Microsoft ជា​អ្នក​ផលិត​វ៉ែនតា AR ផ្តាច់មុខ​ឱ្យ​កងទ័ព​អាមេរិក ក្នុងតម្លៃ​ជាង 21ប៊ី​លាន​ដុល្លារ

កាលពីពេលថ្មីៗនេះ Microsoft ត្រូវបាន​គេ​រាយការណ៍​ថា បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តាច់មុខ ដែល​នឹង​ផលិត​និង​ផ្គត់ផ្គង់​វ៉ែនតា AR ជាមួយ​បច្ចេកវិទ្យា HoloLens ផ្ទាល់​របស់ខ្លួន​ដល់​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​ចំនួន​រហូតដល់​ទៅ 12ម៉ឺន​គ្រឿង​ឯណោះ។

ក្នុង​កិច្ចព្រមព្រៀង​ទឹកប្រាក់​ដែល Microsoft ទទួលបាន​លើ​ការផ្គត់ផ្គង់​វ៉ែនតា AR ប្រមាណ​ជា 21ប៊ី​លាន​ដុល្លារ​រយៈពេល 10ឆ្នាំ។

ក្រុមហ៊ុន Microsoft ដែលមាន​ជំនាញ​ខ្ពស់​ខាង​បង្កើត Software បាន​សម្ងំ​អភិវឌ្ឍ Hololends អស់​ជាច្រើន​ឆ្នាំ​មកហើយ។ វ៉ែនតា AR របស់ Microsoft នឹង​ក្លាយជា​ជំនួយការ​ដល់​កងទ័ព​អាមេរិក នៅក្នុង​សមរភូមិ ដោយ​ផ្នែក​ផ្ទៃ​កញ្ចក់​អេក្រង់ នៅលើ​ឧបករណ៍ HoloLens គឺមាន​ភ្ជាប់​មក​នូវ​ត្រីវិស័យ សម្រាប់​បង្ហាញ​ទិសដៅ ទៅកាន់​តំបន់​ណាមួយ និង​អាចធ្វើ​ការបង្ហាញ​ពី​ទីតាំង របស់​កងទ័ព​ណាមួយ ទៅឱ្យ​មិត្ត​កងទ័ពផ្សេងៗ បាន​ទៀតផង។

វា​ក៏​អាច​បង្ហាញ​ជា​និមិត្តសញ្ញា សំដៅ​ទៅកាន់​ទីតាំង​ណាមួយ ដែល​កងទ័ព​បាន​តម្រង់​កាំភ្លើង​ទៅកាន់​ទីនោះ​បាន​ផងដែរ ដើម្បី​ជួយ​ឱ្យ​បាញ់​ចំ​គោលដៅ​ត្រឹមត្រូវ​ល្អ ឯ​កញ្ចក់​អេក្រង់​នោះ គឺជា​ប្រភេទ FLIR មើល​យប់​បាន​ទៀត។

ដូច្នេះ វ៉ែនតា HoloLens អាចជួយ​ឱ្យ​កងទ័ព​អាមេរិក មើល​នៅពេល​ងងឹត ឬ​ក្នុង​ទី​ងងឹត​បាន (Night Vision) និង​អាច​មើលឃើញ​សត្រូវ​បាន នៅក្នុង​តំបន់​ព្រៃ និង​ពេល​មាន​ផ្សែង​ច្រើន ជាដើម​ទៀតផង៕

Advertisement