រុស្ស៊ី នៅ​មិន​សុខ ដាក់​គម្រោង​ចង់​សង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន

ទីភ្នាក់ងារ​អវកាស​ប្រទេស​រុស្ស៊ី បានឱ្យដឹងថា រុស្ស៊ី​សង្ឃឹម​នឹង​អាចបង្កើត​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន នៅ​ឆ្នាំ2025។ គម្រោង​នេះ​ត្រូវបាន​គេ​ដឹង បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ ចង់​ដកខ្លួន​ចេញពី​កម្មវិធី​ស្ថានីយ​អវកាស​អន្តរជាតិ។

ស្ថានីយ​អវកាស​អន្តរជាតិ ISS ត្រូវបាន​សាងសង់ឡើង​ម្ដងបន្តិចៗលើ​លំហ​អវកាស និង​ចំណាយពេល​អស់​រយៈពេល​ជាង 2ទសវត្សរ៍ ទើប​រួចរាល់​ដោយ​ជោគជ័យ ក្រោម​កិច្ចសហប្រតិបត្តិការ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ រវាង​រុស្ស៊ី​ខ្លួនឯង, សហរដ្ឋអាមេរិក, ជប៉ុន, បណ្ដា​ប្រទេស​អឺរ៉ុប​ជាច្រើន​ដូចជា៖ ស៊ុយអែត, កាណាដា និង​អេ​ស្ប៉ា​ញ​ជាដើម។

លោក Dmitry Rogozin កំពុងកាន់​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី បានឱ្យដឹងថា៖ «ការងារ​យើង​បានចាប់ផ្តើម​ហើយ លើ​ការអភិវឌ្ឍ​កំណាត់​បន្ទប់​ដំបូង វា​អាច​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ទី​អវកាស​បាន​នៅ​ឆ្នាំ2025 ខាងមុខនេះ»

អ្នក​ទាំងអស់គ្នា​ច្បាស់​ជា​បានដឹង​រូ​ច​មកហើយ​ថា ការសាងសង់​ស្ថានីយ​អវកាស នឹងត្រូវ​ចំណាយ​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​មហាសាល។ គិត​មកទល់ពេលនេះ ISS ខាងលើ មាន​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ​មកហើយ យ៉ាងណាមិញ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​បញ្ជាក់ថា វា​អាច​ប្រើប្រាស់​ដល់​ឆ្នាំ2024 និង​បន្ត​យូរ​ឆ្នាំ​ទៀត​បាន៕

Advertisement