន​របស់ Huawei ទេ។

រំឭក​ផងដែរ​ថា កាលពី ៣ខែ ចុងឆ្នាំ២០២០ (ត្រីមាស​ទី4) កន្លងទៅ Apple ធ្វើ​បានល្អ​មែនទែន ក្លាយជា​ក្រុមហ៊ុន​លក់​ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​ច្រើនជាងគេ នៅក្នុង​ទីផ្សារ​សកល​ទាំងមូល ហើយ​ក្នុងនោះដែរ ក្រុមហ៊ុន​ដែល​ធ្លាប់​ឈរ​លេខ1 ពោលគឺ Samsung ត្រូវបាន​ធ្លា​ក់នៅ​លេខ2 វិញ៕

Advertisement