(វីដេអូ)-ទាហានសហរដ្ឋអាមេរិក ​មាន​​បំពាក់​កែវ​យឹត​ពិសេស «មើល​ពេល​យប់​ ឃើញ​ដូច​ពេល​ថ្ងៃ»

ទាហាន​សហរដ្ឋអាមេរិក ប្រើប្រាស់​កែវយឹត​រាត្រី ENVG-B បង្ហាញ​វត្ថុ​នានា​ដែល​ស្ថិតក្នុង​ទី​ងងឹត ឱ្យមើល​ឃើញច្បាស់ ជាមួយនឹង​ខ្សែ​រស្មី​ព័ទ្ធជុំវិញ​រូបភាព យ៉ាង​លម្អិត ប្រៀប​ដូច​នៅក្នុង​ហ្គេម​អេឡិចត្រូនិក។

សារព័ត៌​អាមេរិក កាលពី​ថ្ងៃទី24 ខែឧសភា ឆ្នាំ 2021 បាន​ចុះផ្សាយ​វីដេអូ ដែលមាន​ប្រភពពី​កងទ័ព បង្ហាញ​ពី​ក្រុម​ទាហាន​ប្រទេស​នេះ ប្រើប្រាស់​កែវយឹត​សម្រាប់​មើល​ពេលយប់​ជំនា​ក់​ថ្មី ដែលមាន​ឈ្មោះថា ENVG-B។ តាមរយៈ ENVG-B គេ​អាច​មើលឃើញ​រូបភាព​ក្នុង​ស្បៃ​រាត្រី បាន​យ៉ាងច្បាស់ ដោយមាន​ជំនួយ​ពី​ខ្សែ​ពន្លឺ​ដ៏​ភ្លឺ ដែលជា​ស៊ុម​ព័ទ្ធជុំវិញ​រូបភាព នៅលើ​ផ្ទៃ​ទិដ្ឋភាព​ពណ៌​ក្រហម-ប្រផេះ។

នៅក្នុង​វីដេអូ​នេះ ក្រុម​ទាហាន​អាមេរិក និង​ទិដ្ឋភាព​នានា ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់ ដោយ​កែវយឹត ENVG-B បើទោះជា​ពួកគេ​កំពុង​បញ្ចូល​គ្រាប់កាំភ្លើង​ធំ M777 នៅក្នុង​ទី​ងងឹត។ គ្រាប់កាំភ្លើង​ដែល​បាន​បាញ់​ចេញ ត្រូវបាន​មើលឃើញ​ច្បាស់ ដោយ​វា​បង្ហាញ​ពន្លឺ​ពណ៌​ខៀវ-ប្រផេះ។

ក្រុមមន្ត្រី​ការពារជាតិ បានឱ្យដឹងថា ENVG-B គឺជា​ផលិតផល​នៃ​កម្មវិធី​ទំនើបកម្ម​សព្វាវុធ ដែល​ត្រូវបាន​អភិវឌ្ឍ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ក្រុមហ៊ុន Elbit Systems of America។ ENVG-B អាច​ត្រូវបាន​បំពាក់​លើ​មួកសុវត្ថិភាព​របស់​ទា​ហាន។

ENVG-B គឺជា​កំណែ​ថ្មី​នៃ​កែវយឹត​រាត្រី​ជំនា​ក់​មុន​របស់​កងទ័ព​អាមេរិក ដោយ​វា​ត្រូវបាន​បំពាក់​ប្រព័ន្ធ​ស្កេ​ន​កំដៅ​រូបភាព (Thermal imaging systems) និង​ប្រព័ន្ធ​បង្កើន​ភាពជាក់ស្ដែង (Augmented reality) ដែល​ច្នៃ​ឡើង​ដោយ​ប្រើប្រាស់​មូលដ្ឋាន​នៃ​បច្ចេកវិទ្យា​នៅលើ​ទូរស័ព្ទ និង​ម៉ាស៊ីន​លេង​ហ្គេម។

កន្លងមក កែវយឹត​រាត្រី​បុរាណ​របស់​កងទ័ព​អាមេរិក បង្ហាញ​រូបភាព​នៅលើ​ផ្ទៃ​ពណ៌​បៃតង ដែល​នេះ​អាចធ្វើឱ្យ​ចុក​រោយ​ភ្នែក និង​អស់កម្លាំង បើសិន​ប្រើប្រាស់​យូរ។ ចំណែក ENVG-B ផ្ដល់​រូបភាព​ច្បាស់​ជាង និង​ជួយ​ឱ្យ​ទាហាន​មាន​ភាពងាយស្រួល​ក្នុងការ​មើលឃើញ​សត្រូវ​នៅ​ខាងក្រោយ​ផ្សែង និង​ក្នុងស្ថានភាព​អាកាសធាតុ​មិនល្អ។

ENVG-B ថែមទាំង​មាន​មុខងារ​បង្ហាញ​ផែនទី ប្រព័ន្ធ​នាំ​ផ្លូវ និង​តំណ​ភ្ជាប់​ឥត​ខ្សែ ជួយ​ឱ្យ​ក្រុម​ទាហាន ងាយស្រួល​ចែករំលែក​ទីតាំង​របស់​សត្រូវ​ដែល​ពួកគេ​បានឃើញ។

«ជាមួយនឹង​កំណែ​មុន​របស់ ENVG-B អ្នក​ស្ទើរតែ​មិនអាច​មើលឃើញ​អ្វី នៅពេល​មាន​គ្រាប់បែក​ផ្ទុះ ឬ​មាន​ពន្លឺ​ដ៏​ខ្លាំង​អ្វីមួយ​បង្ហាញខ្លួន។ ចំណែក ENVG-B វិញ មាន​បំពាក់​ប្រព័ន្ធ​លៃ​ពន្លឺ ដូច្នេះ អ្នក​អាច​ប្រើ​វា​បាន​ក្នុងពេល​មាន​ពន្លឺ​ខ្លាំង​កំពុង​ជះ​មក» នេះ​បើតាម Daniel Mathews មន្ត្រី​យោធា​មួយរូប ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​របស់​កងពល​តូច​ថ្មើរជើង​លេខ2 នៃ​កងពលធំ​ថ្មើរជើង​លេខ2 របស់​កងទ័ពជើងគោក​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Elbit បាន​ចុះ​កិច្ចព្រមព្រៀង ផ្គត់ផ្គង់​កែវយឹត​រាត្រី ENVG-B ដែលមាន​តម្លៃ​សរុប 442លាន​ដុល្លារ ទៅឱ្យ​កងទ័ព​សហរដ្ឋអាមេរិក និង​បាន​ផ្ដើម​ប្រគល់​ផលិតផល ចាប់ពី​ឆ្នាំ2020៕

ប្រភព៖ Washington Post
ប្រែ​សម្រួល៖ បុត្រា

Advertisement