Guru និង Motorola ចាប់ដៃគ្នា ផលិត​បច្ចេកវិទ្យា mmWave សាក​ថ្ម​តាម​ខ្យល់ ឥត​ខ្សែ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola កំពុងធ្វើការ​ជាមួយ GuRu ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ និង​សាក​ថ្ម​ដោយ​មិនចាំបាច់​ប៉ះ​ឧបករណ៍​ផ្ទាល់​ទៀតផង និយាយ​ឱ្យ​ងាយ​ស្ដាប់ គឺ​សាក​ថ្ម​ក្នុង​លម្ហ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង 1ម៉ែត្រ។

GuRu Wireless Inc.គឺជា​ក្រុមហ៊ុន Innovation មួយ​បង្កើតឡើង​នៅ​ឆ្នាំ2017 មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ឥត​ខ្សែ។ ក្រុម​វិស្វករ​របស់​ពួកគេ​អាច​ផលិត​បាន​ឧបករណ៍ និង​រកឃើញ​ពី​របៀប​ធ្វើឱ្យ​ឧបករណ៍​ទាំងនោះ​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ទៀតផង។

អ្នកតំណាង​របស់ GuRu បាន​អះអាងថា បច្ចេកវិទ្យា​របស់​ពួកគេ RF Lensing technology មានលទ្ធភាព​អាចធ្វើឱ្យ​ឧបករណ៍​ក្នុង​ចម្ងាយ 9ម៉ែត្រ អាច​បញ្ជូន​ថាមពល​ថ្ម ទៅកាន់​ឧបករណ៍​ដទៃ​ដោយ​ប្រើ​បច្ចេកវិទ្យា mmWave។

បច្ចេកវិទ្យា​នេះ ក្រៅពី​ប្រើ​សម្រាប់​សាក​ថ្ម​ទៅកាន់​ស្មា​ត​ហ្វូ​ន​ហើយ ក៏​អាច​ប្រើ ដើម្បី​ផ្គត់ផ្គង់​ថាមពល​ទៅកាន់​ទូរទស្សន៍ ដែលជា​ឧបករណ៍​មិន​ប្រើ​ថាមពល​ថ្ម​បាន​ផង​ផែរ។ ចំពោះ​ការប្រើប្រាស់​វិញ វា​មាន​ភាពងាយស្រួល​ណាស់ ដោយ​គ្រាន់តែ​បំពាក់​វា​លើ​ពិតាន រីឯ​ការ​ចែកចាយ​ថាមពល​ថ្ម គឺ​ដូចនឹង​ស្មា​ត​ហ្វូ​ន ដែល​ចាប់យក​សេវា Wi-Fi ដូច្នោះ​ដែរ។ ទោះយ៉ាងណា Motorola និង GuRu មិនបាន​បញ្ជាក់ថា បច្ចេកវិទ្យា​នេះ​នឹងត្រូវ​បញ្ចេញ​ទៅកាន់​ទីផ្សារ​នៅពេលណា​នៅឡើយ​ទេ។ ប៉ុន្ដែ​អ្នកជំនាញ​ឌីជីថល​បាន​ព្យាករ​ថា អ្នកប្រើប្រាស់​ប្រហែលជា​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ 2 ទៅ 3ឆ្នាំ​ទៀត មុន​ការស្រាវជ្រាវ​ផលិត​ត្រូវ​បញ្ចប់។

បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ ត្រូវបាន​គេ​សង្កេតឃើញ​មាន​លើ​នៅលើ​ទីផ្សារ រយៈពេល 2-3ឆ្នាំ​មកហើយ ប៉ុន្តែ​វា​មិនទាន់​ងាយស្រួល 100%នៅឡើយ ដោយសារតែ​ការ​សាក​ថ្ម​ឥត​ខ្សែ នៅតែ​ត្រូវការ​ខ្សែ និង​ឧបករណ៍​ភ្ជាប់​ទៅកាន់​ស្មា​ត​ហ្វូ​ន​ដដែល វា​មិនអាច​សាក​ថ្ម​ពី​ចម្ងាយ​បានទេ។

កន្លងមក ក៏​ធ្លាប់មាន​ក្រុមហ៊ុនផ្សេងៗ បានបង្ហាញ​មហិច្ឆតា​ផលិត​វា​ដែរ ដូចជា Xiaomi ប្រកាស Mi Air Charge កាលពី​ខែមករា និង Oppo ប្រកាស Wireless Air Charging កាលពី​ខែកុម្ភៈ ប៉ុន្ដែ​មិនមាន​ក្រុមហ៊ុន​ណាមួយ បញ្ចេញ​វា​មកកាន់​ទីផ្សារ​នៅឡើយ​ទេ៕

Advertisement