ក្រុមហ៊ុន Google រក​ចំណូល​កើន​ជាង 30% ពី​ការលក់​ពាណិជ្ជកម្ម ឬ Ad​ របស់ខ្លួន

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក Ruth Porat នាយក​ហិរញ្ញវត្ថុ​របស់​ក្រុម Alphabet បានបង្ហាញ​ឱ្យឃើញថា ក្រុមហ៊ុន Alphabet ម្ចាស់ Google រកបាន​ប្រាក់ចំណេញ​ប្រចាំត្រីមាស លើសពី​ការរំពឹងទុក និង​បានប្រកាស​ពី​ការទិញ​ភាគហ៊ុន​ត្រឡប់មកវិញ​ក្នុង​ទំហំ​ទឹកប្រាក់ 50ពាន់​លាន​ដុល្លារ ខណៈដែល​សេដ្ឋកិច្ច​កំពុងតែ​រើ​ឡើងវិញ និង​មានការ​កើនឡើង​លើ​ការប្រើប្រាស់​សេវា​អន​ឡាញ បូក​រួមទាំង​ការកើនឡើង​នូវ​ការលក់​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ Cloud។

លទ្ធផល​ទាំងនេះ ឆ្លុះបញ្ចាំង​ពី​សកម្មភាព​តាម​អន​ឡាញ​របស់​អ្នកប្រើប្រាស់ និង​នៅក្រៅ​ប្រទេស ដែល​ផ្អែកទៅលើ​ការកើនឡើង​លើ​ប្រាក់ចំណេញ​ពី​ពាណិជ​កម្ម។

ការលក់​ពាណិជ្ជកម្ម ឬ Ad របស់ Google បាន​កើនឡើង 32%ក្នុង​ត្រីមាស​ទី1 បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី 1ឆ្នាំមុន ពោលគឺ​កើនឡើង​ហួស​ពី​ការរំពឹងទុក។ ការលក់ Cloud បាន​កើនឡើង៤៥,៧% ដែល​ដូច​ការរំពឹងទុក។

នេះ គឺជា​សញ្ញា​ដំបូង​ដែល​បង្ហាញថា សេវា Google ទទួលបាន​ការប្រើប្រាស់​ច្រើន ដោយសារតែ​ការបិទ​ខ្ទប់​តំបន់​នានា និង​ការ​រឹតត្បិត​នានា​ជុំវិញ​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ-19 ដែល​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ទំនិញ និង​ទំនាក់ទំនង​គ្នា​តាម​អន​ឡាញ​ច្រើន ក្នុង​រយៈពេល 1ឆ្នាំ​មកនេះ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Alphabet បាន​កើនឡើង​ប្រមាណ​ជា 4.7% ពោលគឺ​ក្នុង​ទំហំ​ទឹកប្រាក់ 2,398.61ដុល្លារ​ក្នុង 1ហ៊ុន ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​របស់ខ្លួន៕

Advertisement